កីឡាអន្តរជាតិ
អន្តរជាតិ
Man United ឈានដល់កិច្ចព្រមព្រៀងដណ្តើមខ្សែការពារស្លាប Malacia
30, Jun 2022 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Feyenoord ក្នុងការនាំយកខ្សែការពារស្លាបឆ្វេងវ័យ ២២ឆ្នាំ Tyrell Malacia ទៅកាន់ទឹកដី Old Trafford។ នេះបើតាមលោក Frank Arneson នាយកក្លិប Feyenoord ថ្ងៃទី២៩ ខែមិថុនា។


មុនយល់ព្រមកិច្ចព្រមព្រៀងជាមួយក្រុមបិសាចក្រហម ខ្សែការពារសញ្ជាតិហូឡង់រូបនេះ ត្រូវបានក្លិបរបស់បារាំង Olympique Lyonnais បានដាក់ការដេញថ្លៃមុនក្រុមអង់គ្លេសមួយនេះ។ Man United យកបាន Malacia ក្នុងតម្លៃផ្ទេរ ១៥,៨លានដុល្លារពីក្លិបរបស់ប្រទេសហូឡង់។
 
Tyrell Malacia ជាកីឡាករដែលឡើងមកពីក្រុមយុវជន ហើយមកលេងក្រុមឈុតធំ Feyenoord បាន ១៣៦ប្រកួត។ កាលពីរដូវកាល ២០២១-២២ នៃក្របខណ្ឌ Eredivisie កីឡាករវ័យ ២២ឆ្នាំបានបង្ហាញខ្លួនចំនួន៥០ប្រកួត រាល់គ្រប់កម្មវិធី ហើយបានជួយ Feyenoord ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Europa Conference league ថែមទៀត។
 
និយាយប្រាប់ទៅគេហទំព័រ Twitter 1908nl លោក Arneson ថា កីឡាករវ័យ២២ឆ្នាំ បានយល់ព្រមកិច្ចព្រមព្រៀងផ្ទាល់ខ្លួនជាមួយក្រុមបិសាចក្រហម ហើយកិច្ចព្រមព្រៀងចុងក្រោយក្នុងពេលខាងមុខ គឹរង់ចាំតែចម្លើយរបស់ Tyrell ប៉ុណ្ណោះ។
 
«កិច្ចព្រមព្រៀងជាមួយ Man United នៅទីនោះ ពេលនេះយើងរង់ចាំតែ ​Tyrell ប៉ុណ្ណោះ។ បើសិន Malacia និយាយថាព្រម នោះការផ្ទេរទៅកាន់ Manchester United និងចាប់ផ្តើមភ្លាមតែម្តង។»។ លោក Arneson បាននិយាយបែបនេះ។
 
កាលពីដើមខែមិថុនា Malacia ក្លាយជាកីឡាករមួយរូប ដែលរួមចំណែកជួយក្រុមជម្រើសជាតិហូឡង់ឈ្នះការប្រកួត ២លើកចុងក្រោយ ក្នុងពានរង្វាន់ UEFA Nations league។ ជាមួយការដេញថ្លៃនេះ Tyrell Malacia នឹងក្លាយជាកីឡាករទីមួយដែលលោក Erik ten Hag បានចុះកិច្ចសន្យាដំបូងបង្អោះចាប់តាំងមកដឹកនាំក្លិប។
 
កាលពីថ្ងៃទី២៧ ក្រុមបិសាចក្រមបានវិលត្រលប់ចូលជំរុំហ្វឹកហាត់ ដោយមានកីឡាករឈុតធំមួយចំនួន លាយឡំជាមួយកីឡាករយុវជន រួមគ្នាហ្វឹកហាត់ដើម្បីកសាងក្រុមឡើងវិញ និងត្រៀមការប្រកួតមិត្តភាពបើករដូវកាល ២០២២-២៣៕
 

Tag:
 Manchester United
  Tyrell Malacia
© រក្សាសិទ្ធិដោយ thmeythmey.com