អន្តរជាតិ
លោក លី សៀន​ឡុង ចង់ឃើញ «​រូបរាង​ពិត RCEP» ខណៈ ពេល​កំណត់​ចុងក្រោយ ត្រូវ​លើក​បី​ដង​ហើយ​នោះ​
16, Nov 2017 , 8:59 am        
រូបភាព
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង ។ រូបថត AFP
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង ។ រូបថត AFP
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​ទទូច​ឲ្យ​សមាជិក​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី RCEP ចូលរួម​កែប្រែ​មហិច្ឆតា​នៃ​កិច្ចព្រមព្រៀង​នេះ​ឲ្យ​ប្រែក្លាយជា​ការពិត ។ លោកនាយក​រដ្ឋមន្ត្រី ក៏​ចង់ឃើញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បង្ហាញ​ពី​ភាពស្មោះត្រង់​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​អាច​សម្រេចបាន​ចំណុច​រួមមួយ ។



​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង នៅ​ថ្ងៃ​១៤ វិច្ឆិកា បាន​ថ្លែង​ក្នុងជំនួប​លើកដំបូង​របស់​សមាជិក «​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​» (RCEP) ថា ការចរចា បាន​ចំណាយពេល​លើសពី​ការរំពឹងទុក ។ លោក​អះអាង ថា ភាគី RCEP មិនអាច​បញ្ចប់​ការចរចា​តាម​ពេល​កំណត់​របស់ខ្លួន​រហូត​ដល់​បី​លើក រួមមាន ឆ្នាំ​២០១៥, ២០១៦ និង​ឆ្នាំ​២០១៧​នេះ​តែម្តង ។

​លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា RCEP ត្រូវបាន​រំពឹងថា ជា​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ការធ្វើ​ធុរកិច្ច និង​ប្រជាជន​របស់​ប្រទេស​ទាំង​១៦ ដែលជា​សមាជិក​របស់​វា ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរី Channel News Asia ។

​ជុំវិញ​ភាពយឺតយ៉ាវ​នៃ​ការសម្រេចបាន​កិច្ចព្រមព្រៀង​នេះ លោក លី បាន​ទទូច​ឲ្យ​ភាគី​ទាំងអស់ ចូលរួម​បង្ហាញ​ពី​ស្មោះត្រង់ និង​បើកចំហរ ក៏ដូចជា​បង្ហាញ​ពី​ការប្តេជ្ញា និង​កិច្ចប្រឹងប្រែង​ពិតប្រាកដ​ដើម្បី​ធ្វើ​ឲ្យ RCEP ក្លាយជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពិតប្រាកដ ។ តែ​លោក ក៏​ទទួលស្គាល់​ពី ភាពស្មុគស្មាញ​របស់​ភា​គី​ពាក់ព័ន្ធ​ផងដែរ ។

​សូម​ជម្រាប​ផងដែរ​ថា RCEP (Regional Comprehensive Economic Partnership) គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន និង​លើក​ចរចា​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១២​ក្នុងឱកាស​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ កិច្ចព្រមព្រៀង​ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ស្មើនឹង​៣០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក បង្កើតឡើង​ដើម្បី​ប្រែក្លាយ​តំបន់​រដ្ឋ​អាស៊ាន និង​ដៃគូ​សន្ទនា​របស់ខ្លួន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី​។​

​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះ រាប់បញ្ចូល​សមាជិក​អាស៊ាន​ទាំង​ដប់ និង ដៃគូ​សន្ទនា​ផ្សេងទៀត​រួមមាន​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូ​វែ​ល​សេ​ឡង់ ៕


Tag:
 ​សិង្ហ​បុរី
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com