ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់បានលឺអំពីជាតិកូឡេស្តេរ៉ូលល្អ និងមិនល្អរួចមកហើយ។ ជាធម្មតាកូឡេស្តេរ៉ូលមិនល្អអាចបង្កផលប៉ះពាល់ដល់សសៃឈាម ដោយធ្វើឱ្យប្រែជាឡើងរឹង និងរួមតូច ខណៈដែលកូឡេស្តេរ៉ូលល្អប្រសើរសម្រាប់សុខភាព ដោយវាជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អក្នុងឈាម។ប៉ុន្តែថាតើអ្វីជាកូឡេស្តេរ៉ូលមិនល្អ? តាមពិតទៅវាត្រូវបានគេស្គាល់ផងដែរថាជា ជាតិខ្លាញ់មិនល្អទ្រីគ្លីសេរីដ (triglycerides) ប្រភេទនៃជាតិខ្លាញ់ក្នុងចរន្តឈាម។ កាលណាកម្រិតនៃជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់ វាក៏មិនខុសពីកម្រិតនៃជាតិកូឡេស្តេរ៉ូលមិនល្អដែរ គឺបង្កើនហានិភ័យនៃជំងឺបេះដូងគួរឱ្យព្រួយបារម្ភ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់មួយចំនួនដែលអ្នកគួរផ្លាស់ប្ដូរចេញដើម្បីទប់ស្កាត់កុំឱ្យខ្លាញ់មិនល្អឡើងខ្ពស់ ៖
១. ការទទួលទានភេសជ្ជៈសូដា ឬភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់
ធ្លាប់ដឹងទេថាជាតិស្ករអាចបណ្ដាលឱ្យជាតិខ្លាញ់ទ្រីគ្លីសេរីដឡើងខ្ពស់គួរឱ្យព្រួយបារម្ភ? នេះក៏ព្រោះតែជាតិស្ករមួយចំនួនក្នុងភេសជ្ជៈផ្អែមក៏អាចត្រូវបានបំលែងទៅជាជាតិខ្លាញ់ទ្រីគ្លីសេរីដផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានស្ករ។ ម្យ៉ាងវិញទៀតកាឡូរីបន្ថែមក្នុងភេសជ្ជៈមានផ្ទុកជាតិស្ករខ្ពស់ក៏អាចបណ្ដាលឱ្យកើនទម្ងន់ ឬធាត់ជ្រុលដែលផ្សារភ្ជាប់នឹងហានិភ័យនៃជំងឺបេះដូង ព្រមទាំងការឡើងខ្ពស់នៃកម្រិតជាតិខ្លាញ់ទ្រីគ្លីសេរីដ។
២. ទទួលទានសាច់ក្រហមច្រើនពេក
ទ្រីគ្លីសេរីដជាប្រភេទខ្លាញ់មួយក្នុងឈាម។ អាហារដែលមានផ្ទុកជាតិខ្លាញ់ឆ្អែត saturated ខ្ពស់ដូចជាសាច់ក្រោមនឹងបង្កើនកម្រិតនៃជាតិខ្លាញ់មិនល្អក្នុងឈាមគួរឱ្យបារម្ភ។
៣. ទទួលទានតែត្រីចៀន ឬបំពង
ត្រីចៀនបំពងភាគច្រើនមានផ្ទុកខ្លាញ់ ឬប្រេងបន្ថែមដែលគ្មានសុខភាពល្អដូចជា saturated fat ខ្ពស់។ ហើយខ្លាញ់មិនល្អនេះអាចជះឥទ្ធិពលលើអាស៊ីតខ្លាញ់ល្អអូមេហ្កា ៣ ដែលមានក្នុងត្រី។ ជាលទ្ធផលហានិភ័យនៃបញ្ហាខ្លាញ់ទ្រីគ្លីសេរីដឡើងខ្ពស់នឹងកើនឡើង។
៤. ទទួលទានគ្រឿងស្រវឹងលើសកម្រិត
ការទទួលទានគ្រឿងស្រវឹងហួសប្រមាណលើសពី ១ កែវក្នុងមួយថ្ងៃសម្រាប់នារី ឬ ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស គឺមិនល្អសោះឡើយចំពោះសុខភាពរាងកាយទាំងមូលដែលវាអាចបង្កជាជំងឺផ្សេងៗគួរអោយព្រួយបារម្ភ រួមទាំងបញ្ហាខ្លាញ់ក្នុងឈាមឡើងខ្ពស់។
៥. ទទួលទានច្រើនពេក
ការទទួលទានអាហារច្រើនៗពេកក៏អាចបណ្ដាលឱ្យកម្រិតនៃជាតិខ្លាញ់ទ្រីគ្លីសេរីដឡើងខ្ពស់ផងដែរ។ ការឡើងខ្ពស់នៃជាតិខ្លាញ់នេះ គឺគ្រោះថ្នាក់ណាស់ដោយវាអាចបង្កការស្ទះសសៃឈាម ឬការរលាកដែលបង្កការខូចខាតដល់សសៃឈាម។
៦. អង្គុយយូរពេក
កង្វះសកម្មភាពរាងកាយអាចបណ្ដាលឱ្យរាងកាយពិបាកក្នុងការរំលាយជាតិស្ករនិងជាតិខ្លាញ់ទ្រីគ្លីសេរីដបានប្រក្រតី។
៧. ទទួលទានអាហារសម្បូរជាតិសសៃតិចពេក
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាជាតិសសៃខ្ពស់ជួយទប់ស្កាត់អាការៈទល់លាមក។ ទោះជាយ៉ាងណាជាតិសសៃក៏ជួយកាត់បន្ថយកម្រិតនៃខ្លាញ់ទ្រីគ្លីសេរីដដោយកាត់បន្ថយការស្រូបយកជាតិស្កររបស់រាងកាយ។ របបអាហារមានជាតិសសៃខ្ពស់ក៏ជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលបានយ៉ាងប្រសើរផងដែរ៕