ជាតិ
អាជ្ញាធរខេត្តព្រះសីហនុ ហាមអាជីវករ និងទេសចរមិនឱ្យចេញទូកទៅកោះ ដោយសារបញ្ហាអាកាសធាតុ
11, Jul 2022 , 6:29 pm        
រូបភាព
 រូបភាព៖ ស្នងការនគរបាលខេត្តព្រះសីហនុ
រូបភាព៖ ស្នងការនគរបាលខេត្តព្រះសីហនុ
ដោយ:
ចាប់ពីថ្ងៃទី១១ដល់១៤កក្កដា ខេត្តព្រះសីហនុ នឹងទទួលរងសម្ពាធខ្យល់ព្យុះពីប្រទេសថៃ។ជាមួយគ្នានោះអាជ្ញាធរខេត្តព្រះសីហនុហាមអាជីវករមិនឱ្យចេញទូកក្នុងករណីអាកាសធាតុមិនល្អ។​ ដើម្បីសុវត្ថិភាព ទេសចរត្រូវពាក់អាវពោងជាប្រចាំពេលលេងទឹកនៅតាមឆ្នេរ។



លោក ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទថាអាជ្ញាធរខេត្ត បានហាមមិនឱ្យអ្នកបើកទូកចេញទូកទៅកោះឡើយក្នុងថ្ងៃថ្ងៃទី១១ ខែកក្កដាព្រោះស្ថានភាពខ្យល់ និងរលកធំៗ។ប៉ុន្តែអាជ្ញាធរកំពុងព្យាយាមជម្លៀសភ្ញៀវពីតាមកោះនានាមកកាន់ដីគោកក្នុងខេត្តព្រះសីហនុវិញ។
 
លោក ជួន ណារិន្ទបញ្ជាក់ដូច្នេះ៖« យើងហាមមិនឱ្យចេញទៅតាមកោះនិងលេងកម្សាន្តនៅតាមឆ្នេរមួយចំនួនព្រោះមានខ្យល់ និងរលកខ្លាំង។ ចំពោះការឆ្លងទៅកោះយើងផ្អែកលើស្ថានភាពជាក់ស្ដែង យើងទើបតែផ្អាកព្រឹកមិញនេះទេ។រដ្ឋបាលខេត្តបានអនុញ្ញាតឱ្យយើងយកភ្ញៀវពីតាមកោះនានាប៉ុន្តែត្រូវមានទូកធំៗ ។ឥឡូវនេះយើងជម្លៀសភ្ញៀវបានប្រមាណ ៦០០នាក់ហើយ និងកំពុងតាមដានស្ថានភាពបន្តទៀត»។ 
 


ជាមួយគ្នា លោក​ តាំងសុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុលើកឡើងថា រដ្ឋបាលខេត្តព្រះសីហនុបានបន្ថែមអាជ្ញាធរ និងឆ្មាំនៅតាមតំបន់ឆ្នេរដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរក្នុងករណីមានបញ្ហាណាមួយកើតឡើង ក្នុងអំឡុងពេលកម្ពុជារងឥទ្ធិពលសម្ពាធទាបពីប្រទេសថៃ។ 
 
« ថ្ងៃទី១១ដល់១៤មិនមែនថ្ងៃចុងសប្តាហ៍ ដូច្នេះទេសចរមានតិចតួចដែរ។អាជ្ញាធរបានសហការជាមួយអ្នករកស៊ីឯកជនជាពិសេសអ្នកមានម៉ូតូទឹកដើម្បីត្រៀមលក្ខណៈសង្គ្រោះទេសចរ ។ យើងហាមទូកមិនឱ្យចេញទៅកោះហើយមិនឱ្យទេសចរលេងទឹកពេលមានរលកធំៗ »។នេះជាការលើកឡើងរបស់ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។
 
ជាមួយគ្នានេះស្នងការនគរបាលខេត្តព្រះសីហនុអំពាវនាវឱ្យ ម្ចាស់ទូកអាជីវកម្ម​ ប្រជានេសាទ​ ប្រុងប្រយ័ត្នខ្ពស់​ទាំងប្រព័ន្ធបច្ចេកទេស​ និងសម្ភារៈសុវត្ថិភាពផ្សេងៗ​។​ អាជ្ញាធរ ក៏បានស្នើដល់ភ្ញៀវទេសចរពាក់អាវពោងជានិច្ចក្នុងពេលធ្វើដំណើរតាមទូក និងលេងទឹក។ សូមជម្រាបថារយៈពេល៦ខែឆ្នាំ២០២២នេះ ក្នុងខេត្តព្រះសីហនុ មិនមានករណីទេសចរលង់ទឹកស្លាប់នោះទេ៕
 
 
 
 

Tag:
 ThmeyThmey25
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com