COVID-19
ជាតិ
សង្គមជាតិ
លោក ឃួង ស្រេង៖ រុស្សីកំពុងពិចារណាផ្តល់វ៉ាក់សាំងកូវីដ-១៩ដល់កម្ពុជា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួបពិភាក្សាជាមួយនឹងលោក Anatoly Borovik ឯកអគ្គរាជទូតរុស្សីប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១
× ភ្នំពេញ៖ រុស្សីបានទទួលសំណើពីកម្ពុជាដែលបានស្នើសុំវ៉ាក់សាំងកូវីដ-១៩ ហើយក៏កំពុងតែពិចារណាលើសំណើរនេះផងដែរ។ នេះបើតាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ ក្រោយពីលោកបានជួបពិភាក្សាជាមួយលោក Anatoly Borovik ឯកអគ្គរាជទូតរុស្សីប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែមករា។
«រដ្ឋាភិបាលរុស្សីគាត់បានទទួលសំណើរបស់យើង។ រុស្សីគាត់យកសំណើនេះទៅរាជរដ្ឋាភិបាលរុស្សី ដើម្បីធ្វើកិច្ចការនេះ។ យើងគ្រាន់តែបាននិយាយគ្នាពីបញ្ហាហ្នឹង សូមឲ្យរុស្សីគិតពីជំនួយនេះ ព្រោះវាមានសារសំខាន់សម្រាប់ប្រជាជនកម្ពុជា»។ នេះជាការរៀបរាប់របស់លោកអភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង មិនទាន់អាចបញ្ជាក់ថា កម្ពុជាគ្រោងស្នើសុំវ៉ាក់សាំងកូវីដ-១៩ពីរុស្សីប៉ុន្មានលានដូសនោះទេ។ ប៉ុន្តែលោកបង្វែរឲ្យអ្នកសារព័ត៌មានថ្មីៗសួរទៅក្រសួងសុខាភិបាលវិញ។ ប៉ុន្តែអ្នកសារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់ពីលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនោះទេ ពីព្រោះលោកស្រីជួបរវល់ភារកិច្ច។
យ៉ាងណាមិញ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិរៀបចំការកីឡាអាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០២៣ថា កម្ពុជានឹងគ្រោងដាក់សំណើទៅប្រទេសឥណ្ឌាផងដែរ ខណៈប្រទេសចិននឹងផ្តល់វ៉ាក់សាំងកូវីដ-១៩មកកម្ពុជាចំនួន៣០លានដូសនៅខែកុម្ភៈ៕
Relate 99810
Tag:
វ៉ាក់សាំង
ជំងឺកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com