RFI
អន្តរជាតិ
ប្រធានាធិបតីបារាំងប្រកាសបើកប្រតិបត្តិការ XXL ប្រឆាំងគ្រឿងញៀនទូទាំងប្រទេស
×
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
នៅថ្ងៃអង្គារទី១៩មីនា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញទៅបំពេញទស្សនកិច្ចដោយឥតព្រៀងទុក នៅក្រុងម៉ារសី ក្រុងធំទីពីររបស់បារាំងដែលស្ថិតនៅភាគខាងត្បូងប្រទេស។ នៅទីនោះលោកម៉ាក្រុង បានប្រកាសបើកប្រតិបត្តិការកម្ចាត់ការជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ ទូទាំងប្រទេស។
កម្មវត្ថុនៃប្រតិបត្តិការ គឺកាត់បំផ្លាញបណ្តាញនិងពួកអ្នកជួញដូរគ្រឿងញៀន ព្រមទាំងដៃជើង។ នេះជាការពន្យល់របស់លោកប្រធានាធិបតីទៅកាន់ប្រជាពលរដ្ឋរស់នៅក្រុងម៉ារសី ដោយគូសបញ្ជាក់ថែមទៀតថា ប្រតិបត្តិការនៅម៉ារសី ជាចំណែកដំបូងមួយនៃប្រតិបត្តិការខ្នាតធំប្រឆាំងនឹងការជួញដូរគ្រឿងញៀន ដែលនឹងបន្តធ្វើនៅទូទាំងប្រទេស។ ប្រតិបត្តិការ ពីរថ្ងៃ ដែលមានប្រើកម្លាំងនគរបាលនិងភ្នាក់ងារគយជាង៩០០នាក់កាលពីថ្ងៃចន្ទ និង៨០០នាក់នៅថ្ងៃអង្គារ បានចាប់ខ្លួនមនុស្ស៩៨នាក់ ឃាត់ខ្លួនបណ្តោះអាសន្ន៧១នាក់ អាវុធបួនដើម លុយសុទ្ធជាង៣៨ម៉ឺនអឺរ៉ូ ព្រមទាំងកញ្ឆា៨,៧គីឡូក្រាម និងអាភៀន៣៣៩ក្រាម ឬជាងបីខាំ។
ជាមួយនឹងការផ្តល់តុល្យការ លោកម៉ាក្រុង គ្រឿងញៀនជាសត្រូវរបស់សង្គមជាតិ ដូច្នេះកងកម្លាំងមានសមត្ថកិច្ច នឹងបន្តប្រតិបត្តិការខ្នាតXXL ជាច្រើនទៀត ក្នុងរយៈពេលជាច្រើនសប្តាហ៍ទៀត ដើម្បីចិញ្ចាំកម្ទេចបណ្តាញបញ្ឈប់ឈឹងសកម្មភាពជួញដូរគ្រឿងញៀន។
សូមបញ្ជាក់ថា បារាំងប្រកាសធ្វើប្រតិបត្តិការធំប្រឆាំងនឹងគ្រឿងញៀន ក្រោយពីក្រុមចៅក្រមបានទាញសញ្ញាអាសន្ន កាលពីពីរសប្តាហ៍មុន សុំរដ្ឋាភិបាលចាត់វិធានការសង្គ្រោះក្រុងម៉ារសីពីដៃពួកមេជួញដូរគ្រឿងញៀន។ ជាក្រុងធំទីពីររបស់បារាំងបន្ទាប់ពីប៉ារីស ម៉ារសីផ្នែកខ្លះបានក្លាយជាតំបន់ក្តៅគគុក មានអសន្តិសុខយ៉ាងខ្លាំង និងហិង្សា បង្កឡើងដោយក្រុមជនអន្ធពាលពីរក្រុម ដែលដណ្តើមនិងប្រជែងគ្នាលក់គ្រឿងញៀន។ សង្គ្រាមរវាងក្រុមអន្ធពាលគ្រឿងញៀន បានសម្លាប់ជីវិតមនុស្សអស់៤៩នាក់ និង១២៣នាក់ រងរបួសនៅឆ្នាំ២០២៣។
ស្ថានភាពទើបបានស្ងប់បន្តិចចាប់តាំងពីខែតុលាមក ព្រោះបើតាមនាយករដ្ឋមន្ត្រីបារាំង ប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនមិនមែនទើបចាប់ផ្តើមនៅថ្ងៃអង្គារមិ្សលមិញទេ។ ក្រៅអំពីប្រតិបត្តិការកាត់ផ្តាច់បណ្តាញតាមមូលដ្ឋាន អាជ្ញាធរបារាំងបានចេញធ្វើយុទ្ធនាការជាច្រើនផ្សេងទៀត ដើម្បីសង្គប់ចាប់បណ្តាញក្រុមអន្ធពាលចម្បងទាំងពីរនៅម៉ារសី។ កាលពីដើមខែមីនា មេជួញដូរគ្រឿងញៀននៃក្រុមអន្ធពាលYoda ឈ្មោះFélix Bingui រហ័សនាម “ឆ្មា” ត្រូវបានឃាត់ខ្លួននៅប្រទេសម៉ារ៉ុក។ សប្តាហ៍មុន កូនចៅរបស់ក្រុមអន្ធពាលDZ Mafia ចំនួន១៣នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ១០នាក់ត្រូវបានតុលាការម៉ារសីធ្វើការចោទប្រកាន់ជាផ្លូវការពីបទជួញដូរគ្រឿងញៀននៅថ្ងៃសៅរ៍ទី១៦មីនាហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com