ក្រៅពីចិន អាម៉េរិក សាធារណរដ្ឋឆែក និងកាណាដាបានចំណាយប្រាក់ចន្លោះពី២ទៅ ២៨ដងដើម្បីទិញទុរេនវៀតណាមនៅរយៈពេល ១១ខែឆ្នាំនេះ។
បើតាមស្ថិតិពីអគ្គនាយកដ្ឋានគយវៀតណាម រយៈពេល ១១ខែឆ្នាំនេះ ការនាំចេញទុរេន វៀតណាមទៅកាន់ទីផ្សារអន្តរជាតិបានដល់ជិត ២,២ ពាន់លានដុល្លារ ដែលកើនឡើងជិត ៥ ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះទុរេនស្រស់សម្រេចបាន ២ពាន់លានដុល្លារ ដែលកើនឡើងជិត៨ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
ក្នុងនោះ ប្រទេសដែលនាំមុខគេក្នុងការនាំចូលទុរេនវៀតណាមគឺចិន ដែលមានចំណូល ១,៩៧ពាន់លានដុល្លារ កើនឡើង ១៥ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់មក សាធារណរដ្ឋឆែកបានចំណាយប្រាក់ ៩,៧ លានដុល្លារ ទិញទុរេនវៀតណាម កើនឡើង ២៨ដង ដែលជាកំណើនខ្លាំងបំផុតក្នុងចំណោមប្រទេសដែលទិញផ្លែឈើនេះ។
បន្ថែមពីលើទីផ្សារទាំងពីរខាងលើ ការនាំចេញទុរេនទៅកាន់បារាំង កាណាដា អាម៉េរិក និងប៉ាពូអាស៊ីនូវែលហ្គីណេបានកើនឡើង ៣២ភាគរយដល់ដែលកើនឡើង ៨ដងធៀបគ្រាដូចគ្នាឆ្នាំមុន។
សារព័ត៌មាន VnExpress បានដកស្រង់សម្តីលោក Dang Phuc Nguyen ប្រធានសមាគមបន្លែ និងផ្លែឈើវៀតណាមថា តម្លៃទុរេនស្រស់វៀតណាម មានភាពល្អជាងប្រទេសមួយចំនួនដូចជាថៃ ម៉ាឡេស៊ី និងហ្វីលីពីន ខណៈដែលគុណភាពប្រហាក់ប្រហែលគ្នា។
ជាមួយនឹងទីផ្សារចិន ទុរេនវៀតណាមកាន់តែមានអត្ថប្រយោជន៍ក្នុងការនាំចេញជាផ្លូវការ។ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង បានបន្តលើកទឹកចិត្តវៀតណាមនាំចេញទុរេនទឹកកកទៅកាន់ទីផ្សារនេះ។
លោក Dang Phuc Nguyen បន្តថាប្រសិនបើទុរេនវៀតណាមត្រូវបានយកចិត្តទុកដាក់តាមបច្ចេកទេស ផលិតផលដែលមានគុណភាពខ្ពស់នឹងមិនបារម្ភពីការបាត់បង់ចំណែកទីផ្សារនៅចិនឡើយ។
ទុរេនវៀតណាមមានគុណសម្បត្តិច្រើនលើសដៃគូប្រកួតប្រជែង ដោយវាអាចមានលក់ពេញមួយឆ្នាំ ដោយសារអាកាសធាតុ និងដីអំណោយផល ខណៈថៃមានតាមរដូវប៉ុណ្ណោះ។ ក្រៅពីនេះ តម្លៃដឹកជញ្ជូននៃការនាំចេញទៅកាន់ទីផ្សារចិនមានតម្លៃទាបជាងថៃ៕