RFI
អន្តរជាតិ
ក្រុម​ហ៊ុនតៃវ៉ាន់​​ផលិតឧបករណ៍​​អេឡិចត្រូនិច បើកសម្ពោធ​រោងចក្រធំ​​ថ្មី​នៅ​ជប៉ុន
26, Feb 2024 , 7:59 am        
រូបភាព
លោក មូរីស ឆាង ស្ថាបនិកក្រុមហ៊ុនតៃវ៉ាន់ TSMC រួមជាមួយ​ដៃគូសហការ នៅក្នុង​ឱកាសសម្ពោធរោងចក្រថ្មី ដ៏ធំ នៅប្រទេសជប៉ុន។ via REUTERS – KYODO
លោក មូរីស ឆាង ស្ថាបនិកក្រុមហ៊ុនតៃវ៉ាន់ TSMC រួមជាមួយ​ដៃគូសហការ នៅក្នុង​ឱកាសសម្ពោធរោងចក្រថ្មី ដ៏ធំ នៅប្រទេសជប៉ុន។ via REUTERS – KYODO
ដោយ៖ហេង ឧត្តម/RFI
 
ក្រុម​ហ៊ុនតៃវ៉ាន់​​ផលិត​ឧបករណ៍និង​គ្រឿង​បម្លាស់​អេឡិចត្រូនិច បាន​បើកសម្ពោធ​រោងចក្រ​ថ្មី​ ដ៏ធំ នៅប្រទេស​​ជប៉ុន។​ តម្លៃសាងសង់​ ៨ ពាន់​លានអឺរ៉ូ។ ​ ​​​ស្ថាបនិក​ក្រុមហ៊ុន​តៃវ៉ាន់ TSMC បាន​គូស​បង្ហាញ​កាលពី​ថ្ងៃសៅរ៍​ ទី​២៤កុម្ភៈថា តម្រូវ​ការ​​គ្រឿង​បម្លាស់​អេឡិចត្រូនិចបាន​កើនឡើងខ្លាំង ​​អាស្រ័យ​ហេតុនេះ ទើប​ក្រុមហ៊ុន​សម្រេច​​​បង្កើត​រោង​ចក្រ​ថ្មី​បន្ថែម​ ​​ដើម្បី​ផ្គត់ផ្គង់​បំពេញតម្រូវការ​ នៅ​ជប៉ុន​​និង​ពិភពលោក​។

ស្ថាបនិកក្រុមហ៊ុនតៃវ៉ាន់ TSMC លោក មូរីស ឆាង មានប្រសាសន៍ ដោយ​ក្តីជឿជាក់​ថា រោងចក្រទី១ របស់​ក្រុមហ៊ុន​តៃវ៉ាន់ TSMC នឹង​​បំពេញតម្រូវការ​​ឧបករណ៍ គ្រឿង​បង្គំ និង​គ្រឿង​បម្លាស់​អេឡិចត្រូនិច ​ក្នុង​ប្រទេស​ជប៉ុន និងក៏ដូចជា​​នៅ​លើ​ពិភព លោក ។ ក្នុង​ពិធី​សម្ពោធ​រោងចក្រពីទី​ក្រុងកុមាមូតុរបស់ជប៉ុន​,  ឈ្មួញតៃវ៉ាន់ វ័យ​៩២ឆ្នាំរូបនេះ សង្កត់​ធ្ងន់​ទៀត​ថា វត្តមាន​របស់​ក្រុមហ៊ុនតៃវ៉ាន់នៅជប៉ុន នឹង​ជំរុញកំណើន​​ផលិត​គ្រឿង​បម្លាស់​អេឡិចត្រូនិច នៅ​ជប៉ុន ឲ្យកាន់តែ​ខ្លាំង​។
 
TSMC ជា​ក្រុម​ហ៊ុនតៃវ៉ាន់ ដ៏ធំ​ ដែល​តំណាង​ឲ្យ​ជិត​ពាក់កណ្តាល​នៃការ​​​ផលិតនិង​លក់​​គ្រឿង​បម្លាស់​អេឡិចត្រនិច សឺមីកុងដុកទ័រ នៅលើពិភពលោក។ អតិថិជន​របស់​ក្រុមហ៊ុននេះ មា​នក្រុមហ៊ុន ​Apple អាមេរិក​ជាដើម។ សាស្ត្រាចារ្យ គ្រីស មីល្លីម គ្រូបង្រៀន​សកលវិទ្យាល័យ​អាមេរិក​ Tufts ជិត​បូស្តុន បាន​កត់សម្គាល់ថា ការ​សង់រោងចក្រនៅ​ក្រុងកុមាមូតុរបស់ជប៉ុន ជាការបោះទុន​ដ៏​ធំ​របស់ក្រុមហ៊ុន​តៃវ៉ាន់។​ រោងចក្រថ្មីនឹង​ជំរុញ​ទំនាក់ទំនង​នយោបាយ​រវាង​ជប៉ុន​និងតៃវ៉ាន់​ផង ហើយ​និង​ធានាទំនុកទុកចិត្ត​ពីសំណាក់​អតិថិជន​​ដែរ។​
 
​បង្កើត​រោង​ចក្រ​ក្រៅកោះ​តៃវ៉ាន់  ​​ជា​សេចក្តី​ទាមទារ​១​របស់​អតិថិជន ព្រោះ​គេ​ខ្លាច​ក្រែង​មាន​ជម្លោះ​ទាស់ទែង​ធ្ងន់ធ្ងរ​ជាមួយរដ្ឋ​អំណាច​​ចិន​។ ការ​ជ្រើសរើស​​យក​ជប៉ុន​សម្រាប់​តាំង​មូលដ្ឋាន​រោងចក្រតៃវ៉ាន់​​ ​ជាជម្រើសយុទ្ធសាស្ត្រ​ល្អមួយ ពីព្រោះថា ​ជប៉ុន​នៅមិនឆ្ងាយ​ពី​តៃវ៉ាន់ ហើយ​រដ្ឋជប៉ុនក៏បាន​ជួយ​ឧបត្ថម្ភ​ធនថែមទៀត។ រដ្ឋាភិបាល​ជប៉ុន​បាន​ជួយ​ចេញ​លុយ ចំនួន ៤០% ​ ​ក្នុង​គម្រោង​សាងសង់​រោងចក្រ​ផលិត​គ្រឿង​បម្លាស់​អេឡិចត្រូនិក លើក​នេះ​​​។​
 
ក្នុងថ្ងៃ​​ពិធី​សម្ពោធ​ដំណើរការរោងចក្រតៃវ៉ាន់​ នាយករដ្ឋមន្ត្រី​ លោក ហ្វូមីអូ គីស៊ីដា បាន​ថ្លែង​ថា​ ប្រទេស​ជប៉ុន​​​ជា​កំពង់ផែ​ដោត​យុថ្កានៃ​យុទ្ធសាស្ត្រ​ពិភពលោក របស់​ក្រុម​ហ៊ុន​តៃវ៉ាន់​។ ប្រមុខរដ្ឋាភិបាល​រូបនេះ​ ក៏​ឆ្លៀត​ប្រកាស​ឲ្យដឹង​ដែរថា រាជរដ្ឋាភិបាល​ជប៉ុននឹង​បង្កើន​ការ​វិនិយោគ​​ទុន​​បន្ថែម ១គុណ​៣ ក្នុង​​ដំណើរការផលិត​និងលក់ឧបករណ៍​​គ្រឿង​បម្លាស់​អេឡិចត្រូនិច​។
 
ក្នុង​ខែ​កុម្ភៈនេះ ​ក្រុមហ៊ុន​តៃវ៉ាន់ TSMC បាន​ប្រកាស​សាងសង់​រោងចក្រ​ថ្មី ទី២ ​បន្ថែម​ទៀត នៅ​ក្រុង កុមាមូតុ ដែល​មាន​ជំនួយសហការដើមទុន​ពីក្រុមហ៊ុន​ហិរញ្ញវត្ថុ​នៅក្រុង​តូក្យូ ហើយ​និង​ក្រុមហ៊ុន​ឯកជន​ សូនី និង​តូយូតា។ រោងចក្រទី៣និងទី៤ នៅជប៉ុន ក៏បាន​ត្រៀម​គម្រោង​​សាងសង់​ ជាបន្តបន្ទាប់​ដែរ​។ បើតាម​ប្រភព​សារព័ត៌មាន​ក្នុងស្រុក ក្រុមហ៊ុន​តៃវ៉ាន់ TSMC ក៏កំពុងតែ​សាង​សង់​​រោងចក្រ​ នៅ​រដ្ឋ​អារីហ្សូណា ប៉ែក​នីរតី​សហរដ្ឋអាមេរិក តែ​យឺតយ៉ាវ​បន្តិច​ ហើយគ្រោង​សង់​​រោងចក្រ​មួយទៀតនៅអឺរ៉ុប​ គឺនៅក្នុង​ប្រទេស​អាល្លឺម៉ង់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com