ជាតិ
បទវិភាគ
រដ្ឋាភិបាលកម្ពុជាគួរផ្លាស់ប្តូរម៉ោងចូលធ្វើការរបស់មន្ត្រីរាជការ!
×
ភ្នំពេញ៖ តាមច្បាប់របស់រដ្ឋ មន្ត្រីរាជការនៅក្នុងប្រទេសកម្ពុជាត្រូវចាប់ផ្តើមធ្វើការនៅម៉ោង៧ និងបញ្ចប់ទៅវិញនៅម៉ោង១១ និង៣០នាទីព្រឹក។ ពេលរសៀល ការងារត្រូវចាប់ផ្តើមនៅម៉ោង២ និងបញ្ចប់ទៅវិញនៅម៉ោង៥និង៣០នាទីល្ងាច។ តើរដ្ឋាភិបាលគួរផ្លាស់ប្តូរពេលវេលាចូលធ្វើការឬទេដោយសារតែបញ្ហាសង្គមនានា និងបញ្ហាចរាចរណ៍ក៏រឹតតែកកស្ទះខ្លាំងជាងមុននោះ?
អ្នកទីក្រុងភ្នំពេញចូលសម្រាន្តកាន់តែយឺត ហើយភ្ញាក់ព្រឹកឡើងកាន់តែយូរ។ ចរាចរណ៍តាមដងផ្លូវ ដែលកាន់តែលំបាកជាងមុន ធ្វើអោយមន្ត្រីរាជការចូលធ្វើការខកម៉ោង និងចេញវិញមុនម៉ោង។ និយាយបែបសាមញ្ញ មានន័យថា មន្ត្រីចូលធ្វើការយឺតម៉ោង តែចេញវិញមុនម៉ោងជានិច្ច។ នេះដោយសារតែមូលហេតុផ្សេងៗ និងដោយសារតែការកកស្ទះចរាចរណ៍នេះឯង។
តើរដ្ឋាភិបាលគួរផ្លាស់ប្តូរម៉ោងចូលធ្វើការឬទេ?
តាមច្បាប់របស់រដ្ឋ មន្ត្រីរាជការនៅក្នុងប្រទេសកម្ពុជាត្រូវចាប់ផ្តើមធ្វើការនៅម៉ោង៧ និងបញ្ចប់ទៅវិញនៅម៉ោង១១ និង៣០នាទីព្រឹក។ ពេលរសៀល ការងារត្រូវចាប់ផ្តើមនៅម៉ោង២ និងបញ្ចប់ទៅវិញនៅម៉ោង៥និង៣០នាទីល្ងាច។ បើផ្អែកលើច្បាប់ខាងលើនេះ គ្មាននរណាម្នាក់អាចគោរពបានឡើយ។ ជាក់ស្តែង គ្មានមន្ត្រីណាម្នាក់មកដល់កន្លែងធ្វើការនៅម៉ោង៧ព្រឹកនោះទេ។ ជារឿយៗ ពួកគេមកដល់កន្លែងធ្វើការនៅម៉ោង៨ព្រឹក ម៉ោង៩ព្រឹក ឬ១០ព្រឹកក៏មាន។ ភាពយឺតយ៉ាវរបស់មន្ត្រីអាចបណ្តាលមកពីមូលហេតុផ្សេងៗ ក្នុងនោះ មានការកកស្ទះចរាចរណ៍ និងបញ្ហាលេសផ្សេងៗដទៃទៀត។
ដោយសង្កេតឃើញបញ្ហាចរាចរណ៍ច្រើនតែកកស្ទះនៅពេលព្រឹក ពេលថ្ងៃ និងពេលល្ងាចស្របពេលដែលមន្ត្រីរាជការ និងសិស្សសាលាចេញព្រមពេលជាមួយគ្នានោះ អ្នកវិភាគមួយចំនួនបានអត្ថាធិប្បាយថា រដ្ឋាភិបាលគួរតែចាប់ផ្តើមពិចារណាផ្លាស់ប្តូរម៉ោងចូលធ្វើការងាររបស់រដ្ឋហើយ។ នៅក្នុងប្រទេសមួយចំនួន មន្ត្រីចូលធ្វើការនៅម៉ោង ៨ ឬ៩ព្រឹក សម្រាកមួយម៉ោង ឬមួយម៉ោងកន្លះសម្រាប់ស្រស់ស្រូបអាហារពេលថ្ងៃត្រង់ រួចហើយ ពួកគេបន្តធ្វើការរហូតដល់ម៉ោង៤ល្ងាច។
ចំពោះករណីកម្ពុជាវិញ ពេលវេលាថ្ងៃត្រង់ គេសង្កេតឃើញថា មន្ត្រីរាជការភាគច្រើន មិនសូវត្រឡប់ទៅគេហដ្ឋានវិញទេ ដោយសារតែការកកស្ទះចរាចរណ៍នោះ ដូច្នេះ កាលវិភាគថ្មីមួយសម្រាប់មន្ត្រីរាជការគួរតែត្រូវចាប់ផ្តើមកែសម្រួលនៅពេលនេះ។ សម្រាប់កាលវិភាគថ្មី មន្ត្រីរាជការគួរចាប់ធ្វើការនៅម៉ោង៨ព្រឹក បញ្ចប់ទៅវិញនៅម៉ោង១២ថ្ងៃត្រង់ហើយសម្រាក១ម៉ោងសម្រាប់អាហារថ្ងៃត្រង់ មុននឹងចាប់ផ្តើមនៅម៉ោង១រសៀល ហើយបញ្ចប់ការងារទៅវិញនៅម៉ោង៤ល្ងាច។
បើផ្អែកលើកាលវិភាគថ្មីនេះ អ្នកវិភាគនិយាយថា មន្ត្រីរាជការធ្វើការតែ៧ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះផ្ទុយពីកាលវិភាគចាស់ដែលមានរហូតដល់ទៅ៨ម៉ោង តែមន្ត្រីមកមិនគ្រប់ម៉ោង។ផលចំណេញបានមកវិញ គឺការងារអាចមានប្រសិទ្ធិភាពជាងមុន បញ្ហាកកស្ទះចរាចរណ៍អាចថយជាងមុន។ មន្ត្រីខ្លួនឯងក៏កាត់បន្ថយចំណាយដោយសារការមិនត្រឡប់ទៅគេហដ្ឋានវិញនៅពេលថ្ងៃត្រង់ដែរ។
សរុបសេចក្តីមកវិញ កាលវិភាគថ្មីនឹងអនុញ្ញាតអោយមន្ត្រីរាជការធ្វើការងារតិចជាងមុន ចំណេញចំណាយជាងមុន ការងារអាចមានប្រសិទ្ធិភាពជាងមុន ហើយសង្គមទាំងមូលអាចដោះស្រាយបញ្ហាចរាចរណ៍បានមួយចំណែកធំ៕
© រក្សាសិទ្ធិដោយ thmeythmey.com