អន្តរជាតិ
GNF៖ ទន្លេសាប ជា​បឹង​ដែល​រង​ការគំរាមកំហែង​ជាងគេ​បំផុត​ប្រចាំឆ្នាំ​២០១៦
15, Aug 2016 , 8:39 pm        
រូបភាព
ដោយ: ធីតា
​មូលនិធិ​បរិស្ថាន Global Nature Fund (GNF) របស់​អាល្លឺម៉ង់ នា​ទិវា​ដី​សើម​ពិភពលោក (World Wertlands Day) កាលពី​ថ្ងៃទី​២ ខែកុម្ភៈ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​ចាត់ទុក​បឹង​ទន្លេសាប ជា​បឹង​ដែល​រង​ការគំរាមកំហែង​ខ្លាំងជាងគេ​ប្រចាំឆ្នាំ​២០១៦ ។​



​បឹង​ទន្លេសាប ត្រូវបាន​ចាត់ទុកជា​បឹង​ដែល​សម្បូរ​ធនធាន​មច្ឆា​ច្រើនជាងគេ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្តែ​ការ​បម្រែបម្រួល​អាកាសធាតុ និង​ទង្វើ​របស់​មនុស្ស បានធ្វើ​ឲ្យ​បឹង​មួយ​នេះ កំពុង​រង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ មូលនិធិ​បរិស្ថាន Global Nature Fund (GNF) របស់​អា​ល្លឺ​ង ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT)​។​

​ជុំវិញ​ការ​ចាត់ទុកថា «​បឹង​ទន្លេសាប ជា​បឹង​ដែល​រង​ការគំរាមកំហែង​ប្រចាំឆ្នាំ​២០១៦» (Threatened Lake of the Year 2016: Tonle Sap Lake in Cambodia) មូលនិធិ GNF បានធ្វើ​បទ​សម្ភាស​ពិសេស​ជាមួយ​លោក ឱម សាវ៉ាត នាយក​ប្រតិបត្តិ​នៃ​អង្គការ FACT ដែល​បានផ្តល់​ភស្តុតាង​ផ្សេងៗ​ទាក់ទង​នឹង​ការរង​គ្រោះ​របស់​បឹង​មួយ​នេះ​។​


​លោក ឱម សាវ៉ាត បាន​គូសបញ្ជាក់ថា ទន្លេសាប​មិនមែន​ត្រឹមតែ​ជា​ប្រភពធនធាន​សម្រាប់​ផឹក​នោះទេ តែ​វា​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ការនេសាទ និង​កសិកម្ម​។​

​នាយក​ប្រតិបត្តិ​នៃ​អង្គការ FACT បានលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​របស់​បឹង​ទន្លេសាប ដែល​ក្នុងនោះ​មាន ការនេសាទ​ខុសច្បាប់​ហួស​បរិមាណ បាតុភូត​អវិជ្ជមាន​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ ការកាប់​ព្រៃ​លិច​ទឹក និង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​ទន្លេមេគង្គ ជាដើម​។​

​បើតាម​លោក សាវ៉ាត ពលរដ្ឋ​មូលដ្ឋាន​ជា​មធ្យម​ក្នុង​មួយ​គ្រួសារ នេសាទ​ត្រី​៦​គីឡូក្រាម​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ពួកគេ​ហាក់ដូច​ជាមាន​ការយល់​ដឹង​តិច​បំផុត​ទាក់ទង​នឹង​ការថែរក្សា​និរន្ត​ភាព​របស់​បឹង​។​


​បឹង​ទន្លេសាប មាន​ទំហំ​២៥០០​គីឡូម៉ែត្រ​ការ៉េ ប្រវែង​១៦០​គីឡូម៉ែត្រ និង​ជម្រៅ​ពី​១ ទៅ​២​ម៉ែត្រ នា​រដូវប្រាំង​។ រីឯ​នៅ​រដូវវស្សា បឹង​នេះ រីក​ទៅ​ទំហំ​១៦០០០​គីឡូម៉ែត្រ​ការ៉េ ប្រវែង​២៥០​គីឡូម៉ែត្រ និង​ជម្រៅ​ពី​៨​ទៅ​១១​ម៉ែត្រ​។​

​ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​បឹង​ដែល​រង​ការគំរាមកំហែង​ខ្លាំង​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៤ មក​៖
-​ឆ្នាំ​២០០៤៖ បឹង Chapala នៅ​ម៉ិ​ក​ស៊ិ​ក​
-​ឆ្នាំ​២០០៥៖ បឹង Victoria នៅ​កេ​ន​យ៉ា តង់​ហ្សា​នី និង​អ៊ូ​ហ្ក​ង់​ដា​
-​ឆ្នាំ​២០០៦៖ បឹង Dead Sea នៅ​អ៊ីស្រាអែល ហ្ស៊​ក​ដង់ និង​ប៉ា​ឡេ​ស្ទី​ន​
-​ឆ្នាំ​២០០៧៖ បឹង Pantanal Wetlands នៅ​ប្រេ​ស៊ី​ល ប៉ា​រ៉ា​ហ្គា​យ និង​បូ​លី​វី​
-​ឆ្នាំ​២០០៨៖ បឹង Mahakam Wetland នៅ​ឥណ្ឌូនេស៊ី​
-​ឆ្នាំ​២០០៩៖ បឹង Atitlan នៅ​ហ្គា​តេ​ម៉ា​ឡា​
-​ឆ្នាំ​២០១០៖ បឹង Pulicat នៅ​ឥណ្ឌា​

-​ឆ្នាំ​២០១១៖ បឹង Laguna de Fuquene នៅ​កូ​ឡុំ​ប៊ី​
-​ឆ្នាំ​២០១២៖ បឹង Titicaca នៅ​ប៉េ​រូ និង​បូ​លី​វី​
-​ឆ្នាំ​២០១៣៖ បឹង Winninpeg នៅ​កាណាដា​
-​ឆ្នាំ​២០១៤៖ បឹង Sampaloc នៅ​ហ្វីលីពីន​
-​ឆ្នាំ​២០១៥៖ បឹង Hovsgol នៅ​ម៉ុង​ហ្គោ​លី​
-​ឆ្នាំ​២០១៦៖ បឹង​ទន្លេសាប​នៅ​កម្ពុជា​៕


Tag:
 បរិស្ថាន​
  បឹង​ទន្លេសាប​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com