ដោយ៖ ធន់ សេងហុង និងអ៊ូ សុខមាន
លោក ម៉ៃ ទិត្យថារ៉ា បានប្រឡូកការងារក្នុងវិស័យសារព័ត៌មាន រយៈពេល២៣ឆ្នាំមកហើយ និងជាប់ឈ្មោះជាអ្នកកាសែតស៊ើបអង្កេតដ៏ឆ្នើមមួយរូប។ ក្នុងតួនាទីជាអ្នកកាសែតបុរសវ័យ៤៣ឆ្នាំរូបនេះ បានរៀនសូត្រ និងចុះអនុវត្តការងារដោយផ្ទាល់ នៅបណ្តាប្រទេសមួយចំនួន ទាំងក្នុង និងក្រៅតំបន់។ លោក ក៏ធ្លាប់ទទួលបានពានរង្វាន់ជាច្រើនទាំងពីស្ថាប័នទាំងកម្រិតជាតិ និងតំបន់ផងដែរ។ តាមរយៈពិសោធន៍ និងចំណេះដឹងខ្ពស់ក្នុងវិស័យសារព័ត៌មាននេះ បានជំរុញលោក ម៉ៃ ទិត្យថារ៉ា អាចធ្វើការីនិពន្ធផ្នែកព័ត៌មាន នៅស្ថាប័នសារព័ត៌មានបរទេសមួយចំនួនដែរ មុននឹងក្លាយជាគ្រូបណ្តុះបណ្តាលផ្នែកសារព័ត៌មាន និងមន្រ្តីជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃអង្គការ Internews ប្រចាំកម្ពុជាដូចសព្វថ្ងៃ។
សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង លោក ធន់ សេងហុង អ្នកសារព័ត៌មានថ្មីៗ និងលោក ម៉ៃ ទិត្យថារ៉ា ដូចតទៅ៖
VIDEO
ការទទួលបានឈ្មោះជាអ្នកកាសែតស៊ើបអង្កេតដ៏ល្បីមួយរូបនៅកម្ពុជា រហូតបានពានរង្វាន់លំដាប់អន្តរជាតិជាបន្តបន្ទាប់ គឺមិនមែនជាអ្វីដែលកើតឡើងគ្មានការខិតខំរៀនសូត្រឡើយ។ ដ្បិតបច្ចុប្បន្ន ម្ចាស់អត្ថបទ «នរកនៅលើទូកនេសាទ» លោក ម៉ៃ ទិត្យថារ៉ា ចូលនិវត្តន៍ក្នុងការរាយការណ៍ព័ត៌មានស៊ើបអង្កេត និងស៊ីជម្រៅយ៉ាងណាក្តី ក៏ប៉ុន្តែលោកនៅតែប្រឡូកក្នុងវិស័យនេះ តាមរយៈការបណ្តុះបណ្តាលធនធានអ្នកកាសែតនៅកម្ពុជា។
២៣ឆ្នាំមកហើយ ដែលលោក ម៉ៃ ទិត្យថារ៉ា បានប្រឡូកការងារក្នុងវិស័យសារព័ត៌មាន ជាមួយនឹងកេរ្តិ៍ជាអ្នកកាសែតស៊ើបអង្កេត។ អ្នកកាសែតល្បីរូបនេះ បានរៀនសូត្រ និងចុះអនុវត្តការងារដោយផ្ទាល់ នៅបណ្តាប្រទេសមួយចំនួនទាំងក្នុងនិងក្រៅតំបន់ ដូចជា សហរដ្ឋអាម៉េរិក សាធារណរដ្ឋកូរ៉េ ហុងកុង ថៃ ហ្វីលីពីន សិង្ហបុរី វៀតណាម ឡាវ ម៉ាឡេស៊ី និងប្រទេសព្រុយណេជាដើម មុននឹងកា្លយជាការីនិពន្ធផ្នែកព័ត៌មាន នៅស្ថាប័នសារព័ត៌មានបរទេសមួយចំនួន។
មកទល់សព្វថ្ងៃ អតីតអ្នកកាសែតមកពីខេត្តស្វាយរៀងរូបនេះ ក្លាយជាគ្រូបណ្តុះបណ្តាលផ្នែកសារព័ត៌មាន និងជាមន្រ្តីជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃអង្គការ Internews ប្រចាំកម្ពុជា ដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាម៉េរិក។ ការសម្រេចជ្រើសរើសយកអាជីពជាអ្នកបណ្តុះបណ្តាលផ្នែកសារព័ត៌មាននេះ ក៏ព្រោះតែលោក ម៉ៃ ទិត្យថារ៉ា ចង់ឃើញអ្នកកាសែតជំនាន់ក្រោយមានចំណេះជំនាញវិជ្ជាជីវៈត្រឹមត្រូវ និងមានសមត្ថភាពខ្ពស់ ដើម្បីជ្រោងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
«អ្នកសាព័ត៌មាន គឺជាមនុស្សដែលមានឥទ្ធិពល។ មានន័យថា អត្ថបទឬសំណេរដែលគាត់សរសេរឡើងមួយៗ គឺបង្ហាញពីអ្វីដែលកើតឡើងនៅក្នុងសង្គមទាំងមូល។ អ៊ីចឹង! បានយើងទាមទារឱ្យអ្នកសារព័ត៌មានយើងហ្នឹង ត្រូវតែមានចំណេះដឹងទូទៅឱ្យបានច្រើន ដើម្បីឱ្យមានមូលដ្ឋានក្នុងការសរសេររឿងបានត្រឹមត្រូវ »។ នេះជាលើកឡើងរបស់លោក ម៉ៃ ទិត្យថារ៉ា ដោយមើលឃើញនៅក្នុងវិស័យឌីជីថលនាពេលបច្ចុប្បន្ននេះ បើអ្នកកាសែតមិនបានស្រាវជ្រាវឱ្យបានច្បាស់លាស់ និងមិនបានធ្វើអ្វីទៅតាមក្រមសីលធម៌វិជ្ជាជីវៈទេ នោះវានឹងបញ្ជ្រាបនូវព័ត៌មានក្លែងក្លាយច្រើននៅក្នុងសង្គម។
ហេតុដូច្នេះហើយ បានជាម្ចាស់ពានរង្វាន់ផ្នែកសារព័ត៌មានក្នុងនិងក្រៅស្រុករូបនេះ សម្រេចចិត្តធ្វើជាចំណែកណាមួយ ក្នុងការបណ្តុះបណ្តាលជំនាញសារព័ត៌មានដល់សិស្ស-និស្សិតកម្ពុជា ឱ្យក្លាយជាអ្នកកាសែតឆ្នើមពោរពេញដោយសមត្ថភាព។ សម្រាប់ទស្សនៈលោក ម៉ៃ ទិត្យថារ៉ា រូបនេះ អ្នកកាសែតដែលមានសមត្ថភាព និងវិជ្ជាជីវៈត្រឹមត្រូវ មិនត្រឹមជួយលើកកម្ពស់វិស័យសារព័ត៌មានប៉ុណ្ណោះទេ តែថែមទាំងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិបានកាន់តែប្រសើរ។ ទាំងនេះជាអ្វីដែល លោក ទិត្យថារ៉ា តែងតែលើកទឹកចិត្តដល់និស្សិត ក៏ដូចជាអ្នកកំពុងអនុវត្តលើវិស័យសារព័ត៌មាន ឱ្យព្យាយាមរៀនសូត្របន្ថែមនូវចំណេះដឹងទូទៅ និងផ្នែកបច្ចេកទេសឌីជីថល ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។
« ពីមុនអត់មានអ្នកសារព័ត៌មានយើងណាម្នាក់មានឈ្មោះសរសេរព័ត៌មានជាមួយអ្នកកាសែតបរទេស នៅស្ថាប័នសារព័ត៌មានធំៗ ដូចជានៅ New York Time, South China Morning Post ឬក៏នៅ NPR ទេ។ ប៉ុន្តែឥឡូវ! យើងឃើញមានឈ្មោះអ្នកសារព័ត៌មានយើងឈានដល់លំដាប់ហ្នឹងហើយ។ ដូច្នេះ ខ្ញុំចង់ជំរុញនិស្សិតកាសែតយើងក្រោយៗទៀតត្រូវមើលគម្រូរៀមច្បង និងធ្វើម៉េចឱ្យមានឱកាសក្នុងការអភិវឌ្ឍន៍ខ្លួនឯង»។ ម្ចាស់ពានរង្វាន់«អ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំ២០១៣នៅអាស៊ី» ពីSociety Of Publishers in Asia( SOPA) នៅហុងកុង បានរៀបរាប់បែបនេះ ដែលចង់ឃើញលំហសារព័ត៌មាននៅកម្ពុជាត្រូវបានបើកកាន់តែទូលាយសម្រាប់អ្នកកាសែតបំពេញការងារវិជ្ជាជីវៈបានគ្រប់ជ្រុងជ្រាយ ដើម្បីប្រយោជន៍សង្គមជាតិ៕
លោក ម៉ៃ ទិត្យថារ៉ា ដឹកនាំនិស្សិតសារព័ត៌មាននៅសាកលវិទ្យាល័យកម្ពុជា មកទស្សនៈកិច្ចនៅការិយាល័យសារព័ត៌មានថ្មីៗ(ThmeyThmey) កាលពីថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១៩។