កីឡាជាតិ
ជាតិ
ស្នងការរងរាជធានីភ្នំពេញទទួលបន្ទុកដឹកនាំប្រតិភូក្រុមកីឡាបាល់ទាត់កម្ពុជាទៅឡាវ
× លោក ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានប្រតិភូដើម្បីដឹកនាំក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាទៅចូលរួមការប្រកួតជម្រុះព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ។
យោងតាមលិខិតមួយច្បាប់របស់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលដាក់សំណើទៅកាន់លោកអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរនោះ នឹងធ្វើជាប្រធានប្រតិភូដឹកនាំក្រុមជម្រើសជាតិទៅចូលរួមប្រកួតនៅប្រទេសឡាវ ដោយចេញដំណើរពីថ្ងៃទី១០ ខែតុលា និងត្រឡប់មកវិញនៅថ្ងៃទី២១ ខែតុលា។
លោក សៅ សុខា បានលើកឡើងនៅក្នុងលិខិតរបស់ខ្លួនចុះថ្ងៃទី៩ ខែកញ្ញា ថា ការតែងតាំងលោក ជួន ណារិន្ទ គឺដើម្បីជំរុញការលើកទឹកចិត្ត ការពង្រឹងវិន័យ និងសន្តិសុខរបស់ក្រុមជម្រើសកីឡាបាល់ទាត់ជម្រើសជាតិ។ លោក ជួន ណារិន្ទ ក៏ជាប្រធានក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិដែលជាម្ចាស់ការពារតំណែងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ផងដែរ។
បច្ចុប្បន្នក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់គ្រូបង្វឹកកូរ៉េខាងត្បូង Lee Tae Hoon កំពុងតែប្រមូលផ្ដុំត្រៀមខ្លួនចូលរួមប្រកួតជម្រុះពានរង្វាន់ធំប្រចាំ អាស៊ានគឺ AFF Suzuki Cup 2014 ដែលរៀបចំនៅទីក្រុងវៀងចន្ទន៍ ជាមួយប្រទេស ៤ ផ្សេងទៀតរួមមាន ម្ចាស់ផ្ទះឡាវ, មីយ៉ាន់ម៉ា, ទីម័រខាងកើត និង ប្រ៊ុយណេក្នុងខែ តុលា ខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com