ជាតិ
នយោបាយជាតិ
អ្នកនយោបាយជំនាន់ក្រោយគ្មានគំនិតថ្មី កម្ពុជាមិនអាចទៅមុខឡើយ!
× អ្នកនយោបាយចាស់ៗភាគច្រើន ត្រូវគេមើលឃើញថា មានវប្បធម៌នយោបាយមិនសូវល្អនោះឡើយ។ ពួកគេ ច្រើនតែធ្វើនយោបាយ ចងគំនុំសងសឹក ដើម្បីបំបាក់គ្នាទៅវិញទៅមក ដោយមិនបានតម្កល់ផលប្រយោជន៍ជាតិជាធំនោះទេ។ អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភសម្រាប់យុវជន ជាពិសេសអ្នកនយោបាយវ័យក្មេងជំនាន់ក្រោយ ដែលទទួលយកវប្បធម៌នេះមកអនុវត្តន៍បន្ត។ អ្នកតាមដានអះអាងថា កម្ពុជានឹងមិនអាចដើរទៅមុខរួចឡើយ ប្រសិនបើយុវជនដែលជាអនាគតអ្នកដឹកនាំសម័យថ្មី មិនបោះបង់ចោលវប្បធម៌ទាំងនោះចោល។
ការសាបព្រោះវប្បធម៌នយោបាយចាស់គំរឹលរបស់អ្នកនយោបាយចាស់ៗ ដល់យុវជន និងអ្នកនយោបាយក្មេងៗជំនាន់ក្រោយ គឺជាក្តីព្រួយបារម្ភក្រៃលែងរបស់អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា ។ ពួកគេ បានថ្កោលទោសវប្បធម៌នយោបាយរបស់អ្នកនយោបាយចាស់ៗថា នឹងនាំឲ្យមានគ្រោះថា្នក់ដល់កម្ពុជា ពីព្រោះតែវប្បធម៌របស់អ្នកនយោបាយចាស់ៗទាំងនោះ មានចរិតគំនុំសងសឹក ចង់ផ្តួលរលំគ្នាទៅវិញទៅមក ដោយមិនតម្កល់ផលប្រយោជន៍ជាតិជាធំដូចសម្តីរបស់ខ្លួនឡើយ។ វប្បធម៌ចាស់គំរឹលទាំងអស់នោះ ដែលអ្នកតាមដានស្ថានការណ៍សង្គម ហ៊ាននិយាយថា នឹងធ្វើឲ្យប្រទេសកម្ពុជា មិនអាចដើរទៅមុខទាន់ប្រទេសនៅក្នុងតំបន់បានទេ ប្រសិនបើអ្នកនយោបាយជំនាន់ក្រោយ ដែលនឹងក្លាយជាដឹកនាំនាពេលឆាប់ៗខាងមុខនេះ ទទូលយកវប្បធម៌នោះមកអនុវត្តបន្ត។
អ្នកតាមដានស្ថានការណ៍សង្គម លោក កែម ឡី បានចោទអ្នកនយោបាយចាស់ៗបច្ចុប្បន្នថា មានវប្បធម៌តាំងខ្លួនឯងជាអាទិទេព មិនសូវស្តាប់មតិយោបល់របស់អ្នកដទៃទេ។ ជាងនេះទៅទៀត លោកបន្ថែមថា អ្នកនយោបាយទាំងនោះ គ្មានភាពជាអ្នកដឹកនាំ ចូលចិត្តប្រើហិង្សា លាបពណ៌គ្នា និងចាប់គ្នាដាក់គុក។ « មានតែអញ់ ខ្លាំងជាងគេ ។ បើមិនធ្វើតាមខ្លួន គំរាម ប្រើហិង្សា ។ ប៉ិននិយាយ កុហកពលរដ្ឋ។ ខ្ញុំថា វប្បធម៌ទាំងអស់នេះ បានចាក់ឬសខ្លាំង ស្ទើរតែមិនអាចកែបានទេ » ។ នេះជាការវិភាគរបស់លោក កែម ឡី ។
អ្វីដែលលោក កែម ឡី បាននិយាយ ហាក់មិនខុសពីការយល់ឃើញរបស់លោក ជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជននោះឡើយ។ ក្នុងនាមជាអ្នកអង្កេតស្ថានសង្គមផងនោះ លោក ជាង សុខា វាយតម្លៃថា បើទោះបីជានៅក្នុងជួរគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានបណ្តុះយុវជនជំនាន់ក្រោយទុកបន្តវេនពីអ្នកនយោបាយចាស់ៗក្តី ក៏មិនអាចធ្វើឲ្យកម្ពុជា ដើរទៅមុខដូចប្រទេសក្នុងតំបន់ដទៃទៀតដែរ ។ លោកថា អ្នកនយោបាយក្មេងៗបច្ចុប្បន្នដែលជាសែស្រឡាយអ្នកនយោបាយចាស់ៗនោះ បានចម្លងវប្បធម៌មិនល្អពីអ្នកជំនាន់មុនរួចទៅហើយ។
ទាំង កែម ឡី និង លោក ជាង សុខា សុទ្ធតែហ៊ាននិយាយថា កម្ពុជាអាចប្រែប្រួលល្អបាន ដរាបណា អ្នកនយោបាយក្មេងៗជំនាន់ក្រោយ បង្កើតវប្បធម៌នយោបាយថ្មី បោះបង់វប្បធម៌នយោបាយមិនល្អរបស់អ្នកចាស់ៗចោល។ វប្បធម៌នយោបាយថ្មី ដែលលោកទាំងពីរ ជឿជាក់ថា អាចនាំកម្ពុជា ឲ្យរីកចម្រើននោះ គឺវប្បធម៌អហិង្សា ជជែកគ្នាដោះស្រាយបញ្ហាជាតិដោយសន្តិវិធី កុំចងគំនុំសងសឹកគ្នា ហើយតម្កល់ផលប្រយោជន៍ជាតិជាត្រីមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com