ជាតិ
រលកកម្តៅនៅកម្ពុជា នឹងហក់ឡើងក្នុងរង្វង់៤០-៤២អង្សា
26, Apr 2024 , 3:08 pm        
រូបភាព
បុរសចំណាស់ម្នាក់រត់ស៊ីក្លូ ក្រោមកម្ដៅថ្ងៃ នៅខាងមុខផ្សារធំថ្មី ក្រុងភ្នំពេញ៖ រូបភាព៖ សយ រតណ្ណៈវិសាល
បុរសចំណាស់ម្នាក់រត់ស៊ីក្លូ ក្រោមកម្ដៅថ្ងៃ នៅខាងមុខផ្សារធំថ្មី ក្រុងភ្នំពេញ៖ រូបភាព៖ សយ រតណ្ណៈវិសាល
កម្ពុជា អាចទទួលរងនូវរលកកម្ដៅក្នុង រង្វង់៤០ ដល់៤២អង្សា ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែមេសា ដោយសារបាតុភូតសកលអែលនីញ៉ូ។ តំបន់ដែលប្រឈមមុខនឹងរលកកម្តៅ ហក់ឡើងដ៏គួរឱ្យបារម្ភនេះ តំបន់ខ្ពស់ខ្ពង់រាបភាគខាងជើង និងទំនាប កណ្ដាលភាគពាយ័ព្យ។

 
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ចាប់ពីថ្ងៃទី២៦ ដល់២៧ មេសានេះ កម្ដៅអាចហក់ឡើងខ្ពស់ទូទាំងប្រទេស ក្នុងរង្វង់៤០ទៅ៤២អង្សា ពិសេសនៅតំបន់ខ្ពង់រាបភាគខាងជើង។ តំបន់ទំនាបកណ្ដាលភាគពាយ័ព្យ អាចឈានដល់៤២អង្សា។ បើតាមអ្នកនាំពាក្យរូបនេះ រាជធានីភ្នំពេញ អាចកើនម្ដៅដល់៤០អង្សា ហើយឧត្តរមានជ័យ អាចជាខេត្តប្រឈមខ្ពស់ជាងគេ ដោយរងនូវរលក់កម្តៅក្នុងរង្វង់៤២អង្សា។ 
 
បើតាមអ្នកនាំពាក្យ ការកើនឡើងកម្ដៅនេះ មិនមែនជួបតែកម្ពុជានោះទេ ពោលគឺមានបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក រួមទាំងអឺរ៉ុប ប៉ុន្តែក្នុងនោះ តំបន់អាស៊ី រងគ្រោះខ្លាំងជាងគេ។ លោក ចាន់ យុត្ថា បញ្ជាក់ដូច្នេះ៖ «ប្រទេសថៃ មានអ្នកស្លាប់រហូតដល់៣០នាក់ ដោយសាររលក កម្ដៅ។ ចំណែក កម្ពុជាយើងវិញ អាចឈានឡើងកម្ដៅខ្ពស់ដូចគ្នាដែរ ជាពិសេសតំបន់ខ្ពស់ខ្ពង់រាបភាគខាងជើង និងទំនាបកណ្ដាលភាគពាយ័ព្យ អាចឡើងដល់៤២អង្សា។ បណ្ដាខេត្តផ្សេងទៀត រួមទាំងរាជធានីភ្នំពេញ ក៏រង្វង់៤០អង្សាដែរ ប៉ុន្តែខេត្តដែលក្ដៅជាងគេគឺខេត្តឧត្តមានជ័យ»។ 
 
រលកកម្ដៅនេះ អាចកើតឡើងចន្លោះពីម៉ោង១១កន្លះព្រឹក ដល់៣រសៀល។ យ៉ាងណា ក៏ដោយ វានឹងមាននិន្នាការថយចុះវិញបន្តិចម្ដងៗ នៅចុងខែមេសា និងឧសភា។ លោក ចាន់ យុត្ថា បន្ថែមដូច្នេះ មុននឹងបន្តថា ផែនដី បានកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុង១ឆ្នាំជាមធ្យមអាចកើនក្នុងរង្វង់០,៣ ឬ០,៥ អង្សា។ ដោយឡែកឆ្នាំនេះវិញ បានកម្ដៅហក់ឡើងដល់១,៣៧អង្សា ដែលខ្ពស់ខ្លាំងធៀបនឹងមធ្យមភាគរាល់ឆ្នាំ៕ 
 

Tag:
 ចាន់ យុត្ថា
  រលកកម្ដៅ
© រក្សាសិទ្ធិដោយ thmeythmey.com