អន្តរជាតិ
សម្តេចហ៊ុន ម៉ាណែត អបអរលោក ពូទីន ឈ្នះឆ្នោតជាប្រធានាធិបតីរុស្ស៊ី
20, Mar 2024 , 2:29 pm        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី (ឆ្វេង) និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព AFP និងFacebook_Samdech Thipadei Hun Manet
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី (ឆ្វេង) និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព AFP និងFacebook_Samdech Thipadei Hun Manet
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើលិខិតអបអរសាទរលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលបានឈ្នះឆ្នោតក្នុងសំឡេងដ៏ច្រើនលើសលុប ដ្បិតគ្មានសំឡេងប្រឆាំងដ៏សំខាន់។ បើតាមសម្តេច ហ៊ុន ម៉ាណែត រដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយលោកពូទីន និងរដ្ឋាភិបាលរុស្ស៊ី ដើម្បីឈានដល់យុគថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

  
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានឈ្នះឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ដោយទទួលបានសំឡេងគាំទ្រ ប្រមាណ ៨៧ភាគរយ ដោយគ្មានអ្នកនយោបាយប្រឆាំងដ៏សំខាន់។  នេះជាសំឡេងគាំទ្រដ៏ច្រើន ចាប់តាំងពីមានការបោះឆ្នោតប្រធានាធិបតីក្រោយសហភាពសូវៀតដួលរលំ។ 
 
ក្រោយលោកពូទីនទទួលបានជ័យជម្នះបែបនេះ មេដឹកនាំកម្ពុជា បានផ្ញើលិខិតអបអរសាទរ និងត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងទំនាក់ទំនងទៅកាន់កម្រិតថ្មី។ 
 
«ខ្ញុំមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចប្រើប្រាស់លើសក្តានុពលនៃទំនាក់ទំនងឱ្យបានពេញលេញ និងភាពជាដៃគូរវាងប្រទេសទាំងពីរនៅក្នុងវិស័យដែលមានស្រាប់ និងវិស័យនៅក្នុងពេលអនាគត»។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ នៅក្នុងលិខិតអបអរផ្ញើទៅកាន់លោកពូទីន នៅថ្ងៃទី២០ ខែមីនា។ 
 
ដោយតំណាងឱ្យរដ្ឋាភិបាលកម្ពុជា សម្តេច បានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយលោកពូទីន និងរដ្ឋាភិបាលរុស្ស៊ី ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការទៅក្នុងកម្រិតថ្មីមួយ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងអាចសម្រេចបានសន្តិភាព វិបុលភាព និងភាពរីកចម្រើននៅក្នុងតំបន់ និងពិភពលោក។ 
 
ទន្ទឹមនេះ សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែមីនា បានផ្ញើសារអបអរលោកពូទីន ដែលបន្តជាប់ជាមេដឹកនាំរុស្ស៊ីផងដែរ។ 
 
ក្រៅពីកម្ពុជា មេដឹកនាំចិន ឥណ្ឌា កូរ៉េខាងជើង អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បាន​ផ្ញើសារអបអរមេដឹកនាំរុស្ស៊ី ខណៈបណ្តាប្រទេសលោកខាងលិចរិះគន់ការបោះឆ្នោតនៅរុស្ស៊ីថា គ្មានភាពសេរី ប្រជាធិបតេយ្យ និងពហុបក្ស។ 
 
សូមបញ្ជាក់ថា កម្ពុជា និងសហភាពសូវៀត បានភ្ជាប់ទំនាក់ទំនងជាផ្លូវការនៅក្នុងឆ្នាំ១៩៥៦ មុននឹងទទួលស្គាល់រុស្ស៊ី នៅក្នុងឆ្នាំ ១៩៩១។ មកទល់ពេលនេះ ទំនាក់ទំនងរុស្ស៊ីកម្ពុជា មានរយៈពេល ៦៨ឆ្នាំហើយ។ កន្លងមក អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្អែកលើមិត្តភាពយូរអង្វែង៕ 
 

Tag:
 កម្ពុជា
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com