ជាតិ
សង្គមជាតិ
ពលករ៤នាក់ដែលព្យាបាលនៅពេទ្យបង្អែកបន្ទាយមានជ័យ ជាសះស្បើយពីកូវីដ-១៩ អភិបាលខេត្តបន្ទាយមានជ័យពេលចុះពិនិត្យកន្លែងចត្តាឡីស័កកន្លងមក។ រូបថត រដ្ឋបាលខេត្ត
× ក្រសួងសុខាភិបាលនាថ្ងៃទី២៥ ខែមករានេះ បានប្រកាសអ្នកជាសះស្បើយចំនួន៤នាក់ដែលជាពលករមកពីប្រទេសថៃ។ ករណីពលករដែលជាសះស្បើយចំនួន៤នាក់នេះ ធ្វើឲ្យពលករជាសះស្បើយសរុបចំនួន៤៤នាក់ ក្នុងចំណោមពលករចំនួន៨២នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីជាសះស្បើយចំនួន៤នាក់នៅថ្ងៃនេះ ក្នុងនោះជាស្ត្រី៣នាក់ ដែលនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលមានអាយុចន្លោះពី២៥ឆ្នាំទៅ២៦ឆ្នាំ និងបុរសម្នាក់ទៀតមានអាយុ៣៣ឆ្នាំ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។ ពួកគេទាំង៤នាក់នោះ បានត្រឡប់ពីប្រទេសថៃ ហើយចូលមកកម្ពុជានៅចន្លោះថ្ងៃទី១១-១២ ខែមករា។
គិតថ្ងៃទី២៥ ខែមករានេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន៤៥៨ករណី ដោយ៤០៩ករណីសះស្បើយ។ ក្នុងចំណោមនោះ មានពលករខ្មែរពីថៃ ៨២នាក់ ដោយ៤៤នាក់បានជាសះស្បើយ។
ចំពោះអ្នកជំងឺកំពុងសម្រាកព្យាបាល មាន៤៩នាក់ ដោយ៩នាក់នៅមជ្ឈមណ្ឌលកំចាត់ជំងឺរបេង និងហង់សិន, ១នាក់នៅពេទ្យមិត្តភាពខ្មែរ-សូវៀត, ១នាក់នៅមណ្ឌលសុខភាពចាក់អង្រែ រីឯពលករមកថៃព្យាបាលនៅតាមមន្ទីរពេទ្យខេត្ត ក្នុងនោះមាន២៦នាក់នៅបន្ទាយមានជ័យ ៩នាក់នៅបាត់ដំបង ២នាក់នៅឧត្តរមានជ័យ និង១នាក់នៅប៉ៃលិន៕
Tag:
ពលករ
ជំងឺ
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com