ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនខ្មែរ Confirel ត្រៀមនាំចេញផ្លែស្វាយ៥០០តោន, ផ្លែមៀន និងផ្លែ Passion ទៅទីផ្សារអឺរ៉ុប
× ភ្នំពេញ៖ ទីផ្សារកសិផលខ្មែរនៅក្រៅប្រទេសមិនសូវធំទូលាយមែន។ ប៉ុន្តែ ក្រុមហ៊ុនខ្មែរមួយចំនួនបានខិតខំប្រឹងប្រែងនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអឺរ៉ុប។ ក្រុមហ៊ុនខ្មែរ Confirel ដែលមានជំនាញផលិតស្រាទឹកត្នោតខ្មែរ ទឹកខ្មេះ ស្ករត្នោត ម្រេច បានសម្រេចនាំចេញផ្លែស្វាយខ្មែរចំនួន៥០០តោនបន្ថែមទៀតនៅកាន់ទីផ្សារអឺរ៉ុបនៅដំណាច់ចុងឆ្នាំ២០១៨នេះ។
លោក ហៃ លីអ៊ាង ស្ថានិកក្រុមហ៊ុន Confirel និងក្រុមហ៊ុនឱសថ PPM បានថ្លែងប្រាប់សារព័ត៌មាន Thmeythmey នៅថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនលោកបាននាំចេញផ្លែស្វាយខ្មែរ២៥០តោនកាលពីឆ្នាំមុន និងគ្រោងនាំចេញ៥០០តោនបន្ថែមទៀតនៅចុងឆ្នាំ២០១៨នេះទៅកាន់ទីផ្សារអឺរ៉ុប។ មិនមែនតែក្រុមហ៊ុន Confirel មួយទេដែលបាននាំចេញផ្លែស្វាយទៅកាន់ទីផ្សារអឺរ៉ុបនោះ តាមពិត ក្រុមហ៊ុនលោក ម៉ុងឫទ្ធី ក៏ធ្លាប់បាននាំចេញផ្លែស្វាយច្រើនរយតោនក្នុងមួយឆ្នាំៗទៅកាន់ទីផ្សារអឺរ៉ុបដែរ។ ផ្លែស្វាយ១តោនត្រូវបានគេលក់នៅលើទីផ្សារអឺរ៉ុបក្នុងតម្លៃជាង៥ពាន់អឺរ៉ូ(មួយអឺរ៉ូមានតម្លៃជាង១ដុល្លារ)។
លោក ហៃ លីអ៊ាង បានបន្ថែមទៀតថា ក្រៅពីផ្លែស្វាយ, ក្រុមហ៊ុន Confirel ក៏គ្រោងនឹងនាំចេញផ្លែ Passion និងផ្លែមៀនទៅកាន់ទីផ្សារអឺរ៉ុបនាពេលខាងមុខនេះដែរ។ តែសម្រាប់ផ្លែមៀន និង Passion, ការនាំចេញអាចត្រូវការពេលវេលារៀបចំយូរជាងការនាំចេញផ្លែស្វាយ ពោល គឺអាចចាប់ផ្តើមដំណើរការនាំចេញនៅឆ្នាំ២០១៩ខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com