អន្តរជាតិ
បាតុកម្ម​ក្នុង​តំបន់ Gaza មាន​មនុស្ស​ស្លាប់​នៅពេល​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ប្រមូល​ផ្តុំគ្នា​ប្រារព្ធ​ខួប​នៃ​ការចាប់​ផ្តើមធ្វើ​បាតុក​ម្ម
31, Mar 2019 , 11:59 am        
រូបភាព
ដោយ: VOA
​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​បីនាក់​បាន​ស្លាប់​នៅក្នុង​បាតុកម្ម​នៅឯ​របង​ព្រំដែន​រវាង​តំបន់ Gaza និង​ប្រទេស​អ៊ីស្រាអែល នៅ​ថ្ងៃ​ខួប​ឆ្នាំ​ទីមួយ​នៃ​ការចាប់ផ្តើម​ធ្វើបាតុកម្ម​រៀងរាល់​អាទិត្យ​។

 
​អាជ្ញាធរ​សុខាភិបាល​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយថា យុវជន​ពីរ​នាក់​អាយុ​១៧​ឆ្នាំ​បាន​ត្រូវ​បាញ់​ស្លាប់​ដោយ​ពួក​ទាហាន​អ៊ីស្រាអែល នៅក្នុង​ថ្ងៃ​ធ្វើបាតុកម្ម​នោះ ចំណែកឯ​បាតុករ​ម្នាក់ទៀត​អាយុ​២១​ឆ្នាំ​បាន​បាត់​បង់ជីវិត​នៅក្រោយពេល​បាន​ត្រូវ​បាញ់​នៅ​ជិត​របង​ព្រំដែន​នេះ​កាលពី​យប់មិញ​។​
 
​ក្រុមបាតុករ​រាប់ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​សៅរ៍​។ កងទ័ព​អ៊ីស្រាអែល​បាន​និយាយថា ក្រុមបាតុករ​បាន​គប់​ដុំថ្ម​និង​គ្រឿងផ្ទុះ​តម្រង់​ទៅកាន់​ព្រំដែន​អ៊ីស្រាអែល​។ កងទ័ព​អ៊ីស្រាអែល​ក៏បាន​ថ្លែង​ដែរ​ថា ក្រុមបាតុករ​ក៏បាន​ដុត​កង់ឡាន​ផងដែរ​។​
 
​ការធ្វើ​បាតុកម្ម​ប្រចាំ​សប្តាហ៍​បាន​ត្រូវ​រៀបចំ​ឱ្យមាន​ឡើង​ដើម្បី​ទាមទារ​ឱ្យមាន​ការបញ្ឈប់​ការ​រាំងខ្ទប់​តំបន់ Gaza ដោយ​អី​ស្រា​អែល និង​អេ​ហ្ស៊ី​ប ដែលមាន​ធ្វើ​ចាប់តាំងពី​ឆ្នាំ​២០០៧​មក នៅពេលដែល​ពួក Hamas ដែលជា​ក្រុម​អ្នក​គោរព​សាសនា​ឥស្លាម​តឹងរ៉ឹង​តាម​គម្ពីរ បាន​ក្លាយទៅជា​អាជ្ញាធរ​គ្រប់គ្រង​ដែនដី Gaza​។​
 
​ក្រុម​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ធ្វើបាតុកម្ម​ទាំងនេះ​ចង់បាន​សិទ្ធិ​វិលត្រឡប់​ទៅកាន់​ដែនដី​ដែល​ពួកគេ​បាន​ចាកចេញ​នៅពេល​បង្កើត​ប្រទេស​អ៊ីស្រាអែល​។ ប្រទេស​អ៊ីស្រាអែល​បាន​ប្រឆាំងនឹង​គំនិត​នេះ​។​
 
​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ប្រមាណ​២០០​នាក់ និង​ទាហាន​អ៊ីស្រាអែល ម្នាក់​បាន​បាត់​បង់ជីវិត​កាលពី​ឆ្នាំទៅ​មិញ នៅក្នុង​ការធ្វើ​បាតុកម្ម​ប្រចាំ​សប្តាហ៍​បែបនេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com