អន្តរជាតិ
បុគ្គលិកនៅក្រុមហ៊ុនចិនមួយអាចដាក់ច្បាប់ឈប់សម្រាក ប្រសិនមិនសប្បាយចិត្ត
12, Apr 2024 , 11:13 am        
រូបភាព
លោក Pang Dong Lai ប្រធានក្រុមហ៊ុនលក់រាយPang Dong Lai (ក្នុងរង្វង់)។ រូួបភាព South China Morning Post
លោក Pang Dong Lai ប្រធានក្រុមហ៊ុនលក់រាយPang Dong Lai (ក្នុងរង្វង់)។ រូួបភាព South China Morning Post
ប្រធានក្រុមហ៊ុន និងស្ថាបនិកក្រុមហ៊ុនលក់រាយPang Dong Lai ក្នុងខេត្តHenan នៅក្នុងខែមីនា បានប្រកាសថា បុគ្គលិកនៅក្រុមហ៊ុនរបស់លោក អាចមានសិទ្ធិឈប់សម្រាក១០ថ្ងៃបន្ថែម ពីលើថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ប្រសិនបើមានអារម្មណ៍មិនល្អ។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃទី១០ ខែមីនា។​

 
ប្រាក់បៀវត្សទាប, បញ្ហាទំនាក់ទំនង និងការបំពេញការងារលើសម៉ោង តែងត្រូវបានចាត់ទុកជាបញ្ហាដ៏សំខាន់ ដែលធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់អារម្មណ៍របស់បុគ្គលិកនៅចិន។ តាមការស្រង់មតិនៅក្នុងឆ្នាំ២០២១ ពាក់ព័ន្ធនឹងផ្នែកផ្លូវអារម្មណ៍នៅកន្លែងការងារនៅចិន បុគ្គលិកចំនួន​លើសពី ៦៥ភាគរយ បានបង្ហាញពីភាពអស់កម្លាំង និងមិនសប្បាយចិត្តនៅកន្លែងការងារ។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមហ៊ុនលក់រាយមួយនៅចិន បានអនុញ្ញាតឱ្យបុគ្គលិកមានសិទ្ធិឈប់សម្រាកបន្ថែមរយៈពេល ១០ថ្ងៃ ប្រសិនបើមិនសប្បាយចិត្ត។ 
 
«ខ្ញុំចង់ឱ្យសហការីទាំងអស់មានសេរីភាព។ ពួកគេត្រូវតែមានពេលឈប់សម្រាកនៅពេលពួកគេមិនសប្បាយចិត្ត។ ដូចនេះ បើមិនសប្បាយចិត្ត កុំមកធ្វើការ»។ លោក​ Yu Donglai ប្រធាន និងជាស្ថាបនិកក្រុមហ៊ុនPang Dong Lai បានបញ្ជាក់បែបនេះ នៅក្នុងកម្មវិធី2024’s China Supermarket Week រៀបចំឡើងនៅចុងខែមីនា ឆ្នាំ២០២៤។ 
 
ក្នុងកម្មវិធីដដែលនោះ ប្រធានក្រុមហ៊ុនរូបនេះ បានយល់ឃើញថា បុគ្គលិក គួរតែមានពេលសម្រាកសម្រាប់ខ្លួនឯង ហើយពួកគេគួរតែមានពេលសម្រាកគ្រប់គ្រាន់។ ត្រង់ចំណុចនេះ លោក Yu បានអះអាងថា ច្បាប់អនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាកពេលមិនសប្បាយចិត្ត មិនគួរត្រូវបានបដិសេធនៅក្នុងការគ្រប់គ្រងឡើយ។
 
សូម្បីតែអ្នកលេងបណ្តាញសង្គម Weibo របស់ចិន ក៏បានបង្ហាញការគាំទ្រចំពោះគំនិតបែបនេះដែរ។ តាមការបញ្ចេញមតិរបស់គណនីមួយ ប្រធានក្រុមហ៊ុន និងបរិយាកាសធ្វើការដ៏ល្អដូចខាងលើ គួរតែត្រូវបានផ្សព្វផ្សាយនៅទូទាំងប្រទេសចិន។ ចំណែកគណនីមួយចំនួន បានបង្ហាញចំណាប់អារម្មណ៍ចង់ផ្លាស់ប្តូរក្រុមហ៊ុនទៅធ្វើនៅក្រុមហ៊ុនលក់រាយ Pang Dong Lai វិញ។ 
 
នៅក្នុងក្រុមហ៊ុន Pang Dong Lai ប្រាក់បៀវត្សជាមធ្យមប្រចាំខែមានចំនួន ៩៧០ដុល្លារ ខណៈប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិកនៅក្រុមហ៊ុនផ្សេងទៀត ទាបជាងក្រុមហ៊ុននេះជិតពាក់កណ្តាល។ មិនតែប៉ុណ្ណោះ លោក Yu បានអនុញ្ញាតឱ្យបុគ្គលិកធ្វើការត្រឹម ៧ម៉ោង ក្នុងមួយថ្ងៃថែមទៀត។ 
 
គួររម្លឹកថា នៅក្នុងឆ្នាំ២០២៣ លោក Yu ក៏ធ្លាប់រិះគន់ប្រធានក្រុមហ៊ុន ដែលគាំទ្រឱ្យបុគ្គលិកធ្វើការជាច្រើនម៉ោងផងដែរ។ លោកYu បានសង្កត់ធ្ងន់ថា ការធ្វើការច្រើនម៉ោង គឺមិនមែនជាវិជ្ជាជីវៈឡើយ ហើយជាការរឹតត្បិតឱកាសបុគ្គលិកក្នុងការអភិវឌ្ឍខ្លួន៕

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com