ជាតិ
សង្គមជាតិ
៧មករា ស្ថិតក្នុងចំណោមពិធីបុណ្យចំនួន៥ ដែលអាចបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិត រូបថត AFP
× ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១២ ខែមករា បានចេញព្រះរាជក្រឹត្យមួយស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៅកម្ពុជា។ ព្រះរាជក្រឹត្យ បានកំណត់យកពិធីបុណ្យចំនួន៥ដែលអាចស្នើសុំការបន្ធូរបន្ថយ និងការលើកលែងទោស។
ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧មករា) ស្ថិតក្នុងចំណោមពិធីបុណ្យទាំង៥ដែលរដ្ឋាភិបាលស្នើសុំសម្រាប់ការបន្ធូរបន្ថយ និងការលើកលែងទោស។ ពិធីបុណ្យផ្សេងទៀត មាន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
បន្ថែមពីលើនេះ ព្រះរាជក្រឹត្យបានបញ្ជាក់ថា ការបន្ធូរបន្ថយ និងការលើកលែងទោស ក៏អាចធ្វើផងដែរសម្រាប់ពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ ហើយក៏អាចធ្វើសម្រាប់ពិធីបុណ្យនីមួយៗខាងលើដាច់ដោយឡែក ឬរួមគ្នា។
ព្រះរាជក្រឹត្យ មានគោលដៅធ្វើសមាហរណកម្មទណ្ឌិត ឲ្យចូលទៅរួមរស់ក្នុងសង្គមវិញឬក្នុងគោលបំណងផ្នែកមនុស្សធម៌ចំពោះទណ្ឌិតដែលត្រូវបានវាយតម្លៃថា មានកម្រិតកែប្រែខ្ពស់ ឬទណ្ឌិតដែលមានវ័យចាស់ជរា ស្ត្រីមានគភ៌ អ្នកមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាព ដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យ ហើយទទួលស្គាល់ដោយសមត្ថកិច្ច។
ព្រះរាជក្រឹត្យនេះ មានវិសាលភាពគ្របដណ្ដប់ទៅលើការបន្ធូរបន្ថយទោស និងលើកលែងទោស ចំពោះទណ្ឌិតទាំងអស់ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយសាលក្រម ឬសសាលដីកាស្ថាពររបស់តុលាការកម្ពុជា និងចំពោះទណ្ឌិត ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ដោយអំណាចតុលាការនៃរដ្ឋបរទេស ប៉ុន្តែត្រូវបានបញ្ជូនឲ្យមកអនុវត្តទោសនៅកម្ពុជា ដោយផ្អែកតាមការព្រមព្រៀងរវាងកម្ពុជា និងរដ្ឋបរទេស។
មាត្រា៧ចែងថា ទណ្ឌិតដែលអាចទទួលការបន្ធូរបន្ថយទោស លុះត្រាតែបានទទួលរងទោស១/៣នៃទោសដាក់ពន្ធនាគារដែលតុលាការបានកំណត់ រីឯអ្នកទោសជាប់ពន្ធនាគារមួយជីវិត ត្រូវទទួលរងទោស១០ឆ្នាំជាមុនសិន៕ Tag:
ច្បាប់
ទណ្ឌិត
លើកលែងទោស
© រក្សាសិទ្ធិដោយ thmeythmey.com