ជាតិ
សង្គមជាតិ
លោក ម៉ៃ ទិត្យថារ៉ា​ ចង់ឃើញអ្នកកាសែតកម្ពុជាមានសមត្ថភាពឈរជើងក្នុងស្ថាប័នលំដាប់ពិភពលោក​
02, May 2024 , 9:09 am        
រូបភាព
លោក ម៉ៃ ទិត្យថារ៉ា កំពុងផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាននាពេលកន្លងមក។ រូបភាពផ្តល់ដោយ ម៉ៃ ទិត្យថារ៉ា
លោក ម៉ៃ ទិត្យថារ៉ា កំពុងផ្តល់បទសម្ភាសឱ្យក្រុមអ្នកសារព័ត៌មាននាពេលកន្លងមក។ រូបភាពផ្តល់ដោយ ម៉ៃ ទិត្យថារ៉ា
ដោយ៖ ធន់ សេងហុង និងអ៊ូ សុខមាន 

លោក ម៉ៃ ទិត្យថារ៉ា​ បានប្រឡូក​ការងារក្នុងវិស័យសារព័ត៌មាន រយៈពេល២៣ឆ្នាំមកហើយ និង​ជាប់ឈ្មោះជាអ្នកកាសែតស៊ើបអង្កេតដ៏ឆ្នើមមួយរូប។ ក្នុងតួនាទីជាអ្នកកាសែតបុរស​វ័យ​៤៣ឆ្នាំរូបនេះ បានរៀនសូត្រ និងចុះអនុវត្តការងារដោយផ្ទាល់ ​នៅបណ្តាប្រទេសមួយ​ចំនួន ​ទាំងក្នុង និងក្រៅតំបន់​​។ លោក ក៏ធ្លាប់ទទួលបានពានរង្វាន់ជាច្រើនទាំងពីស្ថាប័នទាំងកម្រិតជាតិ និងតំបន់ផងដែរ។ តាមរយៈ​ពិសោធន៍ និងចំណេះដឹង​ខ្ពស់​ក្នុងវិស័យសារព័ត៌មាន​នេះ បានជំរុញលោក ម៉ៃ ទិត្យថារ៉ា អាចធ្វើ​កា​រី​និពន្ធផ្នែកព័ត៌មាន នៅស្ថាប័នសារព័ត៌មានបរទេសមួយចំនួនដែរ​ មុននឹងក្លាយជាគ្រូ​បណ្តុះបណ្តាល​ផ្នែក​សារព័ត៌មាន និង​មន្រ្តីជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃអង្គការ Internews ប្រចាំ​កម្ពុជាដូចសព្វថ្ងៃ។​​

 
សូមអញ្ជើញលោកអ្នកនាងទស្សនាកិច្ចសម្ភាសរវាង លោក ធន់ សេងហុង អ្នកសារព័ត៌មានថ្មីៗ និងលោក ម៉ៃ ទិត្យថារ៉ា ដូចតទៅ៖

 
ការទទួលបានឈ្មោះជាអ្នកកាសែតស៊ើបអង្កេតដ៏ល្បីមួយរូបនៅកម្ពុជា​ រហូតបានពានរង្វាន់លំដាប់អន្តរជាតិ​ជាបន្តបន្ទាប់ គឺមិនមែនជាអ្វីដែលកើតឡើង​គ្មានការខិតខំរៀនសូត្រឡើយ។ ដ្បិតបច្ចុប្បន្ន ម្ចាស់អត្ថបទ «នរកនៅលើទូកនេសាទ» លោក ម៉ៃ ទិត្យថារ៉ា ចូលនិវត្តន៍ក្នុងការរាយការណ៍ព័ត៌មានស៊ើបអង្កេត និងស៊ីជម្រៅយ៉ាងណាក្តី ក៏ប៉ុន្តែលោកនៅតែប្រឡូកក្នុងវិស័យនេះ តាមរយៈការបណ្តុះបណ្តាលធនធានអ្នកកាសែតនៅកម្ពុជា។ 
 

 
២៣ឆ្នាំមកហើយ ដែលលោក ម៉ៃ ទិត្យថារ៉ា​ បានប្រឡូកការងារក្នុងវិស័យសារព័ត៌មាន ជាមួយនឹងកេរ្តិ៍ជាអ្នកកាសែតស៊ើបអង្កេត។ អ្នកកាសែតល្បីរូបនេះ បានរៀនសូត្រ និងចុះអនុវត្តការងារដោយផ្ទាល់ នៅបណ្តាប្រទេសមួយចំនួនទាំងក្នុងនិងក្រៅតំបន់​ ដូចជា សហរដ្ឋអាម៉េរិក ​សាធារណរដ្ឋកូរ៉េ ហុងកុង ថៃ ហ្វីលីពីន សិង្ហបុរី​ វៀតណាម​ ឡាវ ម៉ាឡេស៊ី និងប្រទេសព្រុយណេជាដើម មុននឹងកា្លយជាការីនិពន្ធផ្នែកព័ត៌មាន នៅស្ថាប័នសារព័ត៌មានបរទេសមួយចំនួន​។​
 
មកទល់សព្វថ្ងៃ អតីតអ្នកកាសែតមកពីខេត្តស្វាយរៀងរូបនេះ ក្លាយជាគ្រូបណ្តុះបណ្តាល​ផ្នែកសារព័ត៌មាន និងជាមន្រ្តីជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃអង្គការ Internews ប្រចាំកម្ពុជា ដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាម៉េរិក។​ ការសម្រេចជ្រើសរើសយកអាជីពជាអ្នកបណ្តុះបណ្តាល​ផ្នែកសារព័ត៌មាននេះ​ ក៏ព្រោះតែលោក​ ម៉ៃ ទិត្យថារ៉ា ចង់ឃើញអ្នកកាសែតជំនាន់ក្រោយមានចំណេះជំនាញវិជ្ជាជីវៈត្រឹមត្រូវ និងមានសមត្ថភាពខ្ពស់ ដើម្បីជ្រោងវិស័យសារព័ត៌មាននៅកម្ពុជា​ឱ្យកាន់តែរីកចម្រើន។​
 


«អ្នកសាព័ត៌មាន គឺជាមនុស្សដែលមានឥទ្ធិពល។ មានន័យថា អត្ថបទឬសំណេរដែលគាត់សរសេរឡើងមួយៗ គឺបង្ហាញពីអ្វីដែលកើតឡើងនៅក្នុងសង្គមទាំងមូល។ អ៊ីចឹង! បានយើងទាមទារឱ្យអ្នកសារព័ត៌មានយើងហ្នឹង ត្រូវតែមានចំណេះដឹងទូទៅឱ្យបានច្រើន ដើម្បីឱ្យមានមូលដ្ឋានក្នុងការសរសេររឿងបានត្រឹមត្រូវ »។ នេះជាលើកឡើងរបស់លោក ម៉ៃ ទិត្យថារ៉ា​ ដោយមើលឃើញនៅក្នុងវិស័យឌីជីថលនាពេលបច្ចុប្បន្ននេះ បើអ្នកកាសែត​មិនបានស្រាវជ្រាវឱ្យបានច្បាស់លាស់ និងមិនបានធ្វើអ្វីទៅតាមក្រមសីលធម៌វិជ្ជាជីវៈទេ នោះវានឹងបញ្ជ្រាបនូវព័ត៌មានក្លែងក្លាយច្រើននៅក្នុងសង្គម។ 
 

 
ហេតុដូច្នេះហើយ បានជាម្ចាស់ពានរង្វាន់ផ្នែកសារព័ត៌មានក្នុងនិងក្រៅស្រុករូបនេះ សម្រេចចិត្តធ្វើជាចំណែកណាមួយ ក្នុងការបណ្តុះបណ្តាលជំនាញសារព័ត៌មានដល់សិស្ស-និស្សិតកម្ពុជា ឱ្យក្លាយជាអ្នកកាសែតឆ្នើមពោរពេញដោយសមត្ថភាព។ សម្រាប់ទស្សនៈលោក ម៉ៃ ទិត្យថារ៉ា រូបនេះ​ អ្នកកាសែតដែលមានសមត្ថភាព និងវិជ្ជាជីវៈត្រឹមត្រូវ មិនត្រឹមជួយលើកកម្ពស់វិស័យសារព័ត៌មានប៉ុណ្ណោះទេ តែថែមទាំងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិបានកាន់តែប្រសើរ។ ទាំងនេះជាអ្វីដែល លោក ទិត្យថារ៉ា តែងតែលើកទឹកចិត្តដល់និស្សិត ក៏ដូចជាអ្នកកំពុងអនុវត្តលើវិស័យសារព័ត៌មាន ឱ្យព្យាយាមរៀនសូត្របន្ថែមនូវចំណេះដឹងទូទៅ និងផ្នែកបច្ចេកទេសឌីជីថល ​ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ 
 
« ពីមុនអត់មានអ្នកសារព័ត៌មានយើងណាម្នាក់មានឈ្មោះសរសេរព័ត៌មានជាមួយអ្នកកាសែតបរទេស នៅស្ថាប័នសារព័ត៌មានធំៗ ដូចជានៅ New York Time,  South China Morning Post  ឬក៏នៅ NPR ទេ។ ប៉ុន្តែឥឡូវ! យើងឃើញមានឈ្មោះអ្នកសារព័ត៌មានយើងឈានដល់លំដាប់ហ្នឹងហើយ។ ដូច្នេះ ខ្ញុំចង់ជំរុញនិស្សិតកាសែតយើងក្រោយៗទៀត​ត្រូវមើលគម្រូរៀមច្បង  និងធ្វើម៉េចឱ្យមានឱកាសក្នុងការអភិវឌ្ឍន៍ខ្លួនឯង»។ ម្ចាស់ពានរង្វាន់«អ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំ២០១៣នៅអាស៊ី» ពីSociety Of Publishers in Asia( SOPA) នៅហុងកុង​ បានរៀបរាប់បែបនេះ ដែលចង់ឃើញលំហសារព័ត៌មាននៅកម្ពុជា​ត្រូវបានបើកកាន់តែទូលាយសម្រាប់អ្នកកាសែត​បំពេញការងារវិជ្ជាជីវៈបានគ្រប់ជ្រុងជ្រាយ ដើម្បីប្រយោជន៍សង្គមជាតិ៕ 

លោក ម៉ៃ ទិត្យថារ៉ា ដឹកនាំនិស្សិតសារព័ត៌មាននៅសាកលវិទ្យាល័យកម្ពុជា មកទស្សនៈកិច្ចនៅការិយាល័យសារព័ត៌មានថ្មីៗ(ThmeyThmey) កាលពីថ្ងៃទី២២វិច្ឆិកា ឆ្នាំ២០១៩។​
 

Tag:
 សារព័ត៌មាន
  លោក ម៉ៃ ទិត្យថារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com