ជាតិ
បទវិភាគ
សង្គមជាតិ
× កើតមកភ្លាម ទារកខ្មែរបៅទឹកដោះនាំចូលពីបរទេស។ ធំដឹងក្តីបន្តិច កុមារខ្មែរបរិភោគទំនិញ និងបន្លែនាំចូលពីបរទេស ហើយសូម្បីតែជី និងខ្ទឹម ក៏ខ្មែរនៅបន្តនាំចូលពីប្រទេសវៀតណាម និងថៃដែរ។ ពេញវ័យចូលសាលារៀនថ្នាក់ដំបូង «កុមារខ្មែរ»មួយចំនួនធំគួរសម ទៅរៀននៅសាលាបរទេសដែលមកបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ឬទៅរៀននៅក្រៅប្រទេស។
នៅពេលពេញវ័យ យុវជនខ្មែរប្រើប្រាស់សម្ភារស្ទើរតែទាំងអស់ដែលនាំចូលពីបរទេស ដូចជាទូរសព្ទ ខោអាវ ម៉ូតូ រថយន្ត។ល។ ក្រោយរៀបអាពាហ៍ពិពាហ៍ គូរស្វាមីខ្មែរសង់គេហដ្ឋានជាមួយនឹងគ្រឿងសំណង់ដែលនាំចូលពីបរទេសភាគច្រើនបំផុត។
រៀបការហើយ គ្រួសារខ្មែរនៅតែប្រើប្រាស់ និងបន្តប្រើប្រាស់ទំនិញ និងម្ហូបអាហារ បរទេសដដែល។ នៅពេលធ្លាក់ខ្លួនឈឺ គ្រួសារខ្មែរមួយភាគស្វែងរកគ្រូពេទ្យបរទេសដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា ឬក៏ចេញទៅក្រៅប្រទេសតែម្តង។ បើទិញថ្នាំព្យាបាលវិញ ខ្មែរមួយភាគធំទិញថ្នាំផលិតនៅបរទេសដដែល។
នៅពេលចូលដល់វ័យចំណាស់បន្តិច គ្រួសារខ្មែរអ្នកធូរធាខ្លះ នាំគ្នាធ្វើដំណើរកម្សាន្តទៅបរទេសដើម្បីលម្ហែកាយ ដើម្បីទទួលការព្យាបាលជំងឺ និងដើម្បីទិញទំនិញមានតម្លៃ។
វ័យជរាមកដល់ អ្នកចូលនិវត្តន៍ខ្មែររស់នៅក្នុងគេហដ្ឋានដែលសាងសង់ដោយសម្ភារបរទេស ភាគច្រើន។ ពួកគេនៅបន្តប្រើប្រាស់ទូរសព្ទ រថយន្ត កុំព្យួទ័រ នាំចូលពីបរទេស និងបន្តបរិភោគបន្លែ ផ្លែឈើ នាំចូលពីបរទេសដដែល មុននឹងលាចាកលោកយើងនេះ។
ដើម្បីអោយខ្មែររីកចម្រើនខ្លាំងអស្ចារ្យ ខ្មែរត្រូវខំប្រឹងប្រែងផលិតដោយខ្លួនឯង ពោលគឺមិនត្រូវរង់ចាំតែទិញពីគេនោះទេ។ ទិញរបស់គេ មានន័យថា អោយលុយទៅគេ បង្កើតការងារអោយគេ និងជំរុញសេដ្ឋកិច្ចរបស់គេ។ អ្នកទិញអស់ប្រាក់ អ្នកលក់បានលុយ៕
© រក្សាសិទ្ធិដោយ thmeythmey.com