កីឡាអន្តរជាតិ
អន្តរជាតិ
មហាសេដ្ឋី Thohir ប្រាប់កីឡាករឥណ្ឌូណេស៊ី យកមេរៀន​ Asian Cup និងអូឡាំពិក ប្រឹងនៅវគ្គជម្រុះ World Cup
10, May 2024 , 3:19 pm        
រូបភាព
លោក Erick Thohir ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លើកទឹកចិត្តកីឡាករបាល់ទាត់អាយុក្រោម២៣ឆ្នាំ (U23) យកមេរៀនខកចិត្តពីការប្រកួត AFC ​​ Asian Cup និងជម្រុះអូឡាំពិករដូវក្តៅក្រុងប៉ារីស កែកុនក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២៦។



U23 ឥណ្ឌូណេស៊ី អស់ឱកាសបង្ហាញខ្លួននៅព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ក្រុងប៉ារីស ក្រោយចាញ់ហ្គីណេ ១-០ ក្នុងការប្រកួតជម្រុះ playoff អន្តរទ្វីបនៅយប់ថ្ងៃទី៩ ខែឧសភា។ ខកចិត្តលើកនេះ មានន័យថាឥណ្ឌូណេស៊ី ត្រូវរង់ចាំ៤ឆ្នាំទៀត ដើម្បីសម្រេចបំណងខ្លួនក្នុងការនាំក្រុមបាល់ទាត់ទៅអូឡាំពិកជាលើកទី២ គិតចាប់តាំពីបង្ហាញខ្លួនលើកដំបូង នៅឆ្នាំ១៩៥៦។
 
ក្រោយខកឱកាសនេះ លោក Thohir ប្រធាន PSSI បានទៅលើកទឹកក្រុមភ្លាមៗនៅបន្ទប់ផ្លាស់សម្លៀកបំពាក់។ មហាសេដ្ឋីឥណ្ឌូណេស៊ី ដែលតែងបង្ហាញខ្លួនស្ទើគ្រប់ការប្រកួតទាំងឈុតធំ និង U23 បានបង្ហាញការគោរព និងប្រាប់សមាជិកក្រុមថា៖«សូមទទួលការគោរពអស់ពីចិត្ត​របស់​ខ្ញុំ។ អ្នកទាំងអស់គ្នានៅមានផ្លូវវែងឆ្ងាយដែលត្រូវទៅ។ មេរៀន​ពី Asian Cup និង​​ជម្រុះ​អូឡាំពិក​ នឹងធ្វើ​ឲ្យ​ក្រុមកាន់​តែ​ល្អ​ទៅ​មុខ។ យើងត្រូវយកមេរៀននេះ ​ទៅ​កែកុន​ក្នុង​វគ្គ​ជម្រុះ World Cup»។ សមាជិក្រុម U23 ឥណ្ឌូណេស៊ីភាគច្រើន ជាប់ឈុតធំ ក្នុងយុទ្ធនាការជម្រុះ World Cup ឆ្នាំ២០២៦ តំបន់អាស៊ី។
 
ក្រុមឥណ្ឌូណេស៊ី សព្វថ្ងៃមានភាគរយខ្ពស់ក្នុងការឆ្លងផុតវគ្គជម្រុះជុំទី២ បន្ទាប់ពីឆ្លងកាត់៤ប្រកួតក្នុងពូល F រកបាន៧ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី២ នាំមុខក្រុមលេខ៣ វៀតណាម ៤ពិន្ទុ និងហ្វីលីពីនដែលនៅបាតតារាង៦ពិន្ទុ។ ក្នុងពូល F នេះ អ៊ីរ៉ាក់ឆ្លងផុតជុំទី២ហើយ ក្រោយរកបាន១២ពិន្ទុពេញ ខណៈហ្វីលីពីនសល់ឱកាសតិចបំផុត។ ឥណ្ឌូណេស៊ី និងវៀតណាម ត្រូវប្រជែងគ្នាខ្លាំង នៅ២ប្រកួតចុងក្រោយ ដើម្បីប្រជែងយកលេខ២ក្នុងពូល ដើម្បីបន្តទៅជុំបន្ទាប់។
 
ពីរប្រកួតចុងក្រោយក្នុងពូល ឥណ្ឌូណេស៊ី ជួបអ៊ីរ៉ាក់ និងហ្វីលីពីន ស្របពេល វៀតណាម ប៉ះហ្វីលីពីន និងអ៊ីរ៉ាក់។
 
ដោយឡែក សម្រាប់វិញ្ញាសាបាល់ទាត់បុរសទៅកាន់អូឡាំពិករដូវកាលក្តៅ ឆ្នាំ២០២៤ រកឃើញក្រុមទាំង ១៦ហើយ ក្នុងនោះហ្គីណេជាក្រុមចុងក្រោយគេ បន្ទាប់ពីម្ចាស់ផ្ទះបារាំង អាម៉េរិក សាធារណរដ្ឋដូមីនីក អេស្ប៉ាញ អ៊ីស្រាអែល អ៊ុយក្រែន ម៉ារ៉ុក អេហ្ស៊ីប ម៉ាលី នូវែលសេឡង់ ប៉ារ៉ាហ្គាយ អាហ្សង់ទីន និងក្រុមពីតំបន់អាស៊ីចំនួន៣ អ៊ូសបេគីស្ថាន ជប៉ុន និងអ៊ីរ៉ាក់៕

Tag:
 Erick Thohir
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com