ប្រធានក្រុមហ៊ុន និងស្ថាបនិកក្រុមហ៊ុនលក់រាយPang Dong Lai ក្នុងខេត្តHenan នៅក្នុងខែមីនា បានប្រកាសថា បុគ្គលិកនៅក្រុមហ៊ុនរបស់លោក អាចមានសិទ្ធិឈប់សម្រាក១០ថ្ងៃបន្ថែម ពីលើថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ប្រសិនបើមានអារម្មណ៍មិនល្អ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃទី១០ ខែមីនា។
ប្រាក់បៀវត្សទាប, បញ្ហាទំនាក់ទំនង និងការបំពេញការងារលើសម៉ោង តែងត្រូវបានចាត់ទុកជាបញ្ហាដ៏សំខាន់ ដែលធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់អារម្មណ៍របស់បុគ្គលិកនៅចិន។ តាមការស្រង់មតិនៅក្នុងឆ្នាំ២០២១ ពាក់ព័ន្ធនឹងផ្នែកផ្លូវអារម្មណ៍នៅកន្លែងការងារនៅចិន បុគ្គលិកចំនួនលើសពី ៦៥ភាគរយ បានបង្ហាញពីភាពអស់កម្លាំង និងមិនសប្បាយចិត្តនៅកន្លែងការងារ។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុនលក់រាយមួយនៅចិន បានអនុញ្ញាតឱ្យបុគ្គលិកមានសិទ្ធិឈប់សម្រាកបន្ថែមរយៈពេល ១០ថ្ងៃ ប្រសិនបើមិនសប្បាយចិត្ត។
«ខ្ញុំចង់ឱ្យសហការីទាំងអស់មានសេរីភាព។ ពួកគេត្រូវតែមានពេលឈប់សម្រាកនៅពេលពួកគេមិនសប្បាយចិត្ត។ ដូចនេះ បើមិនសប្បាយចិត្ត កុំមកធ្វើការ»។ លោក Yu Donglai ប្រធាន និងជាស្ថាបនិកក្រុមហ៊ុនPang Dong Lai បានបញ្ជាក់បែបនេះ នៅក្នុងកម្មវិធី2024’s China Supermarket Week រៀបចំឡើងនៅចុងខែមីនា ឆ្នាំ២០២៤។
ក្នុងកម្មវិធីដដែលនោះ ប្រធានក្រុមហ៊ុនរូបនេះ បានយល់ឃើញថា បុគ្គលិក គួរតែមានពេលសម្រាកសម្រាប់ខ្លួនឯង ហើយពួកគេគួរតែមានពេលសម្រាកគ្រប់គ្រាន់។ ត្រង់ចំណុចនេះ លោក Yu បានអះអាងថា ច្បាប់អនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាកពេលមិនសប្បាយចិត្ត មិនគួរត្រូវបានបដិសេធនៅក្នុងការគ្រប់គ្រងឡើយ។
សូម្បីតែអ្នកលេងបណ្តាញសង្គម Weibo របស់ចិន ក៏បានបង្ហាញការគាំទ្រចំពោះគំនិតបែបនេះដែរ។ តាមការបញ្ចេញមតិរបស់គណនីមួយ ប្រធានក្រុមហ៊ុន និងបរិយាកាសធ្វើការដ៏ល្អដូចខាងលើ គួរតែត្រូវបានផ្សព្វផ្សាយនៅទូទាំងប្រទេសចិន។ ចំណែកគណនីមួយចំនួន បានបង្ហាញចំណាប់អារម្មណ៍ចង់ផ្លាស់ប្តូរក្រុមហ៊ុនទៅធ្វើនៅក្រុមហ៊ុនលក់រាយ Pang Dong Lai វិញ។
នៅក្នុងក្រុមហ៊ុន Pang Dong Lai ប្រាក់បៀវត្សជាមធ្យមប្រចាំខែមានចំនួន ៩៧០ដុល្លារ ខណៈប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិកនៅក្រុមហ៊ុនផ្សេងទៀត ទាបជាងក្រុមហ៊ុននេះជិតពាក់កណ្តាល។ មិនតែប៉ុណ្ណោះ លោក Yu បានអនុញ្ញាតឱ្យបុគ្គលិកធ្វើការត្រឹម ៧ម៉ោង ក្នុងមួយថ្ងៃថែមទៀត។
គួររម្លឹកថា នៅក្នុងឆ្នាំ២០២៣ លោក Yu ក៏ធ្លាប់រិះគន់ប្រធានក្រុមហ៊ុន ដែលគាំទ្រឱ្យបុគ្គលិកធ្វើការជាច្រើនម៉ោងផងដែរ។ លោកYu បានសង្កត់ធ្ងន់ថា ការធ្វើការច្រើនម៉ោង គឺមិនមែនជាវិជ្ជាជីវៈឡើយ ហើយជាការរឹតត្បិតឱកាសបុគ្គលិកក្នុងការអភិវឌ្ឍខ្លួន៕