ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ខ្មែរ Confirel ត្រៀម​នាំចេញ​ផ្លែស្វាយ​៥០០​តោន​, ផ្លែ​មៀន និង​ផ្លែ Passion ទៅ​ទីផ្សារ​អឺរ៉ុប​
04, Aug 2018 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ ទីផ្សារ​កសិផល​ខ្មែរ​នៅក្រៅ​ប្រទេស​មិនសូវ​ធំ​ទូលាយ​មែន​។ ប៉ុន្តែ ក្រុមហ៊ុន​ខ្មែរ​មួយចំនួន​បាន​ខិតខំ​ប្រឹងប្រែង​នាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ ក្រុមហ៊ុន​ខ្មែរ Confirel ដែលមាន​ជំនាញ​ផលិត​ស្រា​ទឹកត្នោត​ខ្មែរ ទឹកខ្មេះ ស្ករត្នោត ម្រេច បានសម្រេច​នាំចេញ​ផ្លែស្វាយ​ខ្មែរ​ចំនួន​៥០០​តោន​បន្ថែមទៀត​នៅ​កាន់​ទីផ្សារ​អឺរ៉ុប​នៅ​ដំណាច់​ចុងឆ្នាំ​២០១៨​នេះ​។


​លោក ហៃ លី​អ៊ាង ស្ថា​និក​ក្រុមហ៊ុន Confirel និង​ក្រុមហ៊ុន​ឱសថ PPM បាន​ថ្លែងប្រាប់​សារព័ត៌មាន Thmeythmey នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ក្រុមហ៊ុន​លោក​បាន​នាំចេញ​ផ្លែស្វាយ​ខ្មែរ​២៥០​តោន​កាលពី​ឆ្នាំមុន និង​គ្រោង​នាំចេញ​៥០០​តោន​បន្ថែមទៀត​នៅ​ចុងឆ្នាំ​២០១៨​នេះ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ មិនមែន​តែ​ក្រុមហ៊ុន Confirel មួយ​ទេ​ដែល​បាន​នាំចេញ​ផ្លែស្វាយ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នោះ តាមពិត ក្រុមហ៊ុន​លោក ម៉ុង​ឫទ្ធី ក៏​ធ្លាប់បាន​នាំចេញ​ផ្លែស្វាយ​ច្រើន​រយ​តោន​ក្នុង​មួយឆ្នាំៗ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដែរ​។ ផ្លែស្វាយ​១​តោន​ត្រូវបាន​គេ​លក់​នៅលើ​ទីផ្សារ​អឺរ៉ុប​ក្នុងតម្លៃ​ជាង​៥​ពាន់​អឺរ៉ូ​(​មួយ​អឺរ៉ូ​មានតម្លៃ​ជាង​១​ដុល្លារ​)​។ 

 
​លោក ហៃ លី​អ៊ាង បាន​បន្ថែមទៀតថា ក្រៅពី​ផ្លែស្វាយ​, ក្រុមហ៊ុន Confirel ក៏​គ្រោង​នឹង​នាំចេញ​ផ្លែ Passion និង​ផ្លែ​មៀន​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នាពេលខាងមុខ​នេះដែរ​។ តែ​សម្រាប់​ផ្លែ​មៀន និង Passion, ការនាំចេញ​អាច​ត្រូវការ​ពេលវេលា​រៀបចំ​យូរ​ជាង​ការនាំចេញ​ផ្លែស្វាយ ពោល គឺអាច​ចាប់ផ្តើម​ដំណើរការ​នាំចេញ​នៅ​ឆ្នាំ​២០១៩​ខាងមុខ​៕  

 

Tag:
 កសិកម្ម
  ស្វាយ
© រក្សាសិទ្ធិដោយ thmeythmey.com