អន្តរជាតិ
ប្រធានសភាវៀតណាមលាលែងពីតំណែង មួយខែក្រោយប្រធានាធិបតីចុះចេញ
26, Apr 2024 , 5:22 pm        
រូបភាព
គណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២៦ ខែមេសា ទទួលយកលិខិតលាលែងពីលោក Vuong Dinh Hue ពីតំណែងជាប្រធានរដ្ឋសភា។ ការលាលែងពីតំណែងនេះ ធ្វើឡើងក្រោយការចាប់ខ្លួនជំនួយរបស់លោក Hue ទាក់ទងអំពើពុករលួយ។

 
ត្រឹមមួយខែប៉ុណ្ណោះ វៀតណាមបាត់បង់មេដឹកនាំជាន់ខ្ពស់ដល់ទៅ២រូប។ លោក Vuong Dinh Hue ដែលជាប្រធានរដ្ឋសភា សម្រេចចិត្តលាលែងពីតំណែង បន្ទាប់ពីការចុះចេញរបស់លោក វ៉ វ៉ាន់ធឿង ជាប្រធានាធិបតីកាលពីខែមីនា។

ជាសមាជិកសំខាន់ទីបួននៅក្នុងបក្សកុម្មុយនីស្តវៀតណាម លោក Vuong Dinh Hue បានដាក់ពាក្យលាលែងពីតំណែង ក្រោយ លោក Pham Thai Ha ដែលជាជំនួយការរបស់លោកត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការរំលោភអំណាច។ 
 
បន្ទាប់ពីដាក់ពាក្យលាលែង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានឯកភាពលើការលាលែងពីតំណែងមួយនេះ បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញ។ បើតាមគណៈក ម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជាមេដឹកនាំដ៏សំខាន់មួយរូបនៅក្នុងបក្ស និងរដ្ឋ។
 
យ៉ាងណាក៏ដោយ តាមរបាយការណ៍មួយដោយ គណៈកម្មការអធិការកិច្ចមជ្ឈិម និងអាជ្ញាធរផ្សេងទៀត លោក Vuong Dinh Hue បានបំពានបញ្ញត្តិបក្ស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយលរបស់បក្ស និងរដ្ឋ។
 
បន្ទាប់ពីបក្សកុម្មុយនីស្តទទួលលិខិតលាលែង រដ្ឋសភាវៀតណាម នឹងចាប់ផ្តើមនីតិវិធីបញ្ចប់តំណែងរបស់លោក Vuong Dinh Hue។
 
ការលាលែងរបស់លោក Hue ទំនងធ្វើឱ្យការប្រជែងអំណាចក្នុងបក្សកុម្មុយនីស្តវៀតណាមកាន់តែក្ដៅខ្លាំងឡើង ស្របពេលដែលតំណែងសំខាន់២ នៅទំនេរបែបនេះ៕

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com