អន្តរជាតិ
ជប៉ុនបណ្ដេញទាហាន៥រូប ក្រោយរកឃើញកំហុសបៀតបៀនអ្នករួមការងារ
16, Dec 2022 , 4:09 pm        
រូបភាព
អតីតសមាជិកយោធាជប៉ុន Rina Gonoi (ឆ្វេង) ទទួលការសុំទោសពីមន្ត្រីក្រសួងការពារជាតិជប៉ុននាពេលកន្លងមក។ រូបថត AFP
អតីតសមាជិកយោធាជប៉ុន Rina Gonoi (ឆ្វេង) ទទួលការសុំទោសពីមន្ត្រីក្រសួងការពារជាតិជប៉ុននាពេលកន្លងមក។ រូបថត AFP
យោធាជប៉ុននៅថ្ងៃទី១៥ ខែធ្នូ បានបណ្ដេញបុគ្គលិកកងទ័ព៥នាក់ និងដាក់ទណ្ឌកម្មលើ៤នាក់ទៀត ដែលបានជាប់ពាក់ព័ន្ធករណីរំលោភបំពានផ្លូវភេទលើអ្នករួមការងារ។ ក្រសួងការពារជាតិជប៉ុនបញ្ជាក់ថា រឿងក្ដីនេះបានជំរុញឱ្យមានការស៊ើបអង្កេតដ៏កម្រមួយនៅទូទាំងក្រសួង ហើយបានរកឃើញពាក្យបណ្តឹងនៃការបៀតបៀនផ្លូវភេទជាង១០០ករណីផ្សេងទៀត។



ក្រសួងការពារជាតិជប៉ុនបានបណ្ដេញបុគ្គលិកយោធា៥នាក់ និងដាក់ទោស៤នាក់ផ្សេងទៀតដែលទាក់ទងនឹងករណីបៀតបៀនផ្លូវភេទលើអតីតមិត្តរួមការងារជាទាហានស្រី។ លោកស្រី Rina Gonoi បានដាក់ពាក្យបណ្ដឹងអំពីករណីបៀតបៀនផ្លូវភេទលើរូបលោកស្រីទៅក្រសួងការពារជាតិកាលពីឆ្នាំ២០២១ ។ អតីតយោធារូបនេះ និយាយថា ខ្លួនបានរងការចាប់បង្ខំជាច្រើនដងដោយមិត្តរួមការងារប្រុសជាច្រើននាក់ ទើបសម្រេចចិត្តបោះបង់ការងារក្នុងជួរយោធា។
 
ក្នុង​ចំណោម​ទាហាន​ទាំង​ ៥​នាក់​ដែល​ត្រូវ​បណ្តេញ​ចេញ​ពី​កង​ទ័ព មាន៤​នាក់​បាន​សារភាពទោសកំហុសខ្លួន និង​បាន​សុំ​ទោស​ជនរងគ្រោះ​កាល​ពី​ខែ​តុលាកន្លងទៅ។ ចំណែកម្នាក់ទៀតនោះត្រូវ​បានរក​ឃើញ​ថា​ជា​មេខ្លោង​នៃ​អ្នក​ទាំង​៤។ 
 
លើសពី​នេះ ក្រសួងការពារជាតិទីក្រុងតូក្យូ ​បាន​ពិន័យ​អ្នកពាក់ព័ន្ធ៤​នាក់​ទៀតដែរ។ ក្នុងចំណោម៤នាក់នោះ ម្នាក់ជាមេបញ្ជាការទ័ពនៅ Fukushima ដែលជាថ្នាក់លើលោកស្រី Gonoi។ មេបញ្ជាការទ័ព លោក Yoshihide Yoshida ត្រូវបានព្យួរការងាររយៈពេលប្រាំមួយខែព្រោះមិនបានបើកការស៊ើបអង្កេតរឿងក្ដីនេះឱ្យត្រឹមត្រូវ ខណៈដែលម្នាក់ទៀតត្រូវបានរងពិន័យចំពោះការបៀតបៀនដោយពាក្យសំដីទៅលើលោកស្រី Gonoi និងពីរនាក់ទៀតត្រូវបានរងពិន័យចំពោះការមិនខ្វល់ខ្វាយពីបញ្ហានេះ។
 
«ខ្ញុំសង្ឃឹមថាជនល្មើសទាំងបួននាក់ មិនថាទទួលទណ្ឌកម្មធ្ងន់ធ្ងរកម្រិតណាទេ សូមឱ្យពួកគេទទួលខុសត្រូវដោយស្មោះចេញពីចិត្ត។» លោកស្រី Gonoi បានសរសេរបែបនេះលើបណ្ដាញសង្គម Twitter ជាការឆ្លើយតបទៅនឹងវិធានការរបស់ក្រសួងនៅថ្ងៃទី១៥ ខែធ្នូ។ លោកស្រី Gonoi ក៏បានបន្ថែមផងដែរថា ខ្លួនបានទទួលព័ត៌មានអំពីទាហានរាប់សិបនាក់ផ្សេងទៀតដែលរងគ្រោះដោយការបំពានផ្លូវភេទនៅពេលបំពេញកាតព្វកិច្ច ហើយឪពុកម្តាយជាច្រើនលើកឡើងពីការព្រួយបារម្ភសុវត្ថិភាពកូនស្រីរបស់ពួកគេសនៅក្នុងជួរយោធា។ 
 
តាមរយៈរឿងក្ដីលោកស្រី Gonoi មន្ត្រីក្រសួងការពារជាតិជប៉ុនមួយរូបអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងទទួលបានពាក្យបណ្ដឹងជុំវិញករណីបំពានផ្សេងៗក្នុងជួរយោធាចំនួន ១៤១៤ករណី។ លទ្ធផលបឋមនៃការស៊ើបអង្កេតទូទាំងក្រសួងឃើញថា ប្រហែល៨៤ភាគរយនៃពាក្យបណ្តឹងទាក់ទិននឹងការបំពានដោយប្រើអំណាច ខណៈដែលការបំពានផ្លូវភេទមានចំនួន១១៦ករណី៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com