កីឡាអន្តរជាតិ
អន្តរជាតិ
ប៉ូលិសប្រកាសផ្លូវការថា សាកសពក្នុងបំណែកយន្តហោះ គឺកីឡាករ Sala រូបថត AFP
× «សាកសពដែលត្រូវបានយកមកកាន់ផែ Portland នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវការ ថាជាកីឡាករបាល់ទាត់អាជីព Emiliano Sala»។ នេះបើតាមសេចក្តីប្រកាសរបស់ប៉ូលិសអង់គ្លេស។
សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍ ភ្នាក់ងារស៊ើបអង្កេតគ្រោះថ្នាក់ផ្លូវអាកាស (AAIB) របស់អង់គ្លេស បានរកឃើញសាកសពមួយនៅក្រោមបាតសមុទ្រ ក្នុងបំណែកយន្តហោះ ដែលបានផ្ទុកកីឡាករបាល់ទាត់អាហ្សង់ទីន Emiliano Sala និងពីឡុតឈ្មោះ David Ibbotson តាមប្រព័ន្ធវីដេអូ ROV (Remotely Operated Vehicle)។
ប៉ូលិសបានប្រើពេលប្រមាណ៤ថ្ងៃដើម្បី យកយកសាកសពចេញពីបាតសមុទ្រ មុននឹងឈានដល់កំណត់អត្តសញ្ញាណ។
យន្តហោះដែលដឹក Sala ក្នុងដំណើរពីក្រុង Nantes ទៅ Cardiff បានបាត់ខ្លួនកាលពីថ្ងៃទី២១ ខែមករា។ Sala អាយុ២៨ឆ្នាំ ទើបតែបញ្ចប់ការផ្ទេរពី Nantes នៃក្របខណ្ឌ Ligue 1 ដោយក្លាយជាកីឡាករតម្លៃខ្លួនខ្ពស់ជាងគេនៅ Cardiff នៅក្របខណ្ឌ Premier League ក្នុងតម្លៃប្រមាណ១៩លានដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com