សេដ្ឋកិច្ច
អាស៊ាន
អាម៉េរិក ឆែក និងកាណាដា បង្កើនការទិញទុរេនពីវៀតណាម
30, Dec 2023 , 9:29 pm        
រូបភាព
ក្រៅពីចិន អាម៉េរិក សាធារណរដ្ឋឆែក និងកាណាដាបានចំណាយប្រាក់ចន្លោះពី២ទៅ ២៨ដងដើម្បីទិញទុរេនវៀតណាមនៅរយៈពេល ១១ខែឆ្នាំនេះ។

បើតាមស្ថិតិពីអគ្គនាយកដ្ឋានគយវៀតណាម រយៈពេល ១១ខែឆ្នាំនេះ ការនាំចេញទុរេន វៀតណាមទៅកាន់ទីផ្សារអន្តរជាតិបានដល់ជិត ២,២ ពាន់លានដុល្លារ ដែលកើនឡើងជិត ៥ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុង​នោះ​ទុរេន​ស្រស់​សម្រេច​បាន ​២​ពាន់​លាន​ដុល្លារ ដែលកើន​ឡើង​ជិត​៨​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២២។
 
ក្នុងនោះ ប្រទេសដែលនាំមុខគេក្នុងការនាំចូលទុរេនវៀតណាមគឺចិន ដែលមានចំណូល ១,៩៧ពាន់លានដុល្លារ កើនឡើង ១៥ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មក សាធារណរដ្ឋឆែកបានចំណាយប្រាក់ ៩,៧ លានដុល្លារ ទិញទុរេនវៀតណាម កើនឡើង ២៨ដង ដែលជាកំណើនខ្លាំងបំផុតក្នុងចំណោមប្រទេសដែលទិញផ្លែឈើនេះ។
 
បន្ថែមពីលើទីផ្សារទាំងពីរខាងលើ ការនាំចេញទុរេនទៅកាន់បារាំង កាណាដា អាម៉េរិក និងប៉ាពូអាស៊ីនូវែលហ្គីណេបានកើនឡើង ៣២ភាគរយដល់ដែលកើនឡើង ៨ដងធៀបគ្រាដូចគ្នាឆ្នាំមុន។
 
សារព័ត៌មាន VnExpress បានដកស្រង់សម្តីលោក Dang Phuc Nguyen ប្រធានសមាគមបន្លែ និងផ្លែឈើវៀតណាមថា តម្លៃទុរេនស្រស់វៀតណាម មានភាពល្អជាងប្រទេសមួយចំនួនដូចជាថៃ ម៉ាឡេស៊ី និងហ្វីលីពីន ខណៈដែលគុណភាពប្រហាក់ប្រហែលគ្នា។​
 
ជាមួយនឹងទីផ្សារចិន ទុរេនវៀតណាមកាន់តែមានអត្ថប្រយោជន៍ក្នុងការនាំចេញជាផ្លូវការ។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង បានបន្តលើកទឹកចិត្តវៀតណាមនាំចេញទុរេនទឹកកកទៅកាន់ទីផ្សារនេះ។ 
 
លោក​ Dang Phuc Nguyen បន្ត​ថា​ប្រសិនបើ​ទុរេន​វៀតណាម​ត្រូវ​បាន​យកចិត្តទុកដាក់​តាម​បច្ចេកទេស ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​នឹង​មិន​បារម្ភ​ពី​ការ​បាត់បង់​ចំណែក​ទីផ្សារ​នៅ​ចិន​ឡើយ​។
 
ទុរេនវៀតណាមមានគុណសម្បត្តិច្រើនលើសដៃគូប្រកួតប្រជែង ដោយវាអាចមានលក់ពេញមួយឆ្នាំ ដោយសារអាកាសធាតុ និងដីអំណោយផល ខណៈថៃមានតាមរដូវប៉ុណ្ណោះ។ ក្រៅ​ពី​នេះ តម្លៃ​ដឹក​ជញ្ជូន​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​មាន​តម្លៃ​ទាប​ជាង​​ថៃ៕ 
 

Tag:
 ទុរេន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com