ពាក់ព័ន្ធនឹងការចរាចរប្រាក់រៀលនេះ ភត្រា ក៏សង្កេតឃើញប្រជាពលរដ្ឋខ្មែរនាពេលសព្វថ្ងៃ ចូលរួមប្រើប្រាស់ច្រើន ផងដែរ។ យុវជនរូបនេះនិយាយប្រាប់ក្រុមការងារយើងយ៉ាងដូច្នេះ ៖ «តាំងពីពេលធនាគារជាតិប្រកាសឱ្យមានការចរាចរលុយរៀលឱ្យបានច្រើនមក ខ្ញុំឃើញមានសន្ទុះខ្លាំងនៃការចាយលុយរៀល។ គឺខ្ញុំឃើញថាវាអ៊ីចឹង! សម្រាប់ខ្ញុំផ្ទាល់ ពេលទៅធនាគារដកប្រាក់ បើក្រោម១០០ដុល្លារ គឺដកជាលុយខ្មែរ ២០ម៉ឺនរៀល ៣០ម៉ឺន ១៥ម៉ឺន ១២ម៉ឺន គឺលែងជាលុយដុល្លារទៀតហើយ។ ខ្ញុំសង្កេតឃើញមនុស្សនៅជុំវិញខ្លួនខ្ញុំ គឺព្យាយាមបន្ស៊ាំខ្លួនក្នុងការប្រើប្រាស់ប្រាក់រៀលច្រើន»។
លោក សូ ភត្រា អ្នកគ្រប់គ្រងICT នៅមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា
មិនខុសនឹងការមើលឃើញរបស់ ភក្ត្រា ប៉ុន្មានឡើយ។ ប្រាក់រៀល ទទួលបានពេញនិយមច្រើនពីសំណាក់ប្រជាពលរដ្ឋលើការទូទាត់ថ្លៃទំនិញ និងសេវាកម្មនានានៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ។ សូម្បីតែទំនិញបោះដុំមួយចំនួននៅតាមផ្សារ ក៏មានការទូទាត់ច្រើនជាប្រាក់រៀលច្រើន ដែរ។
អ្នកស្រី ជាវ ពឺន ដែលជាអាជីវករនៅផ្សារធំថ្មី តែងតែប្រើប្រាស់ប្រាក់រៀលនៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន ទាំងការទទួលយកថ្លៃទូទាត់ពីអតិថិជន និងទាំងការទូទាត់ថ្លៃទំនិញឱ្យគេ វិញ។ «និយាយទៅ២-៣ឆ្នាំចុងក្រោយនេះ គឺខ្ញុំប្រើលុយខ្មែរសុទ្ធ អត់ដែលប្រើដុល្លារទេ លើការទូទាត់ទំនិញលក់ដូររបស់ខ្ញុំ ទាំងការលក់រាយ និងបោះដុំ។ ព្រោះខ្ញុំចង់លើកកម្ពស់តម្លៃប្រាក់រៀល និងចង់ឱ្យពលរដ្ឋខ្មែរចូលរួមប្រើប្រាស់ប្រាក់រៀល កុំឱ្យគិតតែពីដុល្លារច្រើនពេក»។
អ្នកស្រី ជាវ ពឺន អាជីវករនៅផ្សារធំថ្មី
នេះជាស្មារតីរបស់ស្រ្តីវ័យ៣៣ឆ្នាំរូបនេះ ក្នុងការចូលរួមលើកតម្កើងជាតិកម្ពុជា តាមរយៈការប្រើប្រាស់ប្រាក់រៀលនៅក្នុងអាជីវកម្មរបស់ខ្លួនប្រចាំថ្ងៃ។ អាជីវករម្នាក់ទៀតដែលលក់គ្រឿងសមុទ្រ ក៏មានការប្រើប្រាស់ប្រាក់រៀលច្រើន ផងដែរ។ អ្នកស្រី រ៉ឹម តេង ជាអ្នកលក់គ្រឿងសមុទ្រស្រស់។ ចំណូលដែលអ្នកស្រីទទួលបានប្រចាំថ្ងៃពីលក់គ្រឿងសមុទ្រទាំងនេះ ភាគច្រើនជាប្រាក់រៀល។ អាជីវករលក់គ្រឿងសមុទ្ររូបនេះ អះអាងថា ប្រាក់រៀល គឺពិតជាមានភាពស្រួលចាយ និងទូទាត់ មែនទែន។
«លុយខ្មែរយើង ទោះប្រលាក់ប៉ុនណា ក៏ចាយបានដែរ។ បើដុល្លារក្រដាស១០០ តែប្រលាក់បន្តិច ឬសឹកបន្តិច! គេអត់យកទេ ហើយបើដូចយកលុយរៀល គឺខាតហើយ។ លុយខ្មែរយើងស្រួលចាយ ហើយខ្ញុំអត់ខ្លាចជួបក្លែងក្លាយទេ ព្រោះអ្នកមកទិញទំនិញខ្ញុំមិនដែលយកលុយខ្មែរក្លែងក្លាយមកទិញផង។ តែបើលុយដុល្លារក្លែងក្លាយ គឺដែលជួប ដូចជា ក្រដាស២០ដុល្លារ ក្រដាស១០០ដុល្លារ»។ មិនមែនតែចំណូលទេ! រាល់ការចំណាយរបស់ស្រ្តីរូបនេះ ក៏ជាប្រាក់រៀល ដែរ។ លោកស្រី តេង បាននិយាយថា៖ «សូម្បីតែខ្ញុំទៅទិញមាសពាក់ ក៏ខ្ញុំយកលុយខ្មែរទៅទិញដែរ ឱ្យគេគិតតាមហ្នឹងទៅ»។
អ្នកស្រី រ៉ឹម តេង ជាអ្នកលក់គ្រឿងសមុទ្រស្រស់
ដ្បិតថា បច្ចុប្បន្នការប្រើប្រាស់ប្រាក់រៀលពីសំណាក់ប្រជាពលរដ្ឋមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ ក៏ប៉ុន្តែកំណើននេះ នៅមានកម្រិតនៅឡើយ បើធៀបនឹងទំហំប្រាក់ដុល្លារនៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ ការណ៍នេះ អ្នកទាំងស្រី រ៉ឹម តេង ក៏ដូចជាប្រជាពលរដ្ឋឯទៀត ជាពិសេសយុជន ចង់ឱ្យមានការជំរុញបន្ថែមនូវការទទួលយកការទូទាត់ថ្លៃទំនិញ និងសេវាកម្ម តែជាប្រាក់រៀល។
បើតាមលោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្តាញ ALISEA នៃអង្គការ GRET ប្រសិនបើម្ចាស់អាជីវកម្មនីមួយៗនៅក្នុងស្រុកគិតថ្លៃទំនិញ និងទទួលយកការទូទាត់តែជាប្រាក់រៀល នោះជាការជំរុញមួយកាន់តែប្រសើរដល់ពលរដ្ឋក្នុងការប្រើប្រាស់ប្រាក់រៀល។ «ភាគច្រើនការចំណាយរបស់ខ្ញុំធ្វើឡើងតាមរយៈQR Code។ អ៊ីចឹង បើម្ចាស់ហាងនៅស្រុកខ្មែរទាំងអស់ រាប់ទាំងហាងបាយតូចតាច ហាងទំនិញ និងផ្សារទំនើប... គិតតែជាលុយខ្មែរលើថ្លៃទំនិញ ហើយQR Code របស់គាត់ជាលុយខ្មែរដែរទៅ នោះយើងប្រាកដជានាំគ្នលុយខ្មែរច្រើនជាងដុល្លារហើយ។ ប៉ុន្តែក្នុងករណីដែលអាជីវករចេញវិក្កយបត្រតម្លៃ២ប្រភេទ ជាដុល្លារផង ជាខ្មែរផង នោះ ចង់ ឬមិនចង់យើងដែលជាចាយប្រាក់នឹងប្រៀបធៀបហើយ ថា ចាយប្រាក់មួយណាចំណេញជាង។ ប្រសិនបើអាជីវករដាក់តម្លៃអត្រាប្រាក់ដុល្លារខ្ពស់ ធ្វើឱ្យអ្នកចាយលុយរៀលខាតច្រើន នោះច្បាស់ណាស់អ្នកចាយនឹងទូទាត់ជាដុល្លារហើយ»។
លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្តាញ ALISEA នៃអង្គការ GRET
សម្រាប់លោក សុវណ្ណ ដើម្បីឱ្យការចរាចរប្រាក់រៀលមានទំហំកាន់តែធំនៅលើទីផ្សារ គឺគួរតែមានការកំណត់ក្នុងការទទួលយកការទូទាត់តែជាប្រាក់។ លោកបន្តរៀបរាប់ថា ៖ «បើសិនចង់ឱ្យមានការផ្លាស់ប្តូរប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន គឺចាប់ផ្តើមពីការចំណាយដែលទាក់ទងនឹងការលក់ដូរ។ ឧទាហរណ៍៖ ម្ចាស់ហាងដែលលក់ដូរទំនិញមានតម្លៃក្រោម១លានរៀល គឺត្រូវចេញវិក្កយបត្រតែជាលុយខ្មែរ។ ធ្វើដូច្នេះ អ្នកទិញទំនិញនឹងត្រូវចាយតែលុយខ្មែរហើយ។ ចំពោះថ្លៃទំនិញចាប់ពី១លានរៀលឡើងទៅ យើងអាចដាក់ជម្រើសឱ្យសម្រាប់អ្នកប្រើប្រាស់ប្រាក់ ដោយពួកគាត់ចង់ប្រើលុយខ្មែរក៏បាន លុយដុល្លារក៏បាន។
ជាមួយគ្នានេះ កញ្ញា សែស ស្រីភន អ្នករៀបចំផែនគម្រោងទំនាក់ទំនងសាធារណ នៅមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានបង្ហាញឆន្ទៈខ្ពស់ក្នុងការចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិ។
កញ្ញា សែស ស្រីភន អ្នករៀបចំផែនគម្រោងទំនាក់ទំនងសាធារណ នៅមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា
«រូបខ្ញុំផ្ទាល់ គឺចាយប្រាក់រៀល ហើយបើហាងទំនិញ ឬនៅកន្លែងណាដែលទទួលការទូទាត់ជាប្រាក់រៀល គឺខ្ញុំចាយប្រាក់រៀលហើយ។ ប៉ុន្តែ មានកន្លែងខ្លះបង្ខំឱ្យចាយប្រាក់ដុល្លារ ដោយសារហាងមួយចំនួន ទូទាត់ជាប្រាក់ដុល្លារ។ ដូច្នេះ! ចង់ ឬ មិនចង់ ក៏យើងត្រូវចាយជាដុល្លារ ដែរ។ អ៊ីចឹង! បើសិនជាមានការទទួលការទូទាត់ជាប្រាក់រៀលកាន់តែច្រើន គឺកាន់តែល្អ ហើយខ្ញុំចង់ឱ្យមានការចរាចរលុយខ្មែរយើងឱ្យបានកាន់តែទូលំទូលាយ ព្រោះប្រាក់រៀលជាអត្តសញ្ញាណជាតិយើង។ ដើម្បីធ្វើឱ្យប្រទេសយើងមាន មោទកភាពលើការប្រើរូបិយវត្ថុជាតិដូចប្រទេសគេបាន គឺ ខ្ញុំពេញចិត្តនឹងចូលរួម»។ នេះជាការលើកឡើងរបស់ ស្រីភន។