អន្តរជាតិ
ត្រាំ អញ្ជើញ Duterte ទស្សនកិច្ច​នៅ​អាមេរិក​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឡើងវិញ​ ​
30, Apr 2017 , 10:39 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​ប្រធានាធិបតី​មាត់ឆៅ Rodrigo Duterte ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅពេល​ខាងមុខ​។ ការអញ្ជើញ​នេះ គឺជា​សញ្ញា​នៃ​ការវិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​នៃ​ទំនាក់ទំនង​សម្ព័ន្ធមិត្ត​ចាស់វស្សា​ទាំងពីរ ដែល​ល្អក់កករ​នៅ​ចុង​អាណត្តិ​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ។



​បើទោះជា​មមាញឹក​ដឹកនាំ​កិច្ចប្រជុំ​អាស៊ាន​ក្ដី ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ក៏បាន​ឆ្លៀតពេល​និយាយ​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​យប់​ថ្ងៃទី​២៩ ខែមេសា​។ ប្រធានាធិបតី ត្រាំ ក៏បាន​អញ្ជើញ​សម​ភាគី Duterte ទៅ​ទស្សនកិច្ច​នៅ​សេត​វិមាន ដើម្បី​ជជែក​ពី​សារសំខាន់​នៃ​សម្ព័ន្ធភាព​អាមេរិក និង​ហ្វីលីពីន​។ ស្ថានភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​ហ្វីលីពីន យ៉ាប់យ៉ឺន​ខ្លាំង ក្រោយ​លោក Duterte ឡើងកាន់តំណែង​មក​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សេត​វិមាន ប្រធានាធិបតី ត្រាំ បាន​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី Duterte ប្រកបដោយ​ភាពស្និទ្ធស្នាល និង​បាន​ជជែក​លើ​បញ្ហា​ជាច្រើន​។ សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បន្តថា លោក ត្រាំ កំពុង​រង់ចាំ​ឱកាស​មកកាន់​ហ្វីលីពីន​នៅ​ខែវិច្ឆិកា​ខាងមុខ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​បណ្ដា​មេដឹកនាំ​អាស៊ាន និង​ដៃគូ​សន្ទនា​ជាច្រើន​ទៀត​។  

​ចំណែក​សេចក្ដីប្រកាស​ព័ត៌មាន​របស់​វិមាន​ប្រធានាធិបតី​ហ្វីលីពីន ក៏​បញ្ជាក់​ដែរ លោក ត្រាំ បានលើកឡើង​ពី​ការគំរាមកំហែង​មកលើ​សន្តិសុខ​របស់​អា​ស៊ី​អាគ្នេយ៍ ជាពិសេស​សកម្មភាពរ​បស់​កូរ៉េខាងជើង​តែម្ដង​។ នៅមុន​ការសន្ទនា​តាម​ទូរ​សព្ទ​នេះ ប្រធានាធិបតី​ហ្វីលីពីន ក៏បាន​និយាយ​ដែរ​ថា លោក នឹង​ប្រាប់​សម​ភាគី​អាមេរិក កុំ​ឲ្យ​ជ្រលក់​ដៃ​លេង​ជាមួយ​កូរ៉េខាងជើង​ឲ្យ​សោះ ព្រោះ​កូរ៉េខាងជើង ចង់​កម្ទេច​ពិភពលោក ហើយ​លោក​ស្នើ​ឲ្យ​លោក ត្រាំ អត់ធ្មត់​ឲ្យ​បាន​ច្រើន​ដែរ​។​

​នេះ ជាការ​និយាយ​ទូរ​សព្ទ​លើក​ទី​២ រវាង​មេដឹកនាំ​ទាំង​២ ។ ការសន្ទនា​តាម​ទូរ​សព្ទ​លើក​ទី​១ ធ្វើឡើង​ក្រោយ​ការទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ប្រ​ធានា​ធិ​ប​តិ​របស់លោក ត្រាំ ។ ទាំង​លោក Duterte ទាំង​លោក ត្រាំ សុទ្ធ​តែមាន​ចំណុច​ដូចគ្នា​ជាច្រើន​ដូចជា​ការនិយាយស្ដី​មិនសូវ​គិត​ច្រើន និង ការនិយាយ​រិះគន់​អ្នកសារព័ត៌មាន​។ ពេលខ្លះ លោក Duterte ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ជា «​ដូ​ណា​ល់ ត្រាំ​» របស់​អាស៊ី​ទៅទៀត​។​

​ច្បាស់​ណាស់​ថា ការនិយាយ​តាម​ទូរ​សព្ទ​បែបនេះ ជា​សញ្ញា​ល្អ​នៃ​ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន​។ កាលពី​ចុង​អាណត្តិ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អាមេរិក បាន​រិះគន់​ហ្វីលីពីន​យ៉ាងខ្លាំង​លើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក Duterte ដែល​សម្លាប់​មនុស្ស​ជាច្រើន​ពាន់​នាក់​។ ប៉ុន្តែ លោក Duterte បែរជា​ប្រើពាក្យ​មិន​សមរម្យ​ដាក់​ប្រធានាធិបតី​អាមេរិក និង​បាន​គំរាម​បញ្ចប់​សម្ព័ន្ធភាព​ដ៏​យូរអង្វែង​ទៀតផង​៕   


© រក្សាសិទ្ធិដោយ thmeythmey.com