កីឡាអន្តរជាតិ
អន្តរជាតិ
Copa Libertadores៖ គ្រូ River Plate ថាការប្តូរទីលានទៅ Bernabeu ដូចជា«ប្លន់»អ្នកគាំទ្រលោក
× លោក Marcelo Gallardo អ្នកចាត់ការទូទៅ River Plate ថាដូចជា «ប្លន់ក្រុមអ្នកគាំទ្រ» របស់លោកអ៊ីចឹង បន្ទាប់ពីមានការផ្លាស់ប្តូរទីលានប្រកួតសម្រាប់វគ្គផ្តាច់ព្រ័ត្រជើងទី២នៃពានរង្វាន់ Copa Libertadores ទល់នឹងក្រុម Boca Juniors ពីទឹកដីខ្លួនទៅកាន់កីឡដ្ឋាន Santiago Bernabeu របស់ Real Madrid ដែលមានចម្ងាយជិតមួយម៉ឺនគីឡូម៉ែត្រ។
ការប្រកួតជើងទី១រវាងក្រុមទាំងពីរបញ្ចប់ទៅក្នុងលទ្ធផល ២-២ ដែលធ្វើឡើងក្នុងកីឡដ្ឋាន Bombonera របស់ Boca ប៉ុន្តែជំនួបរវាងក្រុមយក្សអាហ្សង់ទីន ឬ Buenos Aires derby ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន (Conmebol) លើកពេលប្រកួតវិញ បន្ទាប់ពីមានអំពើហិង្សាធ្ងន់ធ្ងរកើតឡើង។ ក្រុមកីឡាកររបស់ Boca Juniors បានរងរបួសយ៉ាងដំណំក្នុងការវាយប្រហារទៅលើឡានក្រុងរបស់ពួកគេពីសំណាក់អ្នកគាំទ្ររបស់ River Plate ដោយកប់ដុំថ្ម និងវាយនឹងដំបងជាដើម។
ដោយសារខ្លាចមានអំពើហិង្សាកើតឡើងម្តងទៀត ប្រធាន Conmebol លោក Alejandro Dominguez បានប្រកាសថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ពានរង្វាន់ Copa Libertadoresមិនអាចលេងនៅប្រទេសអាហ្សង់ទីនទេ ដោយសម្រេចប្តូរទៅកីឡដ្ឋាន Bernabeu របស់ក្លិបយក្ស Real Madrid ដែលស្ថិតក្នុងក្រុម៉ាដ្រីឌ ប្រទេសអេស្ប៉ាញវិញ និងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨។
លោក Marcelo Gallardo អ្នកចាត់ការ River Plate
យ៉ាងណាការសម្រេចនេះ មិនត្រូវបានក្រុមអ្នកគាំទ្រ River Plate យល់ស្របឡើយហើយថែមទាំងបដិសេដទៅនឹងការដូរទីលានប្រកួតដែលមានរយៈចម្ងាយឆ្ងាយ និងលេងចំថ្ងៃអាទិត្យថែមទៀត។
លោក Gallardo អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបានហៅការផ្លាស់ប្តូរនេះថាជា «ភាពអាម៉ាស់បំផុត»។
«យើងបានបាត់បង់ឱកាសលេងក្នុងដីខ្លួនឯង។ យើងនឹងពិចារណាឡើងវិញពីអ្វីដែលបានកើតឡើងហើយយើងនឹងចងចាំវាថាជាភាពអាម៉ាស់បំផុត។ ការត្រៀមលក្ខណៈរបស់យើងត្រូវបានផ្លាស់ប្តូរទាំស្រុង ព្រោះយើងត្រូវធ្វើដំណើររហូតដល់ ១០០០០ គីឡូម៉ែត្រទៅកាន់ទឹកដីអឺរ៉ុប តែ Copa Libertadores ជាពានសម្រាប់តំបន់អាមេរិកឡាទីន។ ពួកគេបានប្តន់អ្នកគាំទ្ររបស់យើង»។ អ្នកចាត់ការវ័យ ៤២ឆ្នាំបង្ហាញអារម្មណ៍របស់លោកដូច្នេះ។
ក្រុមអ្នកគាំទ្រទាំងពីរនឹងត្រូវបានផ្តល់ឲ្យស្មើៗគ្នាសម្រាប់សំបុត្រចូលទស្សនាចំនួន២៥០០០សន្លឹកក្នុងមួយក្រុម ហើយ៥០០០សន្លឹកផ្សេងទៀតសម្រាប់អ្នកទស្សនាក្រៅពីអ្នកគាំទ្រអាហ្សង់ទីន៕
Tag:
បាល់ទាត់
Copa Libertadores
Marcelo Gallardo
© រក្សាសិទ្ធិដោយ thmeythmey.com