ជាតិ
សុខភាព
បើគ្មានករណីចាំបាច់ ស្ត្រីមិនគួរសម្រាលកូនដោយការវះកាត់ ដែលអាចប្រឈមគ្រោះថ្នាក់ច្រើន
× ភ្នំពេញ៖ «ការសម្រាលកូនដោយវះកាត់ គួរធ្វើឡើងនៅពេលសុខភាពម្តាយនិងទារកខ្សោយ ឬក្នុងករណីចាំបាច់មួយចំនួនដូចជា ទារកខ្សោយអស់ទឹកភ្លោះ, កូនដំបូងបញ្ច្រាស, ការបែកទឹកភ្លោះយូរ, មាត់ស្បូនមិនបើក, កូនទទឹងពោះ, ការឈឺពោះយូរ និងកូនថ្លោសពេកជាដើម»។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ប៉ិច សុធី ដែលចង់ឲ្យស្ត្រីពិចារណាជ្រើសរើសយកការសម្រាលកូនដោយធម្មជាតិ បើមិនមានករណីចាំបាច់ណាមួយដូចខាងលើ។ បើតាមលោកវេជ្ជបណ្ឌិត ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យ ការសម្រាលកូនដោយវះកាត់ធ្វើឲ្យស្ត្រីអស់ឈាមច្រើន, ពិបាកថែទាំ, ត្រូវសម្រាកនៅពេទ្យយូរ ហើយអាចមានបញ្ហាប្រឈមក្នុងពេលមានផ្ទៃពោះលើកក្រោយជាដើម។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកនាងទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ិច សុធី ប្រធានមន្ទីរពហុព្យាបាលសម្ភពសោភាមានជ័យដូចតទៅ៖
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកវេជ្ជបណ្ឌិត ប៉ិច សុធី បានអះអាងថា ការសម្រាលកូនដោយធម្មជាតិ អាចឲ្យកូនមានសុខភាពល្អ និងទទួលបាននូវភាពស៊ាំខ្ពស់ ដោយសារទទួលបានបាក់តេរីល្អៗពីម្ដាយពេលសម្រាលតាមធម្មជាតិ។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុធី ក៏បានជំរុញឲ្យវេជ្ជបណ្ឌិតឯកទេសសម្ភព ចូលរួមលើកទឹកចិត្តស្ត្រីដែលអាចមានសុខភាពធម្មតា ឲ្យមានកម្លាំងចិត្តតស៊ូសម្រាលកូនដោយធម្មជាតិ ដើម្បីកាត់បន្ថយការសម្រាលកូនដោយវះកាត់។ យ៉ាងណាវេជ្ជបណ្ឌិត សុធី អះអាងថា ទាំងការសម្រាលកូនតាមធម្មជាតិ និងការវះកាត់ សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិម្យ៉ាងម្នាក់៕
Tag:
សម្រាល
វះកាត់
សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com