ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជាត្រូវបានគេប៉ាន់ស្មានថា មានដើមត្នោតជាង៣លានដើម ហើយស្ករត្នោតកំពង់ស្ពឺមានរសជាតិឆ្ងាញ់ជាងគេ។ ដើមត្នោតមានអាយុជាង១០០ឆ្នាំ។
តាមពិត ដើមត្នោតមានឈ្មោះវិទ្យាសាស្ត្រថា Borassus Flabellifer ហើយជាភាសាខ្មែរ គឺដើមត្នោត។ ដើមត្នោតដែលមានវត្តមាននៅក្នុងទឹកដីនៃប្រទេសកម្ពុជា គឺជាប្រភេទត្នោតមួយក្នុងចំំណោមគ្រួសារដូង ឬត្នោត២៦០០ប្រភេទផ្សេងទៀតដែលគេបានកត់ត្រាទុកក្នុងពិភពលោក។ នាពេលបច្ចុប្បន្ននេះ ដើមត្នោតប្រមាណជា៣លានដើមមានប្រភពមកពីប្រទេសកម្ពុជា។
សៀវភៅរបស់ក្រុមហ៊ុន Confirel បានបញ្ជាក់ថា ជាទូទៅ ដើមត្នោតមានអាយុលើសពី១០០ឆ្នាំ ហើយវាមានកម្ពស់ពី១៥ម៉ែត្រ ទៅដល់៣០ម៉ែត្រ។ ដើមត្នោតត្រូវការរយៈពេលប្រមាណជា១៥ឆ្នាំ មុននឹងវាអាចផលិតចេញទៅជាផ្លែត្នោត និងផ្កាត្នោតបាន។ ផ្ការបស់វាត្រូវបានគេយកទៅផលិតចេញជាស្រាទឹកត្នោត ឬទឹកខ្មេះទឹកត្នោត។
ដើមត្នោត គឺជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា តាំងពីសម័យកាលបុរាណមកម្ល៉េះក្នុងការកំណត់ព្រំដែននៃទឹកដីរបស់អាណាចក្រកម្ពុជា។ ប្រជាជនតែងនិយាយឃ្លាសាមញ្ញមួយថា៖«បើដីនោះមានដើមត្នោត ដីនោះ ជាដីខ្មែរ»។
នាសម័យសង្គ្រាម ដើមត្នោតត្រូវបានគេកាត់ចោលអស់យ៉ាងច្រើន ដោយសារតែមូលហេតុថា ដើមរុក្ខជាតិមួយនេះគ្មានសារៈប្រយោជន៍អ្វីច្រើននោះទេ។ គិតត្រឹមឆ្នាំ១៩៩០ ដើមត្នោតជិតពាក់កណ្តាលត្រូវបានគេកាប់ចោលពីទឹកដីកម្ពុជា។
ដើមត្នោតជួយរក្សាសណ្ឋានដីឲ្យនៅមាំល្អ មិនងាយហូរច្រោះដោយទឹកភ្លៀងនារដូវវស្សា។ ហេតុដូច្នេះហើយ ទើបប្រជាជនខ្មែរប្រើប្រាស់ពេល៦ខែក្នុងការដាំដំណាំស្រូវ និង៦ខែទៀតដើម្បីឡើងត្នោតដើម្បីបង្កើតប្រាក់ចំណូលបន្ថែម ជាពិសេសនារដូវប្រាំងចាប់ពីខែមករា ទៅដល់ខែឧសភា។
បើទោះបីជាដើមត្នោត គឺជាប្រភពចំណូលមួយដ៏សមរម្យសម្រាប់ប្រជាជនខ្មែរក្តី វាក៏ជារុក្ខជាតិពិសេសមួយដែលអាចគេអាចយកទៅកែច្នៃ ឬប្រើប្រាស់ជាមួយនឹងគោលចំណងផ្សេងៗជាច្រើនទៀតផងដែរ។
សម្រាប់ទឹកត្នោត គេអាចប្រើប្រាស់វាសម្រាប់ផលិតជាស្រា ផលិតជាទឹកខ្មេះ ស្ករ។ល។ ដើមរបស់វាត្រូវបានគេយកទៅប្រើប្រាស់ជាសសរផ្ទះ ឬធ្វើជាទូក។ ស្លឹករបស់វាអាចយកទៅប្រក់ផ្ទះ ផលិតជាកន្ត្រក ជាសម្ភារវិចខ្ចប់ ឬមួកជាដើម។ ពន្លក និងផ្លែរបស់វាអាហារពិសេសមួយដែលគេអាចពិសារពេលនៅស្រស់ៗបាន។
សូមបញ្ជាក់ថា ស្ករត្នោតកំពង់ស្ពឺទទួលភាពជោគជ័យក្នុងការចុះបញ្ជីជាផលិតផលសម្គាល់ទីតាំងភូមិសាស្ត្រ (GI) ដែលទទួលបានការការពារពីសហភាពអឺរ៉ុប កាលពីថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩ កន្លងមក៕