ជាតិ
ពីនេះ ពីនោះ
«ច្បាប់, នីតិ និងវិន័យ» តើមានលក្ខណៈខុសគ្នាដូចម្តេច?
× វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យ «ច្បាប់» ថាជាសេចក្តីបញ្ញត្តិ និងក្បួនប្រដៅឲ្យមនុស្សប្រព្រឹត្តល្អ។ «និតី» ជាបែបផែន ទំនឹមទំនៀម ប្រពៃណី។ ចំណែក «វិន័យ» មានន័យថា ការដឹកនាំមនុស្សទៅរកផ្លូវល្អ។
«ច្បាប់» ជាក្រឹត្យក្រម, ក្បួនប្រដៅមនុស្សឲ្យប្រព្រឹត្តអំពើល្អ និងជាគំរូ សម្រាប់ជាផ្លូវត្រួសត្រាយមនុស្សឲ្យប្រតិបត្តិតាម។ ច្បាប់ បង្ហាញពីបែបយ៉ាង, តួយ៉ាង និងគំរូ និងសេចក្តីដើម។
«នីតិ» មានន័យថា ឧបាយជាគ្រឿងណែនាំ, បែបផែន, ជាទំនឹមទំនៀម, ប្រពៃណី។ ឧទាហរណ៍៖ នីតិកម្ម(ការធ្វើច្បាប់, សិទ្ធិតែងច្បាប់, អង្គច្បាប់សម្រាប់រដ្ឋនីមួយៗ), នីតិកាល(រយៈពេលដែលសភាអ្នកតែងតាំងច្បាប់), នីតិបុគ្គល(អ្នករៀបរៀងច្បាប់), នីតិប្បញ្ញតិ្ត(ការបង្គាប់ឲ្យធ្វើតាមច្បាប់ដែលតែងមក), នីតិក្រម(ទម្រង់របស់ច្បាប់គឺសម្រាប់ចៅក្រមត្រូវអង្កេតពិនិត្យ សាកសួរពីបទល្មើសផ្សេងៗ) ជាដើម។
ចំណែក «វិន័យ» ការដឹកនាំទៅរកផ្លូវល្អ; ច្បាប់, ច្បាប់បញ្ញត្តឬច្បាប់អនុញ្ញាត, ច្បាប់ប្រដៅឲ្យប្រព្រឹត្តត្រឹមត្រូវ; ច្បាប់ប្រដៅឲ្យសង្រួមកាយវាចាឲ្យត្រឹមត្រូវ; ឲ្យចុះបែបបទ; ឲ្យមានសណ្ដាប់ធ្នាប់ល្អ; ច្បាប់សម្រាប់បព្វជិត : កាន់វិន័យ, ធ្វើតាមវិន័យ, ខុសវិន័យ។ និយាយឲ្យខ្លីទៅ «វិន័យ» មានន័យថា ក្បួនប្រដៅមនុស្សឲ្យប្រព្រឹត្តិល្អ ទាំងកាយ ចិត្ត និងវាចា។ ឧទាហរណ៍៖ ការមានវិន័យល្អ នាំឲ្យយើងជោគជ័យគ្រប់ភារកិច្ច៕
© រក្សាសិទ្ធិដោយ thmeythmey.com