ជាតិ
សម្តេច ហ៊ុន ម៉ាណែត ជំរុញចលនាដាំដើមឈើដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ និងកាត់បន្ថយកំដៅ
26, Apr 2024 , 4:57 pm        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៦ ខែមេសា បានណែនាំណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបំផុសចលនាដាំដើមឈើឱ្យបានទូលំទូលាយ និងស្នើឱ្យក្រសួងបរិស្ថានបន្តចែកកូនឈើដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ។

 
«ដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ កាត់បន្ថយកំដៅ និងការពារបរិស្ថាន»។ នេះជាការគូសបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល តាមរយៈការជំរុញអាជ្ញាធរពាក់ព័ន្ធក្នុងការបំផុសចលនាដាំដើមឈើ ហើយលើកទឹកចិត្តក្រសួងបរិស្ថានបន្តចែកកូនឈើដោយឥតគិតថ្លៃ និងឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។
 
កម្ពុជាអាចទទួលរងនូវរលកកម្ដៅក្នុង រង្វង់៤០ ដល់៤២អង្សា ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែមេសា ដោយសារបាតុភូតសកលអែលនីញ៉ូ។ តំបន់ដែលប្រឈមមុខនឹងរលកកម្តៅ ហក់ឡើងដ៏គួរឱ្យបារម្ភនេះ តំបន់ខ្ពស់ខ្ពង់រាបភាគខាងជើង និងទំនាប កណ្ដាលភាគពាយ័ព្យ។ នេះបើតាមការបញ្ជាក់របស់លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានឌីជីថលថ្មីៗ។
 
លោកបានអះអាងថា ការកើនឡើងកម្ដៅនេះ មិនមែនជួបតែកម្ពុជានោះទេ ពោលគឺមានបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក រួមទាំងអឺរ៉ុប ប៉ុន្តែក្នុងនោះ តំបន់អាស៊ី រងគ្រោះខ្លាំងជាងគេ។ នៅកម្ពុជា រលកកម្ដៅនេះ អាចកើតឡើងចន្លោះពីម៉ោង១១កន្លះព្រឹក ដល់៣រសៀល។ យ៉ាងណា ក៏ដោយ វានឹងមាននិន្នាការថយចុះវិញបន្តិចម្ដងៗ នៅចុងខែមេសា និងឧសភា។ 
 
ពាក់ព័ន្ធនឹងការឡើងកំដៅដោយការប្រែប្រួលអាកាសធាតុនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានលើកឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយបានប្រាប់ទៅអាជ្ញាធរឱ្យបន្តណែនាំពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្កាគ្រោះអគ្គិភ័យ ដែលអាចកើតមានជាយថាហេតុក្នុងរដូវប្រាំងនេះ។ ជាមួយគ្នានេះ សម្តេចក៏បានក្រើនរំលឹកឱ្យមានការយកចិត្តទុកដាក់ចំពោះប្រភពទឹកដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ។
 
សម្រាប់ក្រសួងរ៉ែ និងថាមពល ប្រមុខរដ្ឋាភិបាល បានបញ្ជាឱ្យ​ពិនិត្យមើលលទ្ធភាពផ្គត់ផ្គង់អគ្គិសនីនិងត្រៀមលក្ខណៈក្នុងករណីដែលមានបញ្ហាខ្វះទឹកសម្រាប់ផ្គត់ ខណៈ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាត៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com