ជាតិ
អង្គការ​ស៊ី​ប៉ា បើក​យុទ្ធនា​ការអប់រំ ស្តីពី​វិថី​ឆ្ពោះទៅកាន់​សុវត្ថិភាព​លើក​ទី​២
06, Jul 2017 , 7:19 pm        
រូបភាព
ដោយ:
​កណ្តាល​៖ អង្គការ​ស៊ី​ប៉ា សហការ​ជាមួយ​ក្រុមហ៊ុន​តូ​តា​ល់ បើក​យុទ្ធនា​ការលើក​ទី​២ ស្តីពី​វិថី​ឆ្ពោះទៅកាន់​សុវត្ថិភាព ដែល​រួមមាន​ការផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការអាន​។ យុទ្ធនា​ការលើក​ទី​២​នេះ ធ្វើឡើង​តាមរយៈ​បណ្តា​ល័យ​ចល័ត​របស់​ស៊ី​ប៉ា ដោយ​អនុវត្តន៍​នៅក្នុង​សាលារៀន​ចំនួន​២៤ និង​ភូមិ​ចំនួន​២០ នៃ​ស្រុក​គៀនស្វាយ​។  បណ្ណាល័យ​នេះ មានបំណង​ផ្សព្វផ្សាយ​ការអាន​នៅក្នុង​តំបន់​គោលដៅ និង​លើកកម្ពស់​ការយល់ដឹង​ពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅក្នុង​តំបន់​ផ្សេងៗ​របស់​បណ្ណាល័យ​ចល័ត​របស់​អង្ក​ការ​ស៊ី​ប៉ា និង​រំពឹងថា មាន​សិស្សានុសិស្ស កុមារ និង​យុវជន​ចូលរួម ប្រមាណ​៦​ពាន់​នាក់ តាមរយៈ​បណ្ណាល័យ​នេះ​។​



​អង្គការ​ស៊ី​ប៉ា និង​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា នៅ​ថ្ងៃទី​០៥ ខែកក្កដា បាន​បើកសម្ពោធ​យុទ្ធនា​ការលើក​ទី​២ ស្តីពី​វិថី​ឆ្ពោះទៅកាន់​សុវត្ថិភាព ដើម្បី​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការអាន ក្នុងភូមិ​ខ្សុំ ឃុំ​សំរោង​ធំ ស្រុក​គៀនស្វាយ​។ យុទ្ធនាការ​នេះ ធ្វើឡើង​តាមរយៈ​បណ្ណាល័យ​ចល័ត​អង្គការ​ស៊ី​ប៉ា ដែលមាន​សិស្សានុសិស្ស​ចូលរួម​ប្រមាណ​៨០០​នាក់ មកពី​សាលាបឋមសិក្សា​ចំនួន​៤​។​


នាយក​អង្គការ​ស៊ី​ប៉ា លោក ហុក សុទ្ធិ (​ឆ្វេង​)​អគ្គនាយក​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា (​កណ្ដាល​)​អនុប្រធាន​ការិយាល័យ​បឋមសិក្សា​នៃ​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត (​ស្ដាំ​)​

​នៅក្នុង​ពិធី​នោះ​អង្គការ​ស៊ី​ប៉ា បាន​បង្រៀន​ប្រជា​ពល​ដ្ឋ និង​សិស្សានុសិស្ស​ឲ្យ​យល់​ពី​ស្លាក​សញ្ញា​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំង​ពេល​ឆ្លងកាត់​ផ្លូវ ពេល​កំពុងបើករ ពេល​ត្រូវ​ឈប់ និង​ចត​នៅតាម​ដងផ្លូវ បង្កើត​កម្មវិធី​ល្បងប្រាជ្ញា ដោយ​ឲ្យ​អ្នកចូលរួម​ទាយ​ស្លាក​សញ្ញា​ចរាចរណ៍ និង​ជំរុញ​ឲ្យ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​។​

​យុទ្ធនា​ការលើក​ទី​២ មិន​ត្រឹមតែ​ជា​ដៃគូ​ជាមួយ​តូ​តា​ល់​ប៉ុណ្ណោះ​ទេ ក៏បាន​រួមសហការ ជាមួយ​អង្គការ​សហ​ប្រជា​តិ ក្នុង​បំណង​លើកស្ទួយ​ដល់​សិស្សានុសិស្ស កុមារ និង​យុវជន ឲ្យ​បានដឹង​ពី​សុវត្ថិភាព ពេល​ឆ្លងកាត់ ផ្លូវ​។​



​អង្គការ​ស៊ី​ប៉ា ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​តូ​តា​ល់​រយៈពេល​៤​ឆ្នាំ​ហើយ  ហើយ​២​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើ​សកម្មភាព​រួមគ្នា​ដោយ​ផ្ដោត​សំខាន់​លើ​ការអប់រំ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​។ នេះ​បើតាម លោក ហុក សិទ្ធិ នាយក​អង្គការ​ស៊ី​ប៉ា ដែល​បន្តថា ស៊ី​ប៉ា ក៏​ជា​ដៃគូ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា អស់​រយៈពេល​ជិត​២០​ឆ្នាំ​ដែរ ក្នុងការ​អភិវឌ្ឍ​វិស័យ​អំ​ណាន និង​ការអប់រំ​នៅ​កម្ពុជា​។  ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ ស៊ី​ប៉ា បាន​បង្កើត​បណ្ណាល័យ​ជាច្រើន​កន្លែង នៅតាម​សាលារៀន មន្ទីរពេទ្យ រោងចក្រ និង​ពន្ធនាគារ​ជាដើម ពិសេស​មាន​បណ្ណាល័យ​ចល័ត​ចំនួន​៨ ធ្វើ​សកម្មភាព​ចល័ត​ជុំវិញ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ 

​លោក ហុក សិទ្ធិ បញ្ជាក់​ដូច្នេះ ៖«​តាមរយៈ​បណ្ណាល័យ​ចល័ត​នេះ ស៊ី​ប៉ា​បាន​ចាប់​ដៃគូ​ជាមួយ​តូ​តា​ល់ ដើម្បី​មាន​យុទ្ធសាស្ត្រ ចូលរួម​ក្នុង​ការអប់រំ ហើយ​សកម្មភាព​ចម្បង គឺ​ការអាន​សៀវភៅ ហើយ​ការអាន​នេះ​អាច​បញ្ជ្រាប​ការអប់រំ ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​»​។​

​លោក ឈាង សំណាង អនុប្រធាន​ការិយាល័យ​បឋមសិក្សា នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល    បាន​លើកឡើងថា កម្មវិធី​នេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ជំរុញ​វិស័យ​អប់រំ ពិសេស​លើក​គុណភាព​ផ្នែក​អប់រំ ដែលជា​ចំណុច​សំខាន់​របស់​រាជរដ្ឋាភិបាល ហើយ​និង​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ លោក ក៏បាន​សំណូមពរ​ដល់​អង្គការ​ស៊ី​ប៉ា បន្ត​ជួយ​ទៅលើ​វិស័យ​អប់រំ និង​ពង្រីក​ការិយាល័យ​គ្រប់​សាលា​នៅ​កម្ពុជា​។​



​អគ្គនាយក​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា លោក Asif IQBAL បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក បាន​សហការ​ជាមួយ​អង្គការ​ស៊ី​ប៉ា​អស់​រយៈពេល​៤​ឆ្នាំ ហើយពីរ​ឆ្នាំ​ចុងក្រោយ​នេះ បាន​សហការ​រួមគ្នា ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍ និង​ការអាន​។ ក្រៅពីនេះ លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ ក៏បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​ជុំវិញ​ការផ្ដល់​ជា​អាហារ​រូបករណ៍​ដល់​សិស្សានុសិស្ស និង​បាន​អញ្ជើញ​អ្នកជំនាញ​ពី​ប្រទេស​បារាំង  មក​បង្រៀន​ដល់​ប្រជាជន​កម្ពុជា​៕




Tag:
 ស៊ី​ប៉ា​
 ​ តូ​តា​ល់​
 ​ ចរាចរណ៍​
 ​ ការអាន​
© រក្សាសិទ្ធិដោយ thmeythmey.com