ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាមិនមែនគ្រប់អាហារនិងភេសជ្ជៈទាំងអស់សុទ្ធតែអាចទទួលទានបានគ្រប់ពេលដោយគ្មានបញ្ហាឡើយ! អ្នកប្រហែលជាធ្លាប់បានឮអំពីការទទួលទានទឹកធម្មតា ឬទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរនិងជួយឱ្យស្រកទម្ងន់។ ទោះជាយ៉ាងណាក៏នៅមានអាហារមួយចំនួនដែលមិនត្រូវបានណែនាំឱ្យទទួលទាននៅពេលពោះទទេដើម្បីជៀសវាងបញ្ហាសុខភាព។ ថាតើមានអ្វីខ្លះទៅ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. ប៉េងប៉ោះ
ការទទួលទានប៉េងប៉ោះនៅពេលពោះទទេរអាចបង្កបញ្ហាពិបាករំលាយអាហារនិងបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ នេះក៏ព្រោះតែប៉េងប៉ោះមានផ្ទុកជាតិអាស៊ីត ហើយអាចរំញោចការផលិតអាស៊ីតក្រពះច្រើនលើស។
២. បន្លែឆៅ
ពិតណាស់បន្លែមានផ្ទុកសម្បូរទៅដោយជាតិសរសៃដែលល្អសម្រាប់សុខភាព ប៉ុន្តែប្រសិនបើទទួលទាននៅពេលពោះទទេវាអាចបង្កបញ្ហាហើមពោះនិងឈឺពោះ។
៣. ផ្លែស៊េរី
ទោះបីជាផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកម្ចាត់រ៉ាឌីកាល់សេរី ប៉ុន្តែជាតិសរសៃក្នុងផ្លែស៊េរីអាចធ្វើឱ្យរលាកស្រទាប់ក្រពះបង្កការឈឺចាប់។
៤. អាហារហឹរ
ចៀសវាងការទទួលទានអាហារហឹរនៅពេលពោះទទេ ក៏ព្រោះវាអាចបង្កប្រតិកម្មជាមួយអាស៊ីតធម្មជាតិក្នុងក្រពះ។ ជាលទ្ធផលបណ្ដាលឱ្យឈឺរមួលក្នុងពោះ ឬអាចបង្កការរលាកក្នុងស្រទាប់នៃពោះ។
៥. ផ្លែឈើមានរសជាតិជូរ ឬផ្ទុកជាតិអាស៊ីតខ្ពស់
ជាតិអាស៊ីតនៃផ្លែឈើទាំងនេះអាចបង្កការរលាកស្រទាប់ក្រពះបណ្ដាលឱ្យមានអាការៈឈឺចាប់។
៦. ភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុង
ភេសជ្ជៈនេះមានផ្ទុកបរិមាណនៃជាតិអាស៊ីតកាបូណាតខ្ពស់ដែលមានន័យថា ប្រសិនបើអ្នកទទួលទានភេសជ្ជៈប្រភេទនេះនៅពេលពោះទទេនោះជាតិកាបូណាតនឹងត្រូវលាយឡំជាមួយអាស៊ីតក្រពះដែលបង្កជាអាការៈចង្អោរចង់ក្អួត ពិបាកក្នុងខ្លួន និងបញ្ហាសុខភាពច្រើនផ្សេងទៀត។
៧. កាហ្វេ
មានមូលហេតុចម្បងពីរដែលការទទួលទានកាហ្វេពេលពោះទទេមិនល្អសម្រាប់អ្នក។ ទីមួយវាអាចបង្កើនការផលិតជាតិអាស៊ីតក្រពះលើសកម្រិតនិងទីពីរកាហ្វេអាចពន្យឺតការរំលាយប្រូតេអ៊ីនក្នុងអាហារដែលអ្នកទទួលទានពេលក្រោយ។
៨. តែ
ទោះបីជាតែមានផ្ទុកកាហ្វេអ៊ីនតិចជាងកាហ្វេ ប៉ុន្តែវាក៏នៅតែជះឥទ្ធិពលដូចកាហ្វេដែរប្រសិនបើទទួលទាននៅពេលពោះទទេ។
៩. គ្រឿងស្រវឹង
កុំទទួលទានគ្រឿងស្រវឹងនៅពេលពោះទទេរឱ្យសោះ ក៏ព្រោះខណៈពេលនេះជាតិអាល់កុលនឹងត្រូវជ្រាបចូលផ្ទាល់ទៅក្នុងចរន្តឈាមតែម្ដង។ ជាលទ្ធផលសរសៃឈាមនឹងរីកធំបង្កជាបញ្ហាជីពចរចុះខ្សោយ ព្រមទាំងប៉ះពាល់ដល់សម្ពាធឈាមផងដែរ។ លើសពីនេះទៅទៀត នៅពេលកំហាប់នៃជាតិអាល់កុលកើនឡើងខ្ពស់ក្នុងឈាមនោះវានឹងបង្កបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភជាច្រើន។
១០. យ៉ាអួរ
អ្នកមិនគួរទទួលទានយ៉ាអួរពេលពោះទទេឡើយ! នេះក៏ព្រោះតែអាស៊ីតក្រពះនឹងសម្លាប់បាក់តេរីដែលមានប្រយោជន៍ក្នុងយ៉ាអួរ៕
ត្រួតពិនិត្យដោយ www.health.com.kh