កីឡាជាតិ
ជាតិ
ABG 2014៖ បាល់ទះលើឆ្នេរខ្សាច់កម្ពុជាប៉ះអូម៉ង់នារសៀលថ្ងៃព្រហស្បតិ៍នេះ
× ក្រុមកីឡាបាល់ទះលើឆ្នេរខ្សាច់កម្ពុជា ត្រូវប៉ះជាមួយក្រុមជម្រើសជាតិអូម៉ង់នាវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី២០ ខែវិច្ឆិកា នេះ នៅវគ្គ៣២ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Asian Beach Games ឆ្នាំ២០១៤ ដែលកំពុងរៀបចំឡើងនៅខេត្តភូកេត ប្រទេសថៃ។
ក្រុមកីឡាបាល់បោះកម្ពុជា ដែលមានកីឡាករ ស៊ឹម ឃ្លោក និង លឹម សំអាត បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខបីនៅក្នុងពូល B បន្ទាប់ពីកាតា និងវៀតណាម។ កីឡាករកម្ពុជាបានឈ្នះប៉ាឡេស្ទីន ដោយស្វ័យប្រវត្តិ ហើយបានចាញ់ក្រុមកាតា ២-១ និងចាញ់វៀតណាម ២-០ ប៉ុន្តែស្តារមុខមាត់ជាមួយនឹងជ័យជម្នះ ២-០ (២១-១៩, ២១-១៥) លើលីបង់វិញ កាលពីព្រឹកមិញ។
ដោយឡែក ក្រុមអូម៉ង់ដែលមានកីឡាករឈ្មោះ Al Shereiqi និង Alhousni Ahmed បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២នៅក្នុងពូល H ដោយបានឈ្នះ អាហ្វហ្គានីស្ថានដោយស្វ័យប្រវត្តិ ឈ្នះបង់ក្លាដែស និងឈ្នះចិន-តៃប៉ិ ប៉ុន្តែបានចាញ់ថៃ នាការប្រកួតចុងក្រោយ។ ក្រុមដែលទទួលបានជ័យជម្នះ នឹងត្រូវប៉ះជាមួយអ៊ីរ៉ង់នៅវគ្គ១៦ក្រុមចុងក្រោយ។
កម្ពុជា បានបញ្ជូនកីឡាចំនួន ៨ នាក់ ក្នុងចំណោម ៣ ប្រភេទកីឡាឱ្យទៅប្រកួតនៅឆ្នាំនេះ ដោយក្នុងនោះមានចំបាប់, Foot-Volley និង បាល់ទះលើឆ្នេរខ្សាច់។
ចំពោះចំបាប់បានត្រឡប់មកដល់កម្ពុជាវិញហើយកាលពីយប់ថ្ងៃទី ១៧ វិច្ឆិកា ក្រោយដណ្ដើមបានមេដាយ សំរឹទ្ធ ១ គ្រឿង។ កីឡាការិនី នី សំណាង ជាអ្នកចារឈ្មោះក្នុងប្រវត្តិសាស្ត្រកម្ពុជាមុនគេដែលដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍នេះ ស្របពេលគេទើបបង្កើតឡើងបាន ៤ លើកប៉ុណ្ណោះ។
ចំណែកកីឡា Foot-Volley វិញកម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូល ក្រោយប្រកួតចាញ់ ម៉ាឡេស៊ី ២ សិត ទល់ ០ (១៨-១១, ១៨-១០) តែឈ្នះឥណ្ឌា ២ សិត ទល់ ០ (១៨-៧,១៨-១០) ចាញ់ឡាវ ២ សិត ទល់ ០ (១៨-១៣,១៨-៧) និងបន្តចាញ់អារ៉ាប់រួម ២ សិត ទល់ ០ (១៨-១៦,១៩-១៧) ។
Asian Beach Games 2014 រៀបចំនៅខេត្តភូកេត ប្រទេសថៃ ចាប់ពីថ្ងៃទី ១៤ ដល់ ២៣ វិច្ឆិកា ឆ្នាំ ២០១៤ ដោយដាក់វិញ្ញាសា ១៦៩ ប្រភេទ ក្នុងចំណោម ២៦ កីឡាផ្សេងគ្នាឱ្យប្រកួតប្រជែង។ គិតត្រឹមពេលនេះ ម្ចាស់ផ្ទះថៃ កំពុងតែឈរលើគេ ក្នុងចំណោមអ្នកមេដាយបានច្រើនជាងគេសរុបចំនួន ៦៧ គ្រឿង មាស ២៧ ប្រាក់ ១៩ និង សំរឹទ្ធ ២១ តាមពីក្រោយដោយជប៉ុន ១២ គ្រឿង មាស ៦ ប្រាក់ ៣ និង សំរឹទ្ធ ៣ គ្រឿង៕
© រក្សាសិទ្ធិដោយ thmeythmey.com