សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
IMF ៖ កិច្ចព្រមព្រៀង RCEP និង CCFTA គាំទ្រដល់កំណើនកម្ពុជាក្នុងរយៈពេលមធ្យម
20, Dec 2022 , 7:59 pm        
រូបភាព
កំពង់ផែស្ងួត ហុង ឡេងហួរ ។ រូបភាព Xinhua ។
កំពង់ផែស្ងួត ហុង ឡេងហួរ ។ រូបភាព Xinhua ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងកាលពីថ្ងៃទី១៩ ធ្នូថា កិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាជុំវិញក្នុងរយៈពេលមធ្យម។



សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា៥ភាគរយនៅឆ្នាំ ២០២២ និងរង្វង់ ៥,៥ភាគរយនៅឆ្នាំ ២០២៣។ អត្រាទាំងនេះហាក់មិនទាន់មានសន្ទុះដូចមុនពេលផ្ទុះវិបត្តិកូវីដ-១៩នោះទេ ដោយសារការជះឥទ្ធិពលពីសម្ពាធខាងក្រៅនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ជាមួយការទាញទម្លាក់កំណើនមួយចំនួនពីវិស័យអចលនទ្រព្យ និងសំណង់។ 
 
បើតាមរបាយការណ៍ចុងក្រោយរបស់ IMF កំណើនត្រូវបានរំពឹងថានឹងកើនឡើងដល់ជាង ៦ភាគរយនៅឆ្នាំ២០២៤ ហើយដើម្បីត្រឡប់ទៅជាបណ្តើរៗនូវអត្រាកំណើននៃនិន្នាការប្រហែល ៦,៥ភាគរយក្នុងរយៈពេលមធ្យម។ ទន្ទឹមនេះ អតិផរណាត្រូវបានគេរំពឹងថានឹងឈានដល់៥,៨ភាគរយនៅឆ្នាំនេះ មុនពេលធ្លាក់ចុះដល់៣,៥ភាគរយនៅឆ្នាំក្រោយ។ .
 
IMF បានសង្កត់ធ្ងន់ថា ៖« ទោះបីជាវិបត្តិកូវីដ-១៩ មានផលប៉ះពាល់ខ្លះៗដល់កំណើនសេដ្ឋកិច្ចកម្ពុជាក៏ដោយ ការកំណែទម្រង់ដែលកំពុងដំណើរការរបស់រដ្ឋាភិបាលដូចជា ច្បាប់វិនិយោគថ្មីដែលមានគោលដៅក្នុងការទាក់ទាញវិនិយោគក្រៅប្រទេស​ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីពីរគឺ RCEP និង CCFTA នឹងគាំទ្រដល់កំណើនក្នុងរយៈពេលមធ្យម »។ 
 
វិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) វាយតម្លៃកាលពីដើមឆ្នាំ២០២២ថា RCEP នឹងជួយឱ្យផលិតផលក្នុងស្រុក (GDP) របស់កម្ពុជា កើនឡើងពី២ភាគរយ ទៅ៣,៨ ភាគរយ , ការនាំចេញកើនពីរង្វង់៩,៤ភាគរយ ទៅ១៨ភាគរយ , ឱកាសការងារប្រចាំឆ្នាំកើនពី៣,២ ភាគរយ ទៅ៦,២ភាគរយ , ចំណូលពន្ធប្រចាំឆ្នាំកើនឡើង២ភាគរយ ទៅ៣,៩ ភាគរយក្នុងមួយឆ្នាំ ខណៈការវិនិយោគជារួមកើនឡើង២៣,៤ភាគរយ។
 
RCEP មានសមាជិកសរុបចំនួន ១៥ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងប្រទេសសមាជិកអាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្មចំនួន ៥ទៀតគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។កិច្ចព្រមព្រៀង RCEP និង CCFTA បានចូលជាធរមានកាលពីថ្ងៃទី១ មករា ឆ្នាំ ២០២២៕
 

Tag:
 RCEP CCFTA IMF
© រក្សាសិទ្ធិដោយ thmeythmey.com