ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋនៅភ្នំពេញប្រើប្រាស់«ប្រាក់រៀល» កាន់តែទូលំទូលាយ ក្នុងជីវភាពប្រចាំថ្ងៃ
29, Dec 2023 , 9:00 pm        
រូបភាព
«ប្រាក់រៀល» ត្រូវបានប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ក៏ដូចនៅតាមបណ្តាលខេត្តប្រើប្រាស់កាន់តែទូលំទូលាយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា៖ ការចំណាយលើថ្លៃម្ហូបអាហារ ភេសជ្ជៈ​ សម្លៀកបំពាក់ និងការធ្វើដំណើរ។ សកម្មភាពនៃការចាយប្រាក់រៀលរបស់ពលរដ្ឋលើថ្លៃទំនិញ និងសេវាកម្មទាំងនេះ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងគួរឱ្យកត់សម្គាល់  ជាពិសេសបន្ទាប់ ធនាគារជាតិនៃកម្ពុជា បន្តប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុចាំបាច់នានា ក្នុងការរក្សាតម្លៃប្រាក់រៀលឱ្យមានស្ថិរភាព ដើម្បីការពារអំណាចទិញរបស់រូបិយវត្ថុជាតិ ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។​ ក្នុងទិសដៅនេះ ការបន្តជំរុញការប្រើប្រាស់ប្រាក់រៀល ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងវិស័យសាធារណៈ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់តម្លៃប្រាក់រៀលដោយផ្ទាល់ និងពង្រឹងប្រសិទ្ធភាពឧបករណ៍នយោបាយរូបិយវត្ថុជារួម។


« អាចនិយាយបានថា ៩០ទៅ៩៥ភាគរយនៃការចំណាយប្រចាំថ្ងៃរបស់ខ្ញុំ គឺជាប្រាក់រៀល។ រាប់តាំងពីការទិញកាហ្វេ ទិញបាយញាំ ទិញម្ហូបអាហារ និងសម្លៀកបំពាក់ ភាគច្រើនខ្ញុំប្រើជាលុយរៀល»។ នេះជាការលើកឡើងរបស់​ លោក​ សូ ភត្រា អ្នកគ្រប់គ្រងICT នៅមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ដែលឱ្យតម្លៃ និងលើកស្ទួយប្រាក់រៀល។
 
សូមទស្សនាវីដេអូបទយកការណ៍ពីការចរាចរប្រាក់រៀលនៅរាជធានីភ្នំពេញ 

 
ពាក់ព័ន្ធនឹងការចរាចរប្រាក់រៀលនេះ ភត្រា ក៏សង្កេតឃើញប្រជាពលរដ្ឋខ្មែរនាពេលសព្វថ្ងៃ​ ចូលរួមប្រើប្រាស់ច្រើន ផងដែរ។  យុវជនរូបនេះនិយាយប្រាប់ក្រុមការងារយើងយ៉ាងដូច្នេះ ​៖ «តាំងពីពេលធនាគារជាតិប្រកាសឱ្យមានការចរាចរលុយរៀលឱ្យបានច្រើនមក ខ្ញុំឃើញមានសន្ទុះខ្លាំងនៃការចាយលុយរៀល។ គឺខ្ញុំឃើញថាវាអ៊ីចឹង! សម្រាប់ខ្ញុំផ្ទាល់ ពេលទៅធនាគារដកប្រាក់ បើក្រោម១០០ដុល្លារ គឺដកជាលុយខ្មែរ ២០ម៉ឺនរៀល ៣០ម៉ឺន ១៥ម៉ឺន ១២ម៉ឺន គឺលែងជាលុយដុល្លារទៀតហើយ។ ខ្ញុំសង្កេតឃើញមនុស្សនៅជុំវិញខ្លួនខ្ញុំ គឺព្យាយាមបន្ស៊ាំខ្លួន​ក្នុងការប្រើប្រាស់ប្រាក់រៀលច្រើន»។

លោក សូ ភត្រា អ្នកគ្រប់គ្រងICT នៅមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា

មិនខុស​នឹងការមើលឃើញរបស់ ភក្ត្រា ប៉ុន្មានឡើយ។ ប្រាក់រៀល ទទួលបានពេញនិយមច្រើនពីសំណាក់ប្រជាពលរដ្ឋលើការទូទាត់ថ្លៃទំនិញ និងសេវាកម្មនានា​នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។ សូម្បីតែទំនិញបោះដុំមួយចំនួននៅតាមផ្សារ​ ក៏មានការទូទាត់ច្រើនជាប្រាក់រៀលច្រើន ដែរ។
 
អ្នកស្រី ជាវ ពឺន ដែលជាអាជីវករនៅផ្សារធំថ្មី តែងតែប្រើប្រាស់ប្រាក់រៀលនៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន ទាំងការទទួលយកថ្លៃទូទាត់ពីអតិថិជន និងទាំងការទូទាត់ថ្លៃទំនិញឱ្យគេ វិញ។ «និយាយទៅ២-៣ឆ្នាំចុងក្រោយនេះ គឺខ្ញុំប្រើលុយខ្មែរសុទ្ធ អត់ដែលប្រើដុល្លារទេ លើការទូទាត់ទំនិញលក់ដូររបស់ខ្ញុំ​ ទាំងការលក់រាយ និងបោះដុំ។  ព្រោះខ្ញុំចង់លើកកម្ពស់តម្លៃប្រាក់រៀល និងចង់ឱ្យពលរដ្ឋខ្មែរចូលរួមប្រើប្រាស់ប្រាក់រៀល កុំឱ្យគិតតែពីដុល្លារច្រើនពេក»។ 


អ្នកស្រី ជាវ ពឺន អាជីវករនៅផ្សារធំថ្មី

នេះជាស្មារតីរបស់ស្រ្តីវ័យ៣៣ឆ្នាំរូបនេះ ក្នុងការចូលរួមលើកតម្កើងជាតិកម្ពុជា​ តាមរយៈការប្រើប្រាស់ប្រាក់រៀលនៅក្នុងអាជីវកម្មរបស់ខ្លួនប្រចាំថ្ងៃ។  អាជីវករម្នាក់ទៀតដែលលក់គ្រឿងសមុទ្រ ក៏មានការប្រើប្រាស់ប្រាក់រៀល​ច្រើន ផងដែរ។ អ្នកស្រី រ៉ឹម តេង ជាអ្នកលក់គ្រឿងសមុទ្រស្រស់។​ ចំណូលដែលអ្នកស្រីទទួលបានប្រចាំថ្ងៃពីលក់គ្រឿងសមុទ្រទាំងនេះ ភាគច្រើនជាប្រាក់រៀល។ អាជីវករលក់គ្រឿងសមុទ្ររូបនេះ អះអាងថា ប្រាក់រៀល គឺពិតជាមានភាពស្រួលចាយ និងទូទាត់ មែនទែន។ 
 
«លុយខ្មែរយើង ទោះប្រលាក់ប៉ុនណា ក៏ចាយបានដែរ​។ បើដុល្លារក្រដាស១០០ តែប្រលាក់បន្តិច ឬសឹកបន្តិច! គេអត់យកទេ ហើយបើដូចយកលុយរៀល គឺខាតហើយ។ លុយខ្មែរយើងស្រួលចាយ ហើយខ្ញុំអត់ខ្លាចជួបក្លែងក្លាយទេ ព្រោះអ្នកមកទិញទំនិញខ្ញុំមិនដែលយកលុយខ្មែរក្លែងក្លាយមកទិញផង។​  តែបើលុយដុល្លារក្លែងក្លាយ គឺដែលជួប ដូចជា ក្រដាស២០ដុល្លារ ក្រដាស១០០ដុល្លារ»។​  មិនមែនតែចំណូលទេ! រាល់ការចំណាយរបស់ស្រ្តីរូបនេះ ក៏ជាប្រាក់រៀល ដែរ។ លោកស្រី តេង បាននិយាយថា៖ «សូម្បីតែខ្ញុំទៅទិញមាសពាក់ ក៏ខ្ញុំយកលុយខ្មែរទៅទិញដែរ ឱ្យគេគិតតាមហ្នឹងទៅ»។ 


 អ្នកស្រី រ៉ឹម តេង ជាអ្នកលក់គ្រឿងសមុទ្រស្រស់ 

ដ្បិតថា បច្ចុប្បន្នការប្រើប្រាស់ប្រាក់រៀលពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែកំណើន​នេះ នៅមានកម្រិតនៅឡើយ បើធៀបនឹងទំហំប្រាក់ដុល្លារ​នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ ការណ៍នេះ អ្នកទាំងស្រី រ៉ឹម តេង ក៏ដូចជាប្រជាពលរដ្ឋឯទៀត ជាពិសេសយុជន ចង់ឱ្យមានការជំរុញបន្ថែមនូវការទទួលយកការទូទាត់ថ្លៃទំនិញ និងសេវា​កម្ម តែជាប្រាក់រៀល។ 
 
បើតាមលោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្តាញ ALISEA នៃអង្គការ GRET  ប្រសិនបើម្ចាស់អាជីវកម្មនីមួយៗនៅក្នុងស្រុកគិតថ្លៃទំនិញ និងទទួលយកការទូទាត់តែជាប្រាក់រៀល នោះជាការជំរុញមួយកាន់តែប្រសើរដល់ពលរដ្ឋក្នុងការប្រើប្រាស់ប្រាក់រៀល។ «ភាគច្រើនការចំណាយរបស់ខ្ញុំធ្វើឡើងតាមរយៈQR Code។ អ៊ីចឹង បើម្ចាស់ហាងនៅស្រុកខ្មែរទាំងអស់ រាប់ទាំងហាងបាយតូចតាច ហាងទំនិញ និងផ្សារទំនើប... គិតតែជាលុយខ្មែរលើថ្លៃទំនិញ ហើយQR Code របស់គាត់ជាលុយខ្មែរដែរទៅ នោះយើងប្រាកដជានាំគ្នលុយខ្មែរច្រើនជាងដុល្លារហើយ។ ប៉ុន្តែក្នុងករណីដែលអាជីវករចេញវិក្កយបត្រតម្លៃ២ប្រភេទ ជាដុល្លារផង ជាខ្មែរផង នោះ ចង់ ឬមិនចង់យើងដែលជាចាយប្រាក់នឹងប្រៀបធៀបហើយ ថា​ ចាយប្រាក់មួយណាចំណេញជាង។ ប្រសិនបើអាជីវករដាក់តម្លៃអត្រាប្រាក់ដុល្លារខ្ពស់ ធ្វើឱ្យអ្នកចាយលុយរៀលខាតច្រើន នោះច្បាស់ណាស់អ្នកចាយនឹងទូទាត់ជាដុល្លារហើយ»។​


 លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្តាញ ALISEA នៃអង្គការ GRET

សម្រាប់លោក សុវណ្ណ ដើម្បីឱ្យការចរាចរប្រាក់រៀលមានទំហំកាន់តែធំនៅលើទីផ្សារ​ គឺគួរតែមានការកំណត់ក្នុងការទទួលយកការទូទាត់តែជាប្រាក់។ លោកបន្តរៀបរាប់ថា ៖ «បើសិនចង់ឱ្យមានការផ្លាស់ប្តូរប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន គឺចាប់ផ្តើមពីការចំណាយដែលទាក់ទងនឹងការលក់ដូរ។ ឧទាហរណ៍៖ ម្ចាស់ហាងដែលលក់ដូរទំនិញមានតម្លៃក្រោម១លានរៀល គឺត្រូវចេញវិក្កយបត្រតែជាលុយខ្មែរ​។ ធ្វើដូច្នេះ អ្នកទិញទំនិញនឹងត្រូវចាយតែលុយខ្មែរហើយ។ ចំពោះថ្លៃទំនិញចាប់ពី១លានរៀលឡើងទៅ យើងអាចដាក់ជម្រើសឱ្យសម្រាប់អ្នកប្រើប្រាស់ប្រាក់ ដោយពួកគាត់ចង់ប្រើលុយខ្មែរក៏បាន លុយដុល្លារក៏បាន។ 
 
ជាមួយគ្នានេះ កញ្ញា សែស ស្រីភន អ្នករៀបចំផែនគម្រោងទំនាក់ទំនងសាធារណ នៅមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានបង្ហាញឆន្ទៈខ្ពស់ក្នុងការចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិ។ 


កញ្ញា សែស ស្រីភន អ្នករៀបចំផែនគម្រោងទំនាក់ទំនងសាធារណ នៅមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា 

«រូបខ្ញុំផ្ទាល់ គឺចាយប្រាក់រៀល ហើយបើហាងទំនិញ ឬនៅកន្លែងណាដែលទទួលការទូទាត់ជាប្រាក់រៀល គឺខ្ញុំចាយប្រាក់រៀលហើយ។ ប៉ុន្តែ មានកន្លែងខ្លះបង្ខំឱ្យចាយប្រាក់ដុល្លារ ដោយសារហាងមួយចំនួន ទូទាត់ជាប្រាក់ដុល្លារ។ ដូច្នេះ! ចង់ ឬ មិនចង់ ក៏យើងត្រូវចាយជាដុល្លារ ដែរ។ អ៊ីចឹង! បើសិនជាមានការទទួលការទូទាត់ជាប្រាក់រៀលកាន់តែច្រើន គឺកាន់តែល្អ ហើយខ្ញុំចង់ឱ្យមានការចរាចរលុយខ្មែរយើងឱ្យបានកាន់តែទូលំទូលាយ ព្រោះប្រាក់រៀលជាអត្តសញ្ញាណជាតិយើង​។ ដើម្បីធ្វើឱ្យប្រទេសយើងមាន​ មោទកភាពលើការប្រើរូបិយវត្ថុជាតិដូចប្រទេសគេបាន គឺ ខ្ញុំពេញចិត្តនឹងចូលរួម»។ នេះជាការលើកឡើងរបស់ ស្រីភន។  
 

Tag:
 ហិរញ្ញវត្ថុ
  ប្រាក់រៀល​
© រក្សាសិទ្ធិដោយ thmeythmey.com