ភ្នំពេញ៖ ក្រោយបញ្ចប់ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ដំណាក់កាលទី១ និងដំណាក់កាលទី២ សហភាពអឺរ៉ុប បន្តគាំទ្រកម្ពុជាក្នុងការផលិតទឹកស្អាតដំណាក់កាលទី៣បន្ថែមទៀត។ ក្នុងដំណើរទស្សនកិច្ចលោកស្រី ជូតា អេភើលឡៃនីន បានលើកឡើងថា៖«តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសការសន្យាផ្តល់ជំនួយឥតសំណង១៣លានដុល្លារ ដើម្បីគំាទ្រដល់គម្រោងបាក់ខែងដំណាក់កាលទី៣ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD)»។
នៅថ្ងៃទី១៣ ខែមីនានេះ លោកស្រី ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ រួមដំណើរជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មកបំពេញទស្សនកិច្ចនៅរោងចក្រផលិតទឹកស្អាតបាក់ខែង។ រោងចក្រផលិតទឹកស្អាតបាក់ខែង ជាគម្រោងវិនិយោគរបស់អឺរ៉ុបដ៏ធំជាងគេមួយនៅកម្ពុជា ក្រោមយុទ្ធសាស្រ្តវិនិយោគច្រកចូលទៅកាន់ពិភពលោករបស់អឺរ៉ុប (EU Global Gateway)។ ការវិនិយោគនេះ បានជួយធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាង២លាននាក់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
លោកស្រីស្នងការអឺរ៉ុប ជូតា អេភើលឡៃនីន បានសរសើរពីភាពជាដៃគូដ៏រឹងមាំរវាងទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឹរ៉ុប ដែលផ្ដោតសំខាន់លើវិស័យទឹកស្អាត។ លោកស្រីក៏បានរំលេចពីសារៈសំខាន់នៃការទទួលបានសេវាទឹកស្អាត ថាជាសិទ្ធិមូលដ្ឋានដ៏សំខាន់មួយ និងជាកត្តាដ៏ចំបងក្នុងការជួយដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាពនៅកម្ពុជា។
«ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យនៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី១ និងដំណាក់កាលទី២ សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ជូតា អេភើលឡៃនីន ដោយបន្តថា សហភាពអឺរ៉ុប នឹងផ្តល់ជំនួយឥតសំណងចំនួន១៣លានដុល្លារ ដើម្បីគំាទ្រដល់គម្រោងបាក់ខែងដំណាក់កាលទី៣។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រោងចក្រផលិតទឹកស្អាតបាក់ខែង គឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្ត ក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលចាំបាច់សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃ។ លោករដ្ឋមន្រ្តី បន្តថា៖«ការផ្គត់ផ្គង់ទឹកស្អាត ក៏ជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ យើងសូមថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធចំពោះការបន្តគាំទ្រដ៏ខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា»។
រោងចក្រផលិតទឹកស្អាតដំណាក់កាលទី១ និងដំណាក់កាលទី២ មានសមត្ថភាពផលិតទឹកស្អាតបាន ចំនួន ៣៩០.០០០ ម៉ែត្រគីបក្នុង១ថ្ងៃ។ សមត្ថភាពនេះ ជាសមិទ្ធផលលេចធ្លោមួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលធានាបាននូវការផលិតទឹកស្អាតដល់ប្រជាពលរដ្ឋរាប់លាននាក់។ បើតាមសេចក្ដីប្រកាសរួមរបស់សហភាពអឺរ៉ុប និងក្រសួងឧស្សាហកម្ម គម្រោងនេះ ក៏បានរួមចំណែកដល់ការតភ្ជាប់បណ្តាញទឹកស្អាតថ្មីដល់ប្រជាពលរដ្ឋប្រមាណ ១៧០,០០០ តំណ រួមទាំងប្រជាពលរដ្ឋក្រីក្រ និងរោងចក្រសហគ្រាសប្រមាណជា ២៥.០០០ តំណផងដែរ។
សូមបញ្ជាក់ថា គម្រោងបាក់ខែងដំណាក់កាលទី៣ គឺជាគម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ដែលជាការបោះជំហានទៅមុខមួយទៀតគួរឱ្យកត់សម្គាល់ ឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ពន្ធ័ទឹកស្អាតប្រកដោយនិរន្តរភាព និងឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ៕