ការលុបបឹងទាំងនៅក្នុងរាជាធានីភ្នំពេញ និងនៅជាយៗរាជធានីភ្នំពេញ បានរងការរិះគន់ និងការបញ្ចេញមតិជាប់មិនដាច់ពីមជ្ឈដ្ឋានមួយចំនួន។ ប្រមុខរដ្ឋាភិបាល បង្ហាញអារម្មណ៍ធុញទ្រាន់ចំពោះការលើកឡើងរបស់មជ្ឈដ្ឋានទាំងនោះ ជុំវិញរឿងលុបបឹងនេះ។
សម្តេចនាយករដ្ឋមន្ត្រី បានចូលរួមធ្វើជាអធិបតីក្នុងពិធីសម្ពោធអគារទីស្តីការថ្មីនៃក្រសួងសាធារណការ និង វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ វា ជាវេទិកាលើកដំបូងបំផុត សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ដែលឡើងថ្លែងសុន្ទរកថាជាសាធារណៈក្នុងឆ្នាំ២០២១នេះ។
ក្នុងសុន្ទរកថារយៈពេលជិត២ម៉ោង សម្តេចប្រមុខរដ្ឋាភិបាល បាននិយាយច្រើនពីការអភិវឌ្ឍប្រទេសជាតិ រួមទាំងការអភិវឌ្ឍរាជធានីភ្នំពេញផងដែរ។ និយាយដល់ការអភិវឌ្ឍនេះ សម្តេច ក៏នឹកភ្លកទៅដល់រឿងគេ រិះគន់ ពីការលុបបឹង។ សម្តេច បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា៖«អ៊ីចឹងបានជាខ្ញុំ មានការធុញទ្រាន់ជាមួយនឹងការលើកឡើងច្រំដដែលៗនៃមនុស្សមួយចំនួន ដែលថាយើងលុបបឹង យើងលុបអានេះ យើងលុបអានោះ...»។
សម្តេចនាយករដ្ឋមន្ត្រី បានចោទសួរទៅកាន់អ្នករិះគន់ថា តើកាលពីដើម នៅរាជធានីភ្នំពេញ កន្លែងណាគោក កន្លែងណាទឹក? នាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង៣ទសវត្សរ៍រូបនេះ ឆ្លើយដោយខ្លួនឯងថា កាលពីដើម រាជធានីភ្នំពេញ សុទ្ធតែបឹងទាំងអស់ ដោយហោចទៅ សូម្បីតែផ្ទះរបស់លោក [នៅជិតវិមានឯករាជ្យសព្វថ្ងៃ] រួមទាំងវិមានឯករាជ្យ ក៏ត្រូវបានសាងសង់នៅលើព្រែកដែរ។
មេដឹកនាំរូបនេះ បង្ហាញការងឿងឆ្ងល់ថា៖«[កាលពីមុន] យើង មានបឹងរាំង យើង មានបឹងព្រលឹត យើង មានបឹងកេងកង យើង មានបឹងនេះបឹងនោះ សុទ្ធតែបឹងទាំងអស់នៅទីក្រុងភ្នំពេញ។ ចុះពេលនោះ ម៉េចក៏គេលុបបាន ឥឡូវ ម៉េចក៏ខ្ញុំលុបមិនបាន? មើលមើលនិយាយគ្នាតិចមើល ក្រែងត្រូវការអភិវឌ្ឍហេ? បើត្រូវការអភិវឌ្ឍ វា ត្រូវការលុប»។
សម្តេច ហ៊ុន សែន បន្តលើកជាសំណួរថា បើមិនលុបបឹង ធ្វើម្ត៉េច នឹងអាចចាក់ដីអភិវឌ្ឍបាន? ដោយមិនទាន់អស់ចិត្ត សម្តេច បានលើកជាសំណួរស្រដៀងនឹងសំណួរខាងលើម្តងទៀតថា៖«ខ្ញុំ ចេះតែឆ្ងល់ថា អ្នកដទៃ អាចធ្វើបាន [លុបបាន] ជំនាន់មុន ធ្វើបាន ជំនាន់ខ្ញុំ ធ្វើមិនបានហេ?»។
បន្ទាប់មក សម្តេចនាយករដ្ឋមន្ត្រី អធិប្បាយថា៖«ប្រទេសនានា គេ បូមដល់ទៅសមុទ្រ ពង្រីកសមុទ្រយកដី ដើម្បីអភិវឌ្ឍទៅហើយ ម៉េចក៏កម្ពុជា ធ្វើនេះក៏ខុស ធ្វើនោះក៏ខុស? ច្រណែនក៏អី និយាយមើល?...[ប្រទេស] គេ លុបបឹង ធ្វើទីក្រុងអស់រលីងហើយ ឯង មកជេរឯងចុះឡើងៗ។ ទេ អារឿងអ្នកជេរ ជេរទៅ យើង ធ្វើ គឺធ្វើ។ ខ្ញុំ នៅតែនិយាយដដែល មានតែអ្នកឈ្នះប៉ុណ្ណោះ ដែលអាចមានសិទ្ធិសរសេរប្រវត្តិសាស្ត្រ»។
សម្តេចប្រមុខរដ្ឋាភិបាល មើលឃើញចំណុចវិជ្ជមានថា បើប្រគល់ផ្នែកនៃផ្ទៃបឹង ទៅឲ្យស្ថាប័នរដ្ឋ កសាងអគារ គឺកន្លែងធ្វើការរបស់រដ្ឋ មានកាន់តែច្រើន ហើយបើប្រគល់ផ្នែកនៃផ្ទៃបឹង ទៅឲ្យវិស័យឯកជន អភិវឌ្ឍ គឺអាចផ្តល់ការងារដល់ប្រជាជន។ បន្ថែមពីនេះ សម្តេច មើលឃើញទៀតថា រដ្ឋ ក៏ទទួលបានពន្ធប្រាក់បៀវត្សរ៍ពីបុគ្គលិក ដែលបម្រើការងារឲ្យក្រុមហ៊ុនឯកជនដែរ ហើយអចលទ្រព្យរបស់ក្រុមហ៊ុនឯកជនទាំងនោះ ក៏ត្រូវបង់ពន្ធជូនរដ្ឋថែមទៀត។ សម្តេច បញ្ជាក់ថា៖«អចលនទ្រព្យកាន់តែច្រើន ពន្ធចូលរដ្ឋកាន់តែច្រើន ព្រោះត្រូវបង់ពន្ធអចនទ្រព្យប្រចាំឆ្នាំ។ ប្រទេសជាតិ រីកចម្រើនតាមបែបហ្នឹង»។
បើតាមសម្តេចនាយករដ្ឋមន្ត្រី ដើមឡើយ រាជធានីភ្នំពេញ មានទំហំតែជាង៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ តែបច្ចុប្បន្ន ដោយសារការអភិវឌ្ឍ រាជធានីភ្នពេញ ត្រូវបានពង្រីកដល់ទៅជាង៧០០គីឡូម៉ែត្រការ៉េហើយ។ សម្តេច ថ្លែងថា៖«ភាគខាងជើងក៏រីក ភាគខាងត្បូងក៏រីក ភាគខាងលិចក៏រីក តិចទៀតទៅ ខាងអរិយក្សត្រ [ខាងកើត] ក៏រីកដែរ»។
របាយការណ៍ពីសមាគមធាងត្នោត ដែលចេញផ្សាយកាលចុងឆ្នាំ២០១៩ បានឲ្យដឹងថា បឹងទាំង២៦នៅរាជធានីភ្នំពេញ សុទ្ធតែត្រូវបានចាក់ដីលុប ដោយក្នុងនោះ បឹង១៦ ត្រូវបានលុបទាំងស្រុង និងបឹង១០ទៀត ត្រូវបានលុបនៅផ្នែកខ្លះ។ សមាគមធាងត្នោត មើលឃើញថា ការលុបបឹងនេះ ធ្វើឲ្យប៉ះពាល់ជីវចម្រុះ បរិស្ថាន បង្កឲ្យមានទឹកជំនន់ ហើយពលរដ្ឋរាប់ពាន់គ្រួសារ ប្រឈមនឹងការបាត់បង់លំនៅឋាន៕