ជាតិ
អ្នកជំនាញ ផ្តើមរើគំនរថ្ម និងជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណ នៅប្រាសាទបាយ័ន កម្មករអាជ្ញាធរជាតិអប្សរាចាប់ផ្តើមរើថ្មដើម្បីជួសជុលកម្រាល និងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញនៅប្រាសាទបាយ័ន។ រូបភាពពីអាជ្ញាធរជាតិអប្សរា
×
សៀមរាប៖ អ្នកជំនាញនៃអាជ្ញាធរជាតិ អប្សរា បានចាប់ផ្តើមរើគំនរផ្ទាំងថ្មរាប់រយដុំ នៅរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិច ប្រាសាទបាយ័ន ដើម្បីជួសជុលកម្រាលដែលស្រុត និងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ។
គំនរផ្ទាំងថ្មទាំងនេះត្រូវបានបន្សល់ទុកតាំងពីអ្នកអភិរក្សជំនាន់បារាំងនាដើមសតវត្សទី២០មកម្ល៉េះ។ ទម្ងន់រាប់រយតោនរបស់គំនរថ្មទាំងនោះ បានធ្វើឱ្យកម្រាលថ្មរបស់រោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចប្រាសាទ បានស្រុត និងត្រូវការជួសជុលឡើងវិញ។
កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានប្រាសាទបាយ័ន បានបញ្ជាក់ប្រាប់សារព័ត៌មាន ឌីជីថលថ្មីៗថា ក្រុមការងារជំនាញ នឹងសាកល្បងជួសជុលកម្រាលថ្មដែលស្រុត និងផ្គុំគំនរថ្មដែលរើចេញនោះឡើងវិញ។
ចំណែកប្រព័ន្ធបង្ហូរទឹកបុរាណនោះចំណុចនេះ មិនមានដំណើរការជាយូរឆ្នាំមកហើយ ដែលតម្រូវឱ្យក្រុមអ្នកជំនាញជួសជុល ឱ្យវាមានដំណើរការឡើងវិញ និងបញ្ចៀសហានិភ័យដល់គ្រឹះប្រាសាទ។ កញ្ញា សុវណ្ណលីលីន បញ្ជាក់ដូច្នេះ ដោយបន្ថែមទៀតថា ការរើថ្មកម្រាលរោងទងទី១ និងជួសជុលប្រព័ន្ធបង្ហូរទឹកនេះ គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះវានឹងជួយឱ្យ ទឹកភ្លៀងដែលធ្លាក់ចេញពីខាងលើរួតទី៣មកក្រោមប្រាសាទហូរបានកាន់តែលឿន និងកាត់បន្ថយបរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទ។
«កាលណាបរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទច្រើន នាំឱ្យដីល្បាប់ខ្សាច់ហូរចេញទៅតាមទឹកភ្លៀង ដែលនឹងបង្កឱ្យគ្រឹះប្រាសាទ ចុះខ្សោយ»។ អ្នកជំនាញវ័យក្មេង ម៉េង សុវណ្ណលីលីន បញ្ជាក់ដូច្នេះ៕
Tag:
ប្រាសាទបាយ័ន
រើគំនរថ្ម
ប្រព័ន្ធបង្ហូរទឹកបុរាណ
ជួសជុលប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com