ជាតិ
បទវិភាគ
តើពេលណាទើបស្ត្រីខ្មែរឈប់រងគ្រោះព្រោះទឹកលុយ?
× រហូតមកដល់ពេលនេះ រឿងរ៉ាវស្ត្រីខ្មែរដែលរងគ្រោះដោយការចាញ់បោកគេបន្ទាប់ពីរៀបការជាមួយបុរសបរទេសទៅនៅស្រុកគេនៅតែបន្តកើតមានឥតដាច់។ ក្រៅពីរងគ្រោះព្រោះតែស្វែងរកការងារឬក៏ព្រោះតែការជួញដូរតាមវិធីផ្សេងៗនោះ ក៏មានស្ត្រីខ្មែរវ័យក្មេងមិនតិចទេដែលចាញ់បោកគេតាមរយៈការរៀបអាពាហ៍ពិពាហ៍។ មូលហេតុធំជាងគេគឺមកពីលុយនេះឯង។ ស្ត្រីខ្មែរជាច្រើនណាស់ដែលកំពុងរងគ្រោះនៅឯបរទេស។
ដោយសារតែចង់បានលុយ ស្ត្រីវ័យក្មេងៗដែលមានអាយុចាប់ពី១៨ឆ្នាំដល់ជាង២០ឆ្នាំជាច្រើនត្រូវបានឪពុកម្តាយសុខចិត្តឲ្យរៀបការជាមួយបុរសបរទេសតាមរយៈមេខ្យល់ ជាពិសេសបុរសមកពីចិន កោះតៃវ៉ាន់ និងកូរ៉េខាងត្បូងជាដើម។ វិធីរើសកូនក្រមុំទៅរៀបការត្រូវបានគេរៀបចំធ្វើឡើងប្រៀបដូចទំនិញពោលគឺស្ត្រីវ័យក្មេងទាំងនោះត្រូវតម្រៀបជួរគ្នាដើម្បីឲ្យបុរសបរទេសទាំងនោះរើស។ បុសរខ្លះមានវ័យស្មើនឹងឪពុកឬចាស់ជាងឪពុករបស់ខ្លួនផងក៏មាន។
កាលពីប៉ុន្មានឆ្នាំមុននេះ ការប្រមូលស្ត្រីខ្មែរមកដាក់តាំងឲ្យបុរសកូរ៉េ ឬចិនតៃវ៉ាន់ជ្រើសរើសធ្វើជាប្រពន្ធ គឺជារឿងពេញនិយមនិងបើកចំហ។ ប៉ុន្តែ ក្រោយពីអាជ្ញាធរបានចាត់វិធានការមួយចំនួនបន្ទាប់ពីមានស្ត្រីខ្មែរជាច្រើនធ្លាក់ក្នុងបណ្តាញជួញដូរមនុស្សមកនោះ រឿងនេះក៏ស្ថិតក្នុងសភាពលាក់បាំងបន្តិច។ ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមមេខ្យល់នៅតែរត់ការដើម្បីរៀបចំពិធីនេះបានសម្រេចដដែលដោយមានការយល់ព្រមពីឪពុកម្តាយខ្មែរដែលប្រាថ្នាចង់បានកូនប្រសាបរទេសដោយក្តីសង្ឃឹមថា កូនប្រសានោះនឹងមានលុយចិញ្ចឹមគ្រួសាររបស់ខ្លួន។
ជាការពិត ការជ្រើសរើសគូស្រករគឺជាសេរីភាពរបស់មនុស្សគ្រប់គ្នា ហើយក៏គ្មានការហាមប្រាមមិនឲ្យជាតិសាសន៍មួយស្រឡាញ់ជាតិសាសន៍មួយទៀតនោះដែរ។ ប៉ុន្តែ ជាតិសាសន៍នីមួយៗសុទ្ធតែមានប្រពៃណី និងកិត្តិយសដែលមិនអាចបំពានបានជាពិសេសគឺស្ត្រីតែម្តង។ សង្គមខ្មែរ និងស្ត្រីខ្មែរក៏មានតម្លៃជាប្រពៃណី និងកិត្តិយសរបស់ខ្លួនដែរ។ ទោះបីជា បុរសខ្មែរត្រូវចូលស្តីដណ្តឹង និងជូនបណ្ណាការទៅឲ្យភាគីខាងស្រី ប៉ុន្តែ ទង្វើនេះត្រូវបានគេផ្តល់អត្ថន័យជាកិត្តិយស គឺមិនមែនជាការទិញដូរឡើយ។ ម្យ៉ាងទៀត បច្ចុប្បន្ន ក៏គ្មានបុរសខ្មែរណាមានសិទ្ធិឲ្យគេប្រមូលផ្តុំស្ត្រីមកឲ្យខ្លួនរើសធ្វើប្រពន្ធនោះដែរ។
ដូច្នេះ វាពិតជារឿងគួរឲ្យហួសចិត្តខ្លាំងណាស់ដែលសម័យនេះទៅហើយនៅតែមានបុរសបរទេសអាចមកប្រមូលស្ត្រីខ្មែរដើម្បីរើសធ្វើប្រពន្ធដូចជារើសមុខទំនិញបែបនេះ ហើយទង្វើដែលប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសស្ត្រីខ្មែរ និងកិត្តិយសជាតិទាំងមូលនេះ បែរជាត្រូវបានអនុញ្ញាតក្រោមហេតុផលថាជាសិទ្ធិជ្រើសរើសកូស្រករទៅវិញនោះ។
មានមូលហេតុច្រើនយ៉ាងដែលធ្វើឲ្យស្ត្រីខ្មែរជាច្រើនធ្លាក់ក្នុងសភាពបែបនេះ៖
មូលហេតុទី១ គឺភាពក្រីក្រដែលជំរុញឲ្យគ្រួសារខ្មែរជាច្រើនបង្ខំចិត្តធ្វើអ្វីដែលអាចធ្វើបានដើម្បីតែលុយដោយពេលខ្លះលែងគិតពីភាពថ្លៃថ្នូរ និងលែងបែងចែកខុសនិងត្រូវ។ អ្នកខ្លះធ្វើចំណាកស្រុកដោយប្រថុយប្រថានដើម្បីស្វែងរកការងារ រីឯអ្នកខ្លះទៀតសុខចិត្តឲ្យកូនក្រមុំដែលទើបធំដឹងក្តីមិនទាន់បានស្គាល់សង្គមអ្វីសោះនោះរៀបការជាមួយជនជាតិគេហើយទៅរស់នៅស្រុកគេជាថ្នូរនឹងលុយកាក់បន្តិចបន្តួច។
មូលហេតុទី២ គឺផ្នត់គំនិតរបស់ពលរដ្ឋខ្មែរដែលតែងផ្តល់តម្លៃហួសហេតុដល់អ្វីដែលជាបរទេស មិនថាជាមនុស្សឬវត្ថុនោះឡើយ។ នេះមកពីសង្គមខ្មែរបានឆ្លងកាត់សង្គ្រាមវិនាសកម្មច្រើនពេកដែលធ្វើឲ្យពលរដ្ឋខ្មែរជាច្រើនបាត់បង់មោទនភាពជាតិរបស់ខ្លួន ហើយបែរទៅផ្តល់តម្លៃខ្លាំងដល់បរទេស។
មូលហេតុទី៣ គឺភាពខ្វះចន្លោះរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារកិត្តិយសស្ត្រី និងតម្លៃសង្គមរបស់ខ្លួន។ ភាពខ្វះចន្លោះទោះជាមកពីអសមត្ថភាពឬក៏ការឃុបឃិតដើម្បីផលប្រយោជន៍ក្តី គឺជាបុព្វហេតុនាំឲ្យស្ត្រីខ្មែរជាច្រើនធ្លាក់ខ្លួនជាទាសករផ្លូវភេទ ឬជាអ្នកបម្រើដាច់ថ្លៃដែលរងការបំពានយ៉ាងធ្ងន់ធ្ងរនៅឯបរទេស។
មូលហេតុទី៤ គឺការធ្លាក់ចុះសីលធម៌សង្គម។ បច្ចុប្បន្ន តម្លៃទឹកប្រាក់និងសម្ភារៈនិយមដែលកំពុងតែយកឈ្នះកាន់តែខ្លាំងឡើងៗទៅលើតម្លៃខាងសីលធម៌ក៏ជាចំណែកយ៉ាងសំខាន់ក្នុងការរុញច្រានស្ត្រីខ្មែរជាច្រើនឲ្យធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់នេះ។
ដូច្នេះ ខ្មែរគួរតែរួមគ្នាដើម្បីដោះស្រាយបញ្ហានេះជាចាំបាច់។ ជាបឋម អាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពដើម្បីការពារពលរដ្ឋរបស់ខ្លួនឲ្យបាន។ បន្ទាប់មកទៀត ឪពុកម្តាយឬអាណាព្យាបាលទាំងឡាយគួរចាត់ទុកកូនស្រីឲ្យធំជាងលុយដោយមិនគួរប្រថុយឲ្យកូនរៀបការជាមួយជនបរទេសដោយប្រថុយប្រថានព្រោះតែចង់បានប្រាក់នោះឡើយ។ សូមកុំភ្លេចថាទង្វើនេះស្មើនឹងការលក់កូនស្រីដូច្នោះដែរ។
ចំណែករដ្ឋាភិបាលវិញត្រូវកសាងមោទនភាពជាតិឲ្យពលរដ្ឋរបស់ខ្លួនឡើងវិញតាមរយៈការប្រែក្លាយសន្តិភាពនិងការអភិវឌ្ឍប្រទេសឲ្យទៅជាប្រយោជន៍របស់ពលរដ្ឋគ្រប់គ្នាដោយសមធម៌។ នៅពេលដែលពលរដ្ឋខ្មែរគ្រប់រូបមានជីវភាពធូរធា និងមានសន្តិភាពទាំងផ្លូវការ និងផ្លូវចិត្ត មោទនភាពជាតិនឹងកើតមានជាស្វ័យប្រវត្តិ។ ពេលនោះគ្រួសារខ្មែរច្បាស់ជានឹងលែងចង់បានប្រាក់រហូតដល់បញ្ជូនកូនក្រមុំឲ្យទៅឈរតម្រៀបជួរគ្នាដើម្បីឲ្យបរទេសរើសធ្វើប្រពន្ធទៀតឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com