កីឡាជាតិ
ជាតិ
AFF U22៖ ថៃ ជា​ក្រុម​ដែល​ត្រូវ​ប៉ះ​កម្ពុជា​នៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ
21, Feb 2019 , 5:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​វៀតណាម និង​ថៃ បានបញ្ចប់​ការប្រកួត​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​សម្រាប់​ការប្រកួត​ចុងក្រោយ​របស់​ពួកគេ​នៅក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF U22 Championship នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ក្រោយ​ប្រកួត​បី​លើក​នៅក្នុង​ពូ​ល ក្រុម​ទាំងពីរ​ទទួលបាន​ពិន្ទុ​៧​ពិន្ទុ​ស្មើគ្នា ប៉ុន្តែ​វៀតណាម​ឈរ​លេខ​មួយ ដោយ​លើស​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទីមួយ​គ្រាប់​។​



​ក្នុងនាម​ជា​ក្រុម​លេខ​មួយ​ក្នុង​ពូ​ល A វៀតណាម​ត្រូវ​រង់ចាំ​មើល​គូប្រជែង​របស់ខ្លួន​នៅក្នុង​ពូ​ល B ដែលមាន​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​មី​យ៉ាន់​ម៉ា ត្រូវ​ប្រជែង​គ្នា ខណៈ​ថៃ​ដែល​បាន​តំណែង​លេខ​២ ពូ​ល A ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​កម្ពុជា នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ កម្ពុជា​ឈ្នះ​ទាំង​ពីរលើក ដោយ​ធានាបាន​ទីតាំង​កំពូល​នៅ​ពូ​ល B​។​

​ទី​ម័​រ​ខាងកើត និង​ហ្វីលីពីន ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល A ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ខណៈ​ជំនួប​ពូ​ល B វា​ជាការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​។​

​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៤ ខែកុម្ភៈ​៕


Tag:
 AFF U22
© រក្សាសិទ្ធិដោយ thmeythmey.com