RFI
អន្តរជាតិ
ប្រធានាធិបតី​បារាំង​ប្រកាស​បើក​​ប្រតិបត្តិការ XXL​ ប្រឆាំង​គ្រឿង​ញៀន​ទូទាំងប្រទេស
21, Mar 2024 , 3:20 pm        
រូបភាព
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
 
នៅ​ថ្ងៃអង្គារទី​១៩​មីនា ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ដោយ​ឥតព្រៀង​ទុក នៅ​ក្រុង​ម៉ារសី ក្រុង​ធំ​ទី​ពីរ​របស់​បារាំង​​ដែល​ស្ថិត​នៅភាគ​ខាងត្បូង​ប្រទេស។ នៅទីនោះ​លោក​ម៉ាក្រុង បាន​ប្រកាស​បើក​ប្រតិបត្តិការ​កម្ចាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀន ទ្រង់ទ្រាយ​ធំ ទូទាំង​ប្រទេស។

 
កម្មវត្ថុ​នៃ​ប្រតិបត្តិការ​ គឺកាត់​​បំផ្លាញ​បណ្តាញនិង​ពួក​​អ្នក​ជួញដូរ​គ្រឿង​ញៀន ព្រម​ទាំងដៃ​ជើង។ នេះ​ជា​ការ​ពន្យល់​របស់​លោកប្រធានាធិបតី​​ទៅ​កាន់​ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​ម៉ារសី​ ដោយគូស​បញ្ជាក់ថែម​ទៀត​​ថា ប្រតិបត្តិការ​នៅ​ម៉ារសី ជា​ចំណែក​ដំបូង​មួយ​នៃ​ប្រតិបត្តិការ​ខ្នាត​ធំ​​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន ដែល​នឹង​បន្ត​ធ្វើ​នៅទូទាំង​ប្រទេស។ ប្រតិបត្តិការ​​ ពីរ​ថ្ងៃ​ ដែល​មានប្រើ​កម្លាំង​​នគរបាល​និង​ភ្នាក់ងារ​គយ​ជាង​៩០០នាក់​កាលពី​ថ្ងៃ​ចន្ទ និង​៨០០នាក់​នៅថ្ងៃអង្គារ​ បាន​ចាប់​ខ្លួន​មនុស្ស​៩៨នាក់ ឃាត់​ខ្លួនបណ្តោះ​អាសន្ន​៧១នាក់ អាវុធ​បួន​ដើម លុយសុទ្ធ​ជាង​៣៨ម៉ឺន​អឺរ៉ូ ព្រមទាំង​កញ្ឆា​៨,៧​គីឡូក្រាម និង​អាភៀន​៣៣៩​ក្រាម ឬ​ជាង​បី​ខាំ។
 
ជាមួយ​នឹង​ការ​ផ្តល់តុល្យការ​ លោក​ម៉ាក្រុង ​គ្រឿង​ញៀន​ជា​សត្រូវរបស់​សង្គម​ជាតិ​​ ដូច្នេះ​​កងកម្លាំង​មាន​សមត្ថកិច្ច នឹងបន្ត​​​ប្រតិបត្តិការខ្នាត​​XXL ជា​ច្រើន​ទៀត ​ក្នុង​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​ទៀត ដើម្បី​ចិញ្ចាំ​កម្ទេច​បណ្តាញបញ្ឈប់​ឈឹង​សកម្មភាព​ជួញ​ដូរ​គ្រឿង​ញៀន។
 
សូម​បញ្ជាក់​ថា បារាំង​ប្រកាស​ធ្វើ​ប្រតិបត្តិការ​ធំ​ប្រឆាំង​នឹង​គ្រឿង​ញៀន ក្រោយ​ពី​ក្រុម​ចៅ​ក្រម​បាន​ទាញ​សញ្ញា​អាសន្ន​ កាលពី​ពីរ​សប្តាហ៍​មុន​ សុំ​រដ្ឋាភិបាល​ចាត់​វិធានការ​សង្គ្រោះ​ក្រុង​ម៉ារសី​ពី​ដៃ​ពួក​មេ​ជួញ​ដូរ​គ្រឿង​ញៀន។ ជាក្រុងធំ​​ទីពីរ​របស់​បារាំងបន្ទាប់​ពី​ប៉ារីស ម៉ារសីផ្នែក​ខ្លះ​​បាន​ក្លាយ​ជា​តំបន់​ក្តៅ​គគុក មាន​​​អសន្តិសុខយ៉ាង​​ខ្លាំង ​និងហិង្សា​ បង្ក​ឡើងដោយ​ក្រុម​​ជន​អន្ធពាល​​ពីរក្រុម​​ ដែល​​ដណ្តើមនិង​ប្រជែង​​គ្នា​​លក់​គ្រឿ​ងញៀន។ សង្គ្រាម​រវាង​ក្រុម​អន្ធពាល​គ្រឿង​ញៀន​ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​៤៩នាក់ និង​១២៣នាក់ រង​របួស​នៅ​ឆ្នាំ​២០២៣។
 
ស្ថានភាព​​ទើប​បាន​ស្ងប់​បន្តិចចាប់​​តាំងពី​ខែ​តុលាមក  ព្រោះ​បើ​តាម​​នាយករដ្ឋមន្ត្រីបារាំង ​ ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​មិនមែនទើប​ចាប់​ផ្តើម​នៅ​ថ្ងៃអង្គារ​មិ្សលមិញ​ទេ។ ក្រៅ​អំពី​ប្រតិបត្តិការ​​កាត់​ផ្តាច់​បណ្តាញ​តាមមូលដ្ឋាន​ អាជ្ញាធរ​បារាំង​បាន​ចេញ​ធ្វើ​យុទ្ធនាការជាច្រើន​ផ្សេង​ទៀត​ ​ដើម្បី​សង្គប់ចាប់​បណ្តាញ​​ក្រុមអន្ធពាល​ចម្បងទាំងពីរ​​នៅ​ម៉ារសី។ កាលពី​ដើម​ខែ​មីនា​  មេជួញ​ដូរ​គ្រឿង​ញៀន​នៃ​ក្រុម​អន្ធពាល​Yoda ឈ្មោះ​Félix Bingui ​រហ័សនាម “​ឆ្មា” ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ប្រទេស​ម៉ារ៉ុក។ សប្តាហ៍មុន កូន​ចៅ​របស់​ក្រុម​អន្ធពាល​DZ Mafia ចំនួន​១៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​១០នាក់​ត្រូវ​បាន​តុលាការម៉ារសី​​ធ្វើការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀននៅ​ថ្ងៃសៅរ៍ទី​១៦​មីនា​​ហើយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com