RFI
អន្តរជាតិ
ក្រុមហ៊ុនតៃវ៉ាន់ផលិតឧបករណ៍អេឡិចត្រូនិច បើកសម្ពោធរោងចក្រធំថ្មីនៅជប៉ុន លោក មូរីស ឆាង ស្ថាបនិកក្រុមហ៊ុនតៃវ៉ាន់ TSMC រួមជាមួយដៃគូសហការ នៅក្នុងឱកាសសម្ពោធរោងចក្រថ្មី ដ៏ធំ នៅប្រទេសជប៉ុន។ via REUTERS – KYODO
×
ដោយ៖ហេង ឧត្តម/RFI
ក្រុមហ៊ុនតៃវ៉ាន់ផលិតឧបករណ៍និងគ្រឿងបម្លាស់អេឡិចត្រូនិច បានបើកសម្ពោធរោងចក្រថ្មី ដ៏ធំ នៅប្រទេសជប៉ុន។ តម្លៃសាងសង់ ៨ ពាន់លានអឺរ៉ូ។ ស្ថាបនិកក្រុមហ៊ុនតៃវ៉ាន់ TSMC បានគូសបង្ហាញកាលពីថ្ងៃសៅរ៍ ទី២៤កុម្ភៈថា តម្រូវការគ្រឿងបម្លាស់អេឡិចត្រូនិចបានកើនឡើងខ្លាំង អាស្រ័យហេតុនេះ ទើបក្រុមហ៊ុនសម្រេចបង្កើតរោងចក្រថ្មីបន្ថែម ដើម្បីផ្គត់ផ្គង់បំពេញតម្រូវការ នៅជប៉ុននិងពិភពលោក។
ស្ថាបនិកក្រុមហ៊ុនតៃវ៉ាន់ TSMC លោក មូរីស ឆាង មានប្រសាសន៍ ដោយក្តីជឿជាក់ថា រោងចក្រទី១ របស់ក្រុមហ៊ុនតៃវ៉ាន់ TSMC នឹងបំពេញតម្រូវការឧបករណ៍ គ្រឿងបង្គំ និងគ្រឿងបម្លាស់អេឡិចត្រូនិច ក្នុងប្រទេសជប៉ុន និងក៏ដូចជានៅលើពិភព លោក ។ ក្នុងពិធីសម្ពោធរោងចក្រពីទីក្រុងកុមាមូតុរបស់ជប៉ុន, ឈ្មួញតៃវ៉ាន់ វ័យ៩២ឆ្នាំរូបនេះ សង្កត់ធ្ងន់ទៀតថា វត្តមានរបស់ក្រុមហ៊ុនតៃវ៉ាន់នៅជប៉ុន នឹងជំរុញកំណើនផលិតគ្រឿងបម្លាស់អេឡិចត្រូនិច នៅជប៉ុន ឲ្យកាន់តែខ្លាំង។
TSMC ជាក្រុមហ៊ុនតៃវ៉ាន់ ដ៏ធំ ដែលតំណាងឲ្យជិតពាក់កណ្តាលនៃការផលិតនិងលក់គ្រឿងបម្លាស់អេឡិចត្រនិច សឺមីកុងដុកទ័រ នៅលើពិភពលោក។ អតិថិជនរបស់ក្រុមហ៊ុននេះ មានក្រុមហ៊ុន Apple អាមេរិកជាដើម។ សាស្ត្រាចារ្យ គ្រីស មីល្លីម គ្រូបង្រៀនសកលវិទ្យាល័យអាមេរិក Tufts ជិតបូស្តុន បានកត់សម្គាល់ថា ការសង់រោងចក្រនៅក្រុងកុមាមូតុរបស់ជប៉ុន ជាការបោះទុនដ៏ធំរបស់ក្រុមហ៊ុនតៃវ៉ាន់។ រោងចក្រថ្មីនឹងជំរុញទំនាក់ទំនងនយោបាយរវាងជប៉ុននិងតៃវ៉ាន់ផង ហើយនិងធានាទំនុកទុកចិត្តពីសំណាក់អតិថិជនដែរ។
បង្កើតរោងចក្រក្រៅកោះតៃវ៉ាន់ ជាសេចក្តីទាមទារ១របស់អតិថិជន ព្រោះគេខ្លាចក្រែងមានជម្លោះទាស់ទែងធ្ងន់ធ្ងរជាមួយរដ្ឋអំណាចចិន។ ការជ្រើសរើសយកជប៉ុនសម្រាប់តាំងមូលដ្ឋានរោងចក្រតៃវ៉ាន់ ជាជម្រើសយុទ្ធសាស្ត្រល្អមួយ ពីព្រោះថា ជប៉ុននៅមិនឆ្ងាយពីតៃវ៉ាន់ ហើយរដ្ឋជប៉ុនក៏បានជួយឧបត្ថម្ភធនថែមទៀត។ រដ្ឋាភិបាលជប៉ុនបានជួយចេញលុយ ចំនួន ៤០% ក្នុងគម្រោងសាងសង់រោងចក្រផលិតគ្រឿងបម្លាស់អេឡិចត្រូនិក លើកនេះ។
ក្នុងថ្ងៃពិធីសម្ពោធដំណើរការរោងចក្រតៃវ៉ាន់ នាយករដ្ឋមន្ត្រី លោក ហ្វូមីអូ គីស៊ីដា បានថ្លែងថា ប្រទេសជប៉ុនជាកំពង់ផែដោតយុថ្កានៃយុទ្ធសាស្ត្រពិភពលោក របស់ក្រុមហ៊ុនតៃវ៉ាន់។ ប្រមុខរដ្ឋាភិបាលរូបនេះ ក៏ឆ្លៀតប្រកាសឲ្យដឹងដែរថា រាជរដ្ឋាភិបាលជប៉ុននឹងបង្កើនការវិនិយោគទុនបន្ថែម ១គុណ៣ ក្នុងដំណើរការផលិតនិងលក់ឧបករណ៍គ្រឿងបម្លាស់អេឡិចត្រូនិច។
ក្នុងខែកុម្ភៈនេះ ក្រុមហ៊ុនតៃវ៉ាន់ TSMC បានប្រកាសសាងសង់រោងចក្រថ្មី ទី២ បន្ថែមទៀត នៅក្រុង កុមាមូតុ ដែលមានជំនួយសហការដើមទុនពីក្រុមហ៊ុនហិរញ្ញវត្ថុនៅក្រុងតូក្យូ ហើយនិងក្រុមហ៊ុនឯកជន សូនី និងតូយូតា។ រោងចក្រទី៣និងទី៤ នៅជប៉ុន ក៏បានត្រៀមគម្រោងសាងសង់ ជាបន្តបន្ទាប់ដែរ។ បើតាមប្រភពសារព័ត៌មានក្នុងស្រុក ក្រុមហ៊ុនតៃវ៉ាន់ TSMC ក៏កំពុងតែសាងសង់រោងចក្រ នៅរដ្ឋអារីហ្សូណា ប៉ែកនីរតីសហរដ្ឋអាមេរិក តែយឺតយ៉ាវបន្តិច ហើយគ្រោងសង់រោងចក្រមួយទៀតនៅអឺរ៉ុប គឺនៅក្នុងប្រទេសអាល្លឺម៉ង់៕
© រក្សាសិទ្ធិដោយ thmeythmey.com