ជាតិ
អ្នកជំនាញ ផ្តើមរើគំនរថ្ម និងជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណ នៅប្រាសាទបាយ័ន
01, Feb 2024 , 7:59 am        
រូបភាព
កម្មករអាជ្ញាធរជាតិអប្សរាចាប់ផ្តើមរើថ្មដើម្បីជួសជុលកម្រាល និងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញនៅប្រាសាទបាយ័ន។ រូបភាពពីអាជ្ញាធរជាតិអប្សរា
កម្មករអាជ្ញាធរជាតិអប្សរាចាប់ផ្តើមរើថ្មដើម្បីជួសជុលកម្រាល និងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញនៅប្រាសាទបាយ័ន។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ អ្នកជំនាញនៃអាជ្ញាធរជាតិ អប្សរា បានចាប់ផ្តើមរើគំនរផ្ទាំងថ្មរាប់រយដុំ នៅរោងទងទី១ ផ្នែក​ខាងត្បូងឆៀងខាងលិច ប្រាសាទបាយ័ន ដើម្បីជួសជុលកម្រាល​ដែលស្រុត និងរៀបចំប្រព័ន្ធបង្ហូរ​ទឹកបុរាណឡើងវិញ។

 
គំនរផ្ទាំងថ្មទាំងនេះត្រូវបានបន្សល់ទុកតាំងពីអ្នកអភិរក្សជំនាន់បារាំងនាដើម​សតវត្ស​ទី២០មកម្ល៉េះ។ ​ទម្ងន់រាប់រយតោនរបស់គំនរថ្មទាំងនោះ បានធ្វើឱ្យ​កម្រាលថ្ម​របស់​រោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិច​ប្រាសាទ​ បានស្រុត និងត្រូវការ​ជួស​ជុលឡើងវិញ។ ​
 
កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានប្រាសាទបាយ័ន បានបញ្ជាក់ប្រាប់សារព័ត៌មាន ឌីជីថលថ្មីៗថា ក្រុមការងារជំនាញ នឹងសាកល្បង​ជួស​ជុល​កម្រាលថ្មដែលស្រុត និងផ្គុំគំនរថ្មដែលរើចេញនោះឡើងវិញ។
 
ចំណែកប្រព័ន្ធបង្ហូរទឹកបុរាណនោះចំណុចនេះ មិនមានដំណើរការជាយូរឆ្នាំមកហើយ ដែលតម្រូវឱ្យក្រុមអ្នកជំនាញ​ជួសជុល ឱ្យវាមានដំណើរការឡើងវិញ និងបញ្ចៀសហានិភ័​យ​ដល់គ្រឹះប្រាសាទ។ កញ្ញា សុវណ្ណលីលីន បញ្ជាក់ដូច្នេះ ដោយបន្ថែមទៀតថា  ការរើថ្មកម្រាលរោងទងទី១ និងជួសជុលប្រព័ន្ធបង្ហូរទឹក​នេះ ​គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះវានឹងជួយឱ្យ ​ទឹកភ្លៀងដែលធ្លាក់ចេញពីខាងលើ​រួតទី៣​មកក្រោមប្រាសាទហូរបានកាន់តែលឿន និងកាត់បន្ថយបរិមាណទឹកភ្លៀង​ហូរចូលទៅក្នុងគ្រឹះប្រាសាទ។
 
 «កាលណាបរិមាណ​ទឹកភ្លៀងហូរចូលទៅក្នុង​គ្រឹះប្រាសាទច្រើន នាំឱ្យ​ដីល្បាប់ខ្សាច់ហូរចេញទៅតាមទឹកភ្លៀង ដែលនឹងបង្កឱ្យគ្រឹះប្រាសាទ ចុះខ្សោយ»។ អ្នកជំនាញវ័យក្មេង ម៉េង សុវណ្ណលីលីន បញ្ជាក់ដូច្នេះ៕
 

Tag:
 ប្រាសាទបាយ័ន
  រើគំនរថ្ម
  ប្រព័ន្ធបង្ហូរទឹកបុរាណ
  ជួសជុលប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com