កីឡាជាតិ
ជាតិ
វ៉ូវីណាមកម្ពុជាឈ្នះមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៩ ពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍
× ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជម្រើសជើងឯកអាស៊ីអាគ្នេយ៍លើកទីបី (3rd Southeast Asian Vovinam Championship) នៅក្នុងទីក្រុងណៃពីដរ ប្រទេសមីយ៉ាម៉ា ដែលដំណើរការចាប់ពីថ្ងៃទី១៩ ខែតុលា កន្លងមកនោះ បានបញ្ចប់ហើយនៅថ្ងៃសុក្រ ដោយកីឡាករ-កីឡាការិនី វ៉ូវីណាមកម្ពុជា ដណ្តើមបានមេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៩។ នេះបើតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ប៉ុន្តែមិនមានការផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។
ព្រឹត្តិការណ៍ វ៉ូវីណាមប្រចាំតំបន់នេះ មានការចូលរួមពីអត្តពលិកនៃបណ្តាប្រទេសចំនួន៧ ដែលក្នុងនោះរួមមាន ម្ចាស់ផ្ទះមីយ៉ាន់ម៉ា កម្ពុជា វៀតណាម ឡាវ ឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ។ កម្ពុជាបានបញ្ចូលអត្តពលិកចំនួន១៦ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ។
បើគេហទំព័រព័ត៌មានកីឡារបស់វៀតណាម កម្ពុជាស្ថិតក្នុងចំណាត់លេខបី ចំពោះការទទួលបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៩ ។ វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់លេខ១ ដោយឈ្នះមេដាយមាស៩ ប្រាក់១៣ និងសំរិទ្ធ២ ខណៈម្ចាស់ផ្ទះមីយ៉ាន់ម៉ាស្ថិតនៅលេខ២ ដោយឈ្នះមេដាយមាស៧ ប្រាក់៤ និងសំរឹទ្ធ៩។
នា ការប្រកួតកីឡាវ៉ូវីណាមជម្រើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២កាលពី ឆ្នាំ២០១៣ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានឈ្នះមេដាយមាស៤ ប្រាក់២ និងសំរិទ្ធ ៩ និងមានចំណាត់ថ្នាក់លេខ២ ខណៈវៀតណាមស្ថិតនៅលេខ២ ដោយបានឈ្នះមេដាយមាស១១ និងប្រាក់១១ ។ ឥណ្ឌូនេស៊ីស្ថិតនៅលេខ៣ តាមរយៈការទទួលបានមេដាយមាស៣ ប្រាក់៣ និងសំរិទ្ធ៩ ៕
រូបថត៖ សហព័ន្ធកីឡាវ៉ូវីណាមមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com